ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងភាពមិនច្បាស់លាស់ចំពោះមុខ អ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុបានព្រមាន ពីហានិភ័យបន្ថែមទៀតក្នុងវិស័យនេះ។
អ្នកឧកញ៉ាលាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group បានលើកឡើងកាលពីសប្តាហ៍មុន ក្នុងវេទិការៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ការសាងសង់គម្រោងវិនិយោគ នៅក្នុងវិស័យសំណង់ កំពុងលើសពីតម្រូវការ ដោយសារការថមថយចុះប្រាក់ចំណូល របស់ប្រជាជនដែលបង្កឡើងពីការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងសកល ពិសេសបញ្ហាភូមិសាស្ត្រនយោបាយ និងការអូសបន្លាយពេលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
-->

អ្នកឧកញ៉ាលាង ម៉េងបានពន្យល់ថា ភាគច្រើនអ្នកវិនិយោគនៅក្នុងស្រុក ផ្តោតលើការវិនិយោគវិស័យសំណង់ច្រើន ដែលធ្វើឱ្យបរិមាណលើសតម្រូវការ ដោយសារតែមានផលចំណេញ ងាយស្រួល ខណៈសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា។
លោកក៏បានកត់សំគាល់ផងដែរថា ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទិញច្រើនដោយសម្លឹងឃើញថា វាជាឱកាសទទួលបានប្រាក់ចំណេញខ្ពស់ ដោយពុំមែនទិញរស់នៅឡើយ ដូច្នេះនៅពេលពួកគាត់មានបញ្ហាលំហូរសាច់ប្រាក់បង្វិល ធ្វើឱ្យមានបញ្ហាក្នុងវិស័យនេះ។
លោកបន្តថា “សម្រាប់ខ្ញុំអ្នកវិនិយោគធំ នៅក្នុងវិស័យអចលនទ្រព្យមួយដែរ គម្រោងដែលខ្ញុំកំពុងធ្វើទាំងអស់មានប្រហែល៦ បើសួរថាខ្ញុំនៅលក់បានឬទេ? គឺនៅលក់បានគ្រាន់តែចំនួនថយជាងមុន”។ លោកបន្ថែមថា “ថយជាងមុន ប៉ុន្តែអ្នកដែលទិញគម្រោងរបស់ខ្ញុំ គឺអ្នកទិញសម្រាប់រស់នៅ មិនមែនទិញដើម្បីប្រាក់ចំណេញទេ”។
តើលោកប្រមើលមើលពីអនាគតយ៉ាងដូចម្តេចចំពោះវិស័យនេះ? អ្នកឧកញ៉ាលាង ម៉េងបានបញ្ជាក់ថា “ចំពោះខ្ញុំ ខ្ញុំឃើញថា សម្រាប់ឆ្នាំក្រោយយើងនៅរាងពិបាកបន្តិច ដោយសារពេលនេះយើងបានការបញ្ជាទិញពីមុនមក ដល់ទៅមុខទៅអាចធ្លាក់បន្តិច”។លោកបន្ថែមថា “ប៉ុន្តែខ្ញុំសង្ឃឹមថា យើងមានរាជរដ្ឋាភិបាលថ្មី ដែលគាត់បានយល់បញ្ហាច្បាស់ គាត់នឹងមានវិធីសាស្ត្រ ដើម្បីជួយជំរុញឱ្យវិស័យនេះប្រសើរឡើងវិញ”។
លោកបន្ថែមទៀតថា “ខ្ញុំមើលឃើញថា ក្នុងឆ្នាំ ២០២៤ ដើមឆ្នាំមិនទាន់សូវល្អ ប៉ុន្តែសម្រាប់ខែ១០ អីប្រហែលជាល្អ”។
ចំណែកលោក ហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ឧស្សាហកម្មសំណង់មានការរីកចម្រើន គួរឱ្យកត់សម្គាល់ចន្លោះឆ្នាំ ២០០៨-២០១៩ ដែលបង្ហាញឱ្យឃើញពីការលេចឡើងចំនួនអគារតូច និងធំជាច្រើន ជាពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោកបន្តថា ទោះយ៉ាងណា បន្ទាប់ពីរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់មួយចំនួនទាក់ទង នឹងការលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត និងការមកដល់ជំងឺកូវីដ១៩ វិស័យសំណង់នៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ពិសេសផ្នែកនៃអគារធំៗ ដែលគ្រប់គ្រងដោយវិនិយោគិនបរទេស។ លោកបន្តថា គម្រោងដែលកំពុងដំណើរការស្ទើរតែទាំងអស់ គឺជាអាផាតម៉ុនឬបុរី។

លោកបានបន្តថា “ការបន្តកើតមានវិបត្តិសេដ្ឋកិច្ចជាប់ៗគ្នា ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ បានធ្វើឱ្យវិស័យសំណង់កម្ពុជាស្ថិតក្នុងស្ថានភាពមួយ ដែលមិនធ្លាប់ជួបជាមួយ នឹងការអភិវឌ្ឍភាគច្រើនឥឡូវនេះ គឺជាអគារកម្ពស់ទាប ដែលគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក”។
ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ ដោយព្រមានពីហានិភ័យក្នុងវិស័យនេះ ដែលត្រូវពិនិត្យដោយប្រុងប្រយ័ត្ន លើវិស័យអចលនទ្រព្យ។
លោកស្រីកំណត់ថា “វិស័យនេះ ជាប្រភពនៃហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ ហើយបានគូសបញ្ជាក់ពីការធ្លាក់ចុះ នៃតម្រូវការអចលនទ្រព្យ បន្ទាប់ពីការកើនឡើងរយៈពេល១ទសវត្សរ៍”។លោកស្រីបន្ថែមថា “ការរក្សាស្ថិរភាពហិរញ្ញវត្ថុ គឺជាកិច្ចការអន្តរវិស័យ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដោយសារប្រព័ន្ធហិរញ្ញវត្ថុ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចរូបវន្ត”។

យោងតាមក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា គិតពីខែមករា ដល់ឧសភា ឆ្នាំ ២០២៣ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន១៤៦៣ លើក្រឡាផ្ទៃជាង៥លានម៉ែត្រការ៉េ ជាមួយនឹងដើមទុនចុះបញ្ជី សរុប២,២៧ពាន់លានដុល្លារ។
ក្រសួងបានបង្ហាញថា មានតែ៤១គម្រោង (២,៨០ភាគរយ) ប៉ុណ្ណោះ ដែលគ្រប់គ្រងដោយជនបរទេស ជាពិសេសវិនិយោគិនចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយមានទឹកប្រាក់នៃការវិនិយោគជិត៦០០ លានដុល្លារ (ប្រហែល ១/៤) នៃដើមទុនដែលបានចុះបញ្ជីសរុប៕