សម្តេចតេជោៈរាជរដ្ឋាភិបាលថ្មីនឹងបន្តប្រកាន់យកអភិក្រមចំនួន៥ដើម្បីធានាដល់ការអភិវឌ្ឍជាតិ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកការធានាដែលជាអភិក្រមទាំង៥ចំណុច ជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោត ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “ខ្ញុំគិតថាមន្ត្រីរាជរដ្ឋាភិបាលថ្មី ពួកគេនឹងបន្តអភិក្រមនេះ នេះតាមការយល់ដឹងរបស់ខ្ញុំ ព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង”។ សម្តេចបន្តថា “ផ្ទៃក្នុងគណបក្សប្រជាជន ក៏មានការស្រុះស្រួលអំពីការងារនេះ ហើយលើការងារជាក់ស្តែងយើងបានពិនិត្យ និងបានធ្វើគ្រាន់តែយើងមិនបានសរសេរចេញជាទ្រឹស្តីតែប៉ុណ្ណោះអញ្ចឹង ឆ្លុះកញ្ចក់ មួជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ជាអភិក្រមដែលចាំបាច់ត្រូវតែធ្វើ ទោះបីជាមិនដាក់ជាទ្រឹស្តី ក៏ត្រូវតែធ្វើដែរ”

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មន្ត្រីគណបក្សប្រជាជន នឹងមិនឈរនៅមួយកន្លែងនោះទេ នឹងអាចរកឃើញនៅរបៀបដោះស្រាយបញ្ហាបន្ថែមទៀត តាមរយៈការជំរុញអនុវត្តន៍នូវអភិក្រមទាំង ៥នេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយសម្តេចនៅតែបន្ត ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងបន្តឱ្យគ្រប់ផ្នែកទាំងអស់ ដែលជាមន្ត្រីគណបក្សប្រជាជន បន្តអនុវត្តន៍អភិក្រមទាំង ៥នេះ។

សម្តេចតេជោបន្ថែមថា បើសិនយើងបោះបង់ចោលអភិក្រមទាំង៥ មាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ នេះ មានន័យថា យើងនឹងមិនបានដឹងពីចំណុចខ្សោយរបស់យើង នៅកន្លែងណានោះទេ ហើយការចោលអភិក្រមនេះស្មើនឹងការបរជ័យ ស្មើនឹងធ្វើឱ្យគណបក្សនយោបាយមួយរលំរលាយទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា “សម្រាប់រាជរដ្ឋាភិបាលថ្មី យកឫមិនយកនូវអភិក្រមទាំង៥នេះ សម្តេចមិនដឹងនោះទេ ប៉ុន្តែសម្តេចសូមអំពាវនា វឱ្យសមាជិកគណបក្សទាំងអស់ ត្រូវប្រើប្រាស់អភិក្រមនេះ ដោយជៀសវាងមិនបាន ដោយធ្វើទាំងសម្រាប់ខ្លួនឯងផង និងតាមស្ថាប័នផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here