ទីក្រុងកែបស្ថិតក្នុងចំណោមទីក្រុងទាំង៧ ក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា

0

ដោយៈ ហ្វីអូណា

ខេត្តកែបៈ ក្នុងកិច្ចប្រជុំពិភាក្សាមួយ ដែលធ្វើឡើងនៅខេត្តកែប ក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមទីក្រុង ប្រកបដោយចីរភាពនៅកម្ពុជាលើទីក្រុងចំនួន៧។

ទីក្រុងចំនួន៧នោះរួមមាន ក្រុងបាត់តំបង កំពត ក្រុងខេមរភូមិន្ទ ប៉ោយប៉ែត ព្រះសីហនុ សៀមរាប និងកែប។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ។

លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន រៀបចំដែនដី​ និងនគរូបនីយកម្ម មានប្រសាសន៍ថា នេះជាកិច្ចប្រជុំដំបូង ជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងរួម គឺការបង្កើតភាពធននឹងអាកាសធាតុ នៃទីក្រុងកម្ពុជា ដែលវិសាលភាពគម្រោង ផ្តោតទៅលើទីក្រុងចំនួន៧គឺ ក្រុងបាត់តំបង កំពត កែប ក្រុងខេមរភូមិន្ទ ប៉ោយប៉ែត ព្រះសីហនុ និងសៀមរាប ដើម្បីឱ្យក្រុមការងារទទួលបានទិន្នន័យច្បាស់លាស់ ក្នុងការរៀបចំគម្រោង​ និងដាក់ជូនថ្នាក់ដឹកនាំ។

លោកបញ្ជាក់ថា “ការអនុវត្តគម្រោងគំនិតផ្តួចផ្តើម ទីក្រុងប្រកប​ដោយចីរភាពនៅកម្ពុជា នេះគឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជានិយាយជារួម ក៏ដូចជាខេត្តកែបនិយាយដោយឡែក ក៏នឹងអាចទទួលផលជាច្រើនជាមួយគម្រោងនេះ ក្នុងការអភិវឌ្ឍន៍ខេត្ត ដែលអាចធនទៅនឹងការប្រែប្រួលអាសធាតុ ដែលពិភពលោកកំពុងយកចិត្តទុកដាក់”។

លើកឡើងក្នុងឱកាសនោះលោក អឹម បញ្ញារិទ្ធ អភិបាលរងខេត្តកែប បានថ្លែងអំណរគុណ ចំពោះប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋាន រៀបចំដែនដី និងនគរូបនីយកម្ម ចំពោះការចុះសិក្សាស្រាវជា្រវ អំពីសក្តានុពល ក៏ដូចជាដូចជាបញ្ហាប្រឈមនានា ក្នុងការផ្តួចផ្តើមអភិ​វ ឌ្ឍន៍ខេត្តកែប ជាទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា។

លោកបន្តថា ខេត្តកែបជាខេត្តដែលមានសក្តានុពលទេសចរណ៍សំបូរបែប ទាំងនៅលើគោក កោះ និងក្នុងបាតសមុទ្រ។ កន្លងមកខេត្តកែប បានធ្វើការអភិវឌ្ឍកែលំអរ ហេដ្ឋារចនាសម្ពន្ធជាបន្តបន្ទាប់ រហូតទទួលបាន ជ័យលាភីជាទីក្រុង ដែលមាននិរន្តភាពបរិស្ថាន ជ័យលាភីទីក្រុងស្អាតអាស៊ាន និងទីក្រុងស្អាត ផ្ការំដួលបីទង់ជាដើម និងកំពុងត្រៀមខ្លួន ជាបេក្ខភាពប្រកួតប្រជែងទីក្រុងឈានមុខ អាស៊ានទៀតផង ក្រៅពីនេះ ខេត្តកែប ត្រូវបានរាជរដ្ឋាភិបាល កំណត់ចក្ខុវិស័យ ក្នុងការអភិវឌ្ឍ ប្រែក្លាយជាខេត្តទេសចរណ៍ ប្រណិតកំរិតខ្ពស់នាពេលអនាគត។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដាក់ចូលក្នុងកិច្ចប្រជុំ ដើម្បីសិក្សាដោះស្រាយដូចជា តំបន់ទំនាបដែលងាយរងការជនលិចទឹក ទីតាំងសំណង់មិនរៀបរយ បញ្ហាប្រឈម និងការលំបាករបស់បងប្អូនប្រជានេសាទ ដែលរស់នៅតាមបណ្តាកោះជាដើម។

យ៉ាងណា លោក​ បេងហុង សុជាតិ ខេមរ៉ូ ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការសម្រួល និងអនុញ្ញាតដល់ក្រុមការងារ ចុះទៅពិនិត្យទីតាំង សំខាន់ៗដោយផ្ទាល់ដូចជា​ ទីតាំងដែលមានបញ្ហាប្រឈម ទឹកលិច, កន្លែងដែលមានការអភិវឌ្ឍ តែពុំមានរចនាសម្ពន្ធគ្រប់គ្រាន់កន្លែងដែលមានសក្តានុពល ប៉ុន្តែពុំទាន់មានការអភិវឌ្ឍ និងកន្លែងងាយរងគ្រោះ ពីការបម្រែបម្រួលអាកាសធាតុជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here