ដោយៈ តែម សុខុម
ប្រទេសចិន: ប្រទេសចិន បានក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចពិភពលោកជាយូរមកហើយ។
ទោះជាយ៉ាងណា ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការដាំក្បាលចុះនៃសេដ្ឋកិច្ច របស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ជាសញ្ញាព្រមានដល់ក្រុមមេដឹកនាំ ទូទាំងពិភពលោក ហើយបណ្ដាវិនិយោគិន ក៏លែងពឹងផ្អែកលើសេដ្ឋកិច្ចចិន។
ជាការពិតណាស់ នេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលសេដ្ឋកិច្ចរបស់មហាយក្សចិន ជួបវិបត្តិបែបនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា។
សន្ទស្សន៍ផ្សារហ៊ុនក្រុងហុងកុង Hang Seng បានធ្លាក់ចុះកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយបានធ្លាក់ចុះជាង២០% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងខែមករា។ កាលពីសប្តាហ៍មុន ប្រាក់យ័ន របស់ចិន បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំមកនេះ ដោយជំរុញឱ្យធនាគារកណ្តាលចិន ចាត់វិធានការធំបំផុតរបស់ខ្លួន នៅក្នុងការការពារប្រាក់យ័ន តាមរយៈការកំណត់អត្រាខ្ពស់ជាងតម្លៃទីផ្សារធម្មតាឆ្ងាយទល់នឹងប្រាក់ដុល្លារ។
បញ្ហាគឺស្ថិតនៅត្រង់ថា បន្ទាប់ពីសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមកម្រើកឡើងវិញយ៉ាងឆាប់រហ័ស នៅដើមឆ្នាំ២០២៣ ក្រោយប្រទេសចិន បញ្ចប់ការបិទខ្ទប់កូវីដ-១៩ កំណើនកំពុងបាត់បង់សន្ទុះ។
តម្លៃទំនិញប្រើប្រាស់កំពុងធ្លាក់ចុះ វិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរទៅៗ ហើយការនាំចេញក៏កំពុងដាំក្បាលចុះ។ ភាពគ្មានការងារធ្វើក្នុងចំណោមយុវជនចិន គឺមានចំនួនច្រើនខ្លាំងរហូតដល់រដ្ឋាភិបាលចិន ឈប់បញ្ចេញទិន្នន័យពិតជាក់ស្ដែង។
ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលក្រុមហ៊ុនសាងសង់ផ្ទះមួយ និងក្រុមហ៊ុនវិនិយោគដ៏លេចធ្លោមួយទៀត បានខកខានទូទាត់ជូនវិនិយោគិនរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយធ្វើឱ្យមានការភ័យខ្លាចជាថ្មីថា ការធ្លាក់ចុះកាន់ដុនដាបទៅៗ នៃទីផ្សារលំនៅឋានដែលកំពុងបន្តកើតមាន បានបង្កហានិភ័យខ្ពស់ដល់ស្ថិរភាពហិរញ្ញវត្ថុ។
កង្វះវិធានការដោះស្រាយ ដើម្បីជំរុញតម្រូវការក្នុងស្រុក និងការភ័យខ្លាច ចំពោះការរាលដាលនៃវិបត្តិ បានបណ្ដាឱ្យធ្លាក់ចុះនូវកំណើនជុំថ្មី ដោយធនាគារវិនិយោគធំៗ មួយចំនួនបានបន្ទាបការព្យាកររបស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន មកនៅខាងក្រោម៥%។
*តើកត្តាចម្បងអ្វីខ្លះដែលធ្វើឱ្យសេដ្ឋកិច្ចរបស់មហាយក្សចិន ដាំក្បាលចុះខ្លាំងបែបនេះ?
យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា ឱ្យដឹងថា មានកត្តាចម្បងចំនួន៣ ដែលបានរុញច្រានឱ្យសេដ្ឋកិច្ចរបស់មហាយក្សចិន ធ្លាក់ចូលក្នុងវិបត្តិ ហើយកត្តាទាំងនោះរួមមានដូខាងក្រោម៖
ទី១ វិបត្តិអចលនទ្រព្យ
សេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ក្នុងស្ថានភាពលំបាកចាប់តាំងពីខែមេសា នៅពេលកំណើនខ្លាំងកាលពីដើមឆ្នាំ បានបាត់បង់សន្ទុះ។ ប៉ុន្តែក្តីកង្វល់នានាបានផ្ទុះ កាន់តែខ្លាំងឡើងក្នុងខែនេះ បន្ទាប់ពីការខកខានទូទាត់បំណុល ពីសំណាក់ក្រុមហ៊ុន Country Garden ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ ដ៏ធំបំផុតរបស់ប្រទេសចិន បើគិតទំហំលក់អចលនទ្រព្យ និងក្រុមហ៊ុនZhongrong Trust ដែលជាក្រុមហ៊ុនបរធនបាល (Trust Company) ដ៏កំពូលរបស់ប្រទេសចិន។
សេចក្ដីរាយការណ៍ដែលលើកឡើងថា ក្រុមហ៊ុន Country Garden បានខកខានទូទាត់ការប្រាក់ លើមូលបត្របំណុលជាដុល្លារអាមេរិកចំនួនពីររបស់ខ្លួន បានធ្វើឱ្យវិនិយោគិនភ្ញាក់ផ្អើល និងនឹកឃើញដល់វិបត្តិក្រុមហ៊ុនEvergrande ដែលបានខកខានទូទាត់បំណុលក្នុងឆ្នាំ២០២១ ដែលជាការចាប់ផ្ដើម នៃវិបត្តិអចលនទ្រព្យក្នុងប្រទេសចិន។
ខណៈ China Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ចិន និងជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោក ជាមួយនឹងបំណុល៣៥០ពាន់លានដុល្លារអាមេរិក កំពុងស្ថិតក្រោមដំណើរការរៀបចំ បំណុលឡើងវិញនៅឡើយ បញ្ហានៅក្រុមហ៊ុនCountry Garden បានបង្កការព្រួយបារម្ភថ្មីៗចំពោះសេដ្ឋកិច្ចចិន។
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវវិធានការគាំទ្រជាច្រើនដើម្បីស្តារទីផ្សារអចលនទ្រព្យឡើងវិញ។ ប៉ុន្តែពេលនេះ សូម្បីក្រុមហ៊ុនធំៗ ក៏កំពុងឈានទៅរកការខកខានទូទាត់ បំណុលជាបណ្ដើរៗដែរ ហើយនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលក្រុងប៉េកាំង ប្រឈមមុខដើម្បីទប់ទល់នឹងវិបត្តិនេះ។
ក្នុងពេលជាមួយគ្នានេះ ការខកខានទូទាត់បំណុលពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ហាក់បានរីករាលដាលដល់ឧស្សាហកម្មទំនុកបរធនបាលវិនិយោគ (Investment Trust) របស់ប្រទេសចិន ដែលមានទំហំរហូតដល់ទៅ២,៩ទ្រីលានដុល្លារអាមេរិក។
ក្រុមហ៊ុន Zhongrong Trust ដែលគ្រប់គ្រងមូលនិធិចំនួន៨៧ពាន់លានដុល្លារអាមេរិក សម្រាប់អតិថិជនជាសាជីវកម្ម និងបុគ្គលអ្នកមានស្តុកស្ដម្ភ បានខកខានទូទាត់ថ្លៃ ផលិតផលវិនិយោគទៅឱ្យក្រុមហ៊ុនយ៉ាងតិចចំនួន៤ ដែលមានតម្លៃប្រមាណ១៩លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនកាលពីដើមខែនេះ។
ទី២ បំណុលរបស់រដ្ឋបាលមូលដ្ឋាន
កង្វល់ដ៏ធំមួយទៀតគឺ បំណុលរបស់រដ្ឋបាលមូលដ្ឋាន ដែលបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំង នូវប្រាក់ចំណូលពីការលក់ដីធ្លី ដោយសារអចលនទ្រព្យដាំក្បាលចុះ ក៏ដូចជាផលប៉ះពាល់យូរអង្វែងនៃការបិទខ្ទប់កូវីដ-១៩។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា បំណុលរបស់រដ្ឋបាលមូលដ្ឋាន (LGFV) សរុបនៃប្រទេសចិន បានហក់ឡើងខ្ពស់រហូតដល់៩ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។
ទី៣ ការធ្លាក់ចុះចំនួនប្រជាជន
លើសពីនេះ ប្រទេសចិន ប្រឈមមុខនឹងបញ្ហាប្រឈមរយៈពេលវែងមួយចំនួនទៀត ដូចជា វិបត្តិចំនួនប្រជាជន និងទំនាក់ទំនងកាន់តែតានតឹង ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ជាដើម។
អត្រានៃការមានកូនសរុបក្នុងប្រទេសចិន ជាចំនួនមធ្យមនៃកូនដែលស្ត្រីម្នាក់ មាននៅក្នុងមួយជីវិតរបស់នាង បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ១,០៩កំណើតទារកកាលពីឆ្នាំមុន បើធៀបនឹង១,៣០កំណើតទារកកាលពីពីរឆ្នាំមុន។ នេះបើយោងតាមគេហទំព័រដែលគ្រប់គ្រងដោយរដ្ឋចិន Jiemian.com បានចុះផ្សាយកាលពីពេលថ្មីៗនេះ។
ទិន្នន័យនេះមានន័យថា អត្រានៃការមានកូនរបស់ប្រទេសចិន ពេលនេះ គឺទាបជាងអត្រាមានកូននៅប្រទេសជប៉ុនទៅទៀត ខណៈជប៉ុន ល្បីល្បាញជាយូរមកហើយថា ជាសង្គមដែលសម្បូរដោយមនុស្សចាស់។
កាលពីដើមឆ្នាំនេះ ប្រទេសចិន បានចេញផ្សាយទិន្នន័យដែលបង្ហាញថា ចំនួនប្រជាជនរបស់ខ្លួន បានចាប់ផ្តើមធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូង ក្នុងរយៈពេល៦ទសវត្សរ៍មកនេះ៕ CNN/South China Morning Post៕