Hattha top Banner

តើយុទ្ឋសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មីផ្តោត លើវិស័យឯកជនអ្វីខ្លះ?

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ យុទ្ធសាស្ត្របញ្ចកោណទី៣ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត បានបង្ហាញពីការយកចិត្ត​ទុក​ដាក់ ​លើ​ការ​​អភិវឌ្ឍវិស័យឯកជន និងការងារ។

ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណនេះ រាជ​រដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន
ទី
ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការជំរុញការអភិវឌ្ឍ​ទីផ្សារ​​​ការងារ តាមរយៈការបង្កើត ការរក្សា និងការបង្កើនការងារដល់កម្មករ-និយោជិត ទាំង​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅបង្កើនប្រាក់ចំណូ​លទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជន។

ទី២ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីសហគ្រិនភាព និងការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តជំរុញការអភិវឌ្ឍ បរិយា​កាស​​អំណោ​យផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់ ធន់​នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ព្រម​ទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី៣ ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និងវិស័យឯកជន ដែលមានគោលដៅយុ​ទ្ធ​សា​ស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះ​បាន និង​មានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន និងការបន្តពង្រឹងការគ្រប់​គ្រង​ហានិ​ភ័យ​ នៃ​កាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោម​យន្ត​ការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ទី៤ ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តជំរុញការ​ប្រកួត​ប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាស ធ្វើធុរកិច្ចដោយស្មើភាព គ្មានការ​រើស​អើង តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅ​រួម​ចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មីៗ និងការបង្កើនផលិតភាព និងប្រសិទ្ធ​ភាព​សេដ្ឋកិច្ចកម្ពុជា។

ទី៥  ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធ​សាស្ត្រ​ ផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ឱ្យកាន់តែ​មាន​ស័ក្តិសិទ្ធភាព ភាពធន់នឹងវិបត្តិ បរិយាប័ន្ន ពិពិធភាព និងភាពទំនើប តាមរយៈការបន្ត​អភិវឌ្ឍ​ក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្ម​ហិរញ្ញ​វត្ថុ និងលើកស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here