Hattha top Banner

តើសិង្ហបុរីអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ដូចការរំពឹងទុកដែរឬទេ?

0

ដោយ: គង់ លាងហួរ

សិង្ហបុរី: ការជៀសផុតវិបត្តិសេដ្ឋកិច្ច និងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ជាវិជ្ជមាននៅឆ្នាំនេះ គឺជាក្តីសង្ឃឹមចំនួន២ ដែលលោកនាយករដ្ឋមន្ត្រី Lee Hsien Loong មានសម្រាប់សេដ្ឋកិច្ចសិង្ហបុរី។

លោកបន្តថា មនុស្សមួយចំនួនប្រហែលជាគិតថា ក្តីសង្ឃឹមទាំងនេះ អាចត្រឹមជាសុបិន ស្របពេលដែលមានបញ្ហាប្រឈមជាច្រើន  ភាពតានតឹងភូមិសាស្ត្រនយោបាយ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភ​ព​លោកដ៏ច្របូកច្របល់ និងអតិផរណា ប៉ុន្តែខ្ញុំគិតថា ពួកគេនៅតែអាចសម្រេចបាន។

នៅពេលក្រឡេកមើលដំបូង ទស្សនវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ច ចុងក្រោយបង្អស់របស់សិង្ហបុរី មើលទៅអាក្រក់ជាងកន្លះឆ្នាំមុន នៅពេលដែលមានការរំពឹងទុកខ្ពស់ ចំពោះការបើកទ្វារឡើងវិញរបស់ប្រទេសចិន។

កាលពីដើមខែនេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) បានបន្ទាបការព្យាករកំណើន GDP ឆ្នាំ២០២៣ របស់សិង្ហបុរីមកត្រឹម០,៥ ទៅ១,៥ភាគរយ ពី០,៥ ទៅ២,៥ភាគរយ បន្ទាប់ពីកំណើនសេដ្ឋកិច្ចនៅត្រីមាសទីពីរ មានកម្រិតទាបជាងការរំពឹងទុក។

MTI ព្យាករថា កំណើនសេដ្ឋកិច្ចនឹងនៅតែខ្សោយ សម្រាប់រយៈពេលដែលនៅសេសសល់ ក្នុងឆ្នាំ២០២៣នេះ។ ចំណុចខ្សោយ រួមមាន ដូចជា បញ្ហាក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ស្របពេលលក្ខខណ្ឌហិរញ្ញវត្ថុតឹងរ៉ឹង និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពិភពលោក​។  ប៉ុន្តែក៏នៅមានហេតុផលសម្រាប់សុទិដ្ឋិនិយមផងដែរ។

ជាក់ស្តែង ប្រទេសសិង្ហបុរីបានគេចផុតពីវិបត្តិសេដ្ឋកិច្ច ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ហើយតាមពិត ប្រទេសនេះមានចំណុចភ្លឺមួយចំនួននៅក្នុងសេដ្ឋកិច្ច ដូចជា វិស័យដែលទាក់ទងនឹងទេសចរណ៍ រួមទាំងអាកាសចរណ៍ និងកន្លែងស្នាក់នៅ បានដំណើរការរឹងមាំ ជាមួយនឹងការកើនឡើង នៃការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិ។

ការស្ទុះងើបឡើងវិញជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍ក្នុងស្រុក រួមជាមួយនឹងលក្ខខណ្ឌទីផ្សារការងារ ដែលមានភាពធន់ អាចនឹងលើកស្ទួយវិស័យ ដែលប្រឈមមុខ នឹងអ្នកប្រើប្រាស់ដូចជាការលក់រាយ អាហារ និងភេសជ្ជៈ។

លើសពីនេះ វិស័យដឹកជញ្ជូន និងស្តុកទុកបានស្គាល់នូវកំណើនពី០,៩ភាគរយក្នុងត្រីមាសទី១ បើធៀបឆ្នាំមុន ដល់៤,៦ភាគរយ ក្នុងត្រីមាសទី២ ជាមួយនឹងការងើបឡើងវិញ នៃការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមកុងតឺន័រ និងការដឹកជញ្ជូនទំនិញតាមសមុទ្រសរុប។

យោងតាមការស្ទង់មតិ លើការរំពឹងទុករបស់ធុរកិច្ចនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏បង្ហាញផងដែរថា ក្រុមហ៊ុននានាគិតថា ស្ថានភាពអាក្រក់បំផុតអាចនឹងបញ្ចប់ហើយ។ ហើយនឹងមានភាពប្រសើរឡើងតិចតួច នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចសម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំនេះ។

ទោះបីជាមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្ននេះក្តី ប៉ុន្តែការកើនឡើងនៃតម្លៃរស់នៅ នៅតែជាកង្វល់សម្រាប់មនុស្សជាច្រើន។

ចំពោះបញ្ហានេះ លោក Lee បានបញ្ជាក់ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ សិក្សាកែលម្អចំពោះកញ្ចប់ធានា ដែលត្រូវបានប្រកាសជាលើកដំបូង នៅក្នុងថវិកាជាតិឆ្នាំ២០២០ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធលើទំនិញ និងសេវាកម្ម (GST) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here