ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា ទីផ្សារដីធ្លីសម្រាប់វិស័យកសិកម្ម និងឧស្សាហកម្មចាប់ផ្តើមមានសញ្ញាទិញ លក់ច្រើនជាងមុន។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៣១ សីហាថា អ្វីដែលយើងសង្កេតឃើញបច្ចុប្បន្ន គឺមានសកម្មភាព និងការស្វែងរកដីកសិកម្ម និងដីប្រភេទឧស្សាហកម្មច្រើន បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មី។
លោកស្រីបន្តថា “ឥលូវនេះ មនុស្សងាកទៅចាប់អារម្មណ៍លើដីប្រភេទនេះ បន្ទាប់ពីការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មីប្រកបដោយភាពរលូន”។លោកស្រីបន្តថា “អ្នកវិនិយោគបានចាប់ផ្តើមស្វែងរកដី បន្ទាប់ពីពួកគាត់ផ្អាកមួយរយៈ គឺពួកគាត់លែងបារម្ភ ពួកគាត់ចាប់ផ្តើមស្វែងរកដីធ្លីឡើងវិញ ក្នុងររយៈពេល១០ថ្ងៃចុងក្រោយនេះ”។
លោកស្រីបន្តថា ទោះជាយ៉ាងណា ក្រុមអ្នកវិនិយោគទាំងនោះនៅតែស្វែងរកដី ដែលមានតម្លៃទាបជាងទីផ្សារដដែល ពួកគាត់ទិញមួយៗ មិនប្រញាប់ប្រញាល់នោះទេ។
លើកឡើងស្រដៀងគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ថា ការទិញដីធ្លី ឬផ្ទះពួកគាត់ គឺសម្រាប់តម្រូវការជាក់ស្តែង ដូចជាសាងសង់ឃ្លាំង ឬសម្រាប់ស្នាក់នៅ។ ចំណែកការទិញទុកចំណេញ ឬទុកវិនិយោគមិនសូវមានសកម្មភាពទេ លើកលែងតែការទិញដីធំៗសម្រាប់គំរោងអ្វីមួយ។
លោកបន្តថា “ចំណែកដីកសិកម្ម កសិកឧស្សាកម្ម គឺមានសកម្មភាពក្នុងរយៈពេលពីរខែចុងក្រោយនេះ មានតម្រូវការឡើងវិញ”៕