ដោយ: គង់ លាងហួរ
ប៉េកាំង: ទោះបីជាតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងណាក្តី ការនាំចូល និងការនាំចេញរបស់ប្រទេសចិន បានរក្សាការវិវឌ្ឍប្រកបដោយស្ថិរភាពក្នុងរយៈពេល៨ខែដំបូង ដើមឆ្នាំនេះ ជាមួយនឹងដំណើរការល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងភាពធន់កាន់តែល្អ។
យោងតាមរដ្ឋបាលទូទៅគយ (GAC) បានឱ្យដឹងថា ការនាំចូល និងការនាំចេញសរុបរបស់ប្រទេសចិន គិតជាប្រាក់យ័នបានធ្លាក់ចុះ០,១ភាគរយ មកនៅត្រឹម២៧,០៨ពាន់ពាន់លានយ័ន (ប្រហែល៣,៧៦ពាន់ពាន់លានដុល្លារអាមេរិក) ក្នុងអំឡុងខែមករាដល់ខែសីហាបើធៀបនឹងឆ្នាំមុន។
ការនាំចេញបានកើនឡើង០,៨ភាគរយ ក្នុងអំឡុងពេល៨ខែដំបូង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានធ្លាក់ចុះ១,៣ភាគរយធៀបនឹងឆ្នាំមុន។
យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែសីហាតែមួយ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន បានធ្លាក់ចុះ២,៥ភាគរយ បើធៀបនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើង៣,៩ភាគរយ បើគេធៀបនឹងខែកក្កដា។លោក Lyu Daliang មន្ត្រីរបស់រដ្ឋបាលទូទៅគយ (GAC) បានមានប្រសាសន៍ថា “ប្រតិបត្តិការពាណិជ្ជកម្មបរទេស របស់ប្រទេសចិន ជាទូទៅនៅតែមានស្ថេរភាព” ។
ទោះបីជាមានតម្រូវការ ពីខាងក្រៅតិចតួចយ៉ាងណាក្តី ក៏ទំហំពាណិជ្ជកម្មបរទេសរបស់ប្រទេសនេះ នៅតែមានកម្រិតខ្ពស់។ បរិមាណពាណិជ្ជកម្មបរទេសសរុប នៅក្នុងខែសីហាបានកើនលើសបរិមាណជាមធ្យម សម្រាប់រយៈពេលដូចគ្នា រវាងឆ្នាំ២០២០ និង២០២២ ចំនួន៨,២ភាគរយ។ នេះបើតាមលោក Lyu។
ចំណែក ទិន្នន័យប្រចាំខែក៏បានបង្ហាញ ពីភាពប្រសើរឡើងវិញផងដែរ។ ទោះបីជាការនាំចេញ និងការនាំចូលបានធ្លាក់ចុះ៣,២ភាគរយ និង១,៦ភាគរយ រៀងៗគ្នាកាលពីខែសីហា ធៀបនឹងឆ្នាំមុនយ៉ាងណាក្តី ប៉ុន្តែល្បឿននៃការធ្លាក់ចុះ ទាំងមូលបានធូរស្រាល បើប្រៀបធៀបទៅនឹងតួលេខខែកក្កដា។
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន។ ជាក់ស្តែង ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសអាស៊ាន បានកើនឡើង១,៦ភាគរយ បើធៀបនឹងរយៈពេលប្រើ៨ខែដំបូង ដើមឆ្នាំ២០២២ ដោយគ្របដណ្តប់១៥,២ភាគរយនៃតម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសចិន។
ផ្ទុយទៅវិញ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនបានធ្លាក់ចុះ១,៥ភាគរយ ៨,៧ភាគរយ និង៦,៨ភាគរយរៀងៗគ្នា។
ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីកណ្តាលចំនួន៥ បានស្គាល់នូវអត្រាកំណើនដ៏រឹងមាំចំនួន៣៤,១ភាគរយ បើធៀបរយៈពេល៨ខែដំបូងដូចគ្នា ក្នុងឆ្នាំមុន ខណៈពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេសតាមបណ្តោយគម្រោងខ្សែក្រវាត់និងផ្លូវបានកើនឡើង៣,៦ភាគរយ៕