ទីផ្សារគ្រឿងអលង្ការនៅកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកចម្រើនលឿន

0

ដោយៈ គង់ សូរិយា

  ភ្នំពេញៈ ការយល់ដឹង និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា បាននិងកំពុងត្រូវបានគេមើលឃើញថា ទីផ្សារគ្រឿងអលង្ការនៅប្រទេសនេះកំពុងមានសញ្ញារីកចម្រើន។

ជាក់ស្តែងកាលពីដើមឆ្នាំនេះ ប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការម៉ាកល្បីមួយក្រុម បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុន ដែលមានម៉ាកល្បីៗ នៅលើពិភពលោក។

ការបង្ហាញឲ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងប្រតិភូតំណាងក្រុមហ៊ុនគ្រឿងអលង្ការល្បីៗ មកពីបណ្ដាប្រទេសផ្សេងៗ ជាមួយនឹង លោកសុខ ចិន្តាសោភា អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងជំនួបពិភាក្សាដើម្បីរកមើលឱកាស និងបរិយាប័ន្នវិនិយោគគ្រឿងអលង្ការនេះ គឺប្រតិភូតំណាងក្រុមហ៊ុនគ្រឿងអលង្ការល្បីៗ បានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នា ជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីផ្សារនេះ កំពុងរីកចម្រើន ជាក់ស្តែងកម្ពុជាទទួលបានទឹកប្រាក់ប្រមាណជាង១,៣ ពាន់លានដុល្លារពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅទីផ្សារអន្តរជាតិនារយៈពេល៦ ខែដំបូង ក្នុងឆ្នាំ ២០២០។

ប្រទេសសិង្ហបុរី គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាតាមពីក្រោយដោយប្រទេសថៃ វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និងប្រទេសចិន។ គ្រឿងអលង្ការ និងត្បូងមានតម្លៃដែលកម្ពុជានាំចេញមានដូចជា គជ់ធម្មជាតិ ឬគជ់ចិញ្ចឹម ត្បូងថ្មមានតម្លៃ លោហៈធាតុមានតម្លៃ លោហធាតុស្រោបដោយលោហៈមានតម្លៃ និងគ្រឿងអលង្ការកាឡៃ និងកាក់ជាដើម។

ដោយឡែកប្រទេសថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង គឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

ម្ចាស់ហាងលក់មាស១ កន្លែងនៅក្បែរផ្សារធំថ្មីបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា បើទោះបីជាបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនរុករករ៉ែមួយចំនួនកំពុងដំណើរការក៏ដោយ ប៉ុន្តែជាទូទៅកម្ពុជាតែងនាំចូលមាសពីប្រទេសជាច្រើន នៅលើពិភពលោក ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងមួយចំនួនទៀតយកមករចនាជាម៉ូដផ្សេងៗសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។

លោកបន្តថា “ការនាំចេញគ្រឿងអលង្ការពីកម្ពុជា គឺជាផលិតផលដែលគេបានរចនារួចរាល់ និងមានគ្រឿងត្បូងមួយចំនួនផងដែរ”។

លោកបានអះអាងថា ដោយសារប្រទេសភាគច្រើន គេឈប់ធ្វើការកែច្នៃគ្រឿងអលង្ការពីដៃផ្ទាល់។ ហេតុនេះមាសសុទ្ធជាច្រើនត្រូវបាននាំចូលមកកម្ពុជា ដើម្បីយកទៅកែច្នៃ និងនាំចេញទៅវិញជាផលិតផលកែច្នៃរួច។

ចំណែក អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា កំណើននៃការនាំចេញ និងនាំចូលគ្រឿងអលង្ការ និងត្បូងមានតម្លៃគឺបង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានការរីកចម្រើន ទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជា មានសមត្ថភាពក្នុងការកែច្នៃ ព្រមទាំងមានទីផ្សារធំ។

លោកបានបន្តថា ជាមួយនឹងភាពរីកចម្រើននេះ ចំនួនក្រុមហ៊ុនដែលកំពុងវិនិយោគលើការរុករករ៉ែមាស និងត្បូងថ្ម ក៏កំពុងមានកំណើនផងដែរ។

លោកបានអះអាងថា “កំណើននេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ខណៈចំនួនក្រុមហ៊ុនកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃក៏មានកាន់តែច្រើន”។

ជាមួយគ្នានេះ សមាគមពាណិជ្ជករត្បូង និងគ្រឿងអលង្ការកម្ពុជា (CGJTA) គ្រោងរៀបចំកម្មវិធីពិព័រណ៍ត្បូង និងគ្រឿងអលង្ការអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here