Hattha top Banner

សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតនៅ ត្រីមាសទី៣ ក្នុងរង្វង់៤,៩ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចអាមេរិក បានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត២ឆ្នាំ ក្នុងត្រីមាសទី៣ ដោយ សារការកើនឡើង នៃប្រាក់ឈ្នួលបានជួយជំរុញ ដល់ការចំណាយរបស់អ្នកប្រើប្រាស់។

ការិយាល័យវិភាគសេដ្ឋកិច្ច របស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប(GDP) របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៩% កាលពីត្រីមាសទី៣ ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។

កំណើនសេដ្ឋកិច្ចអាមេរិកក្នុងរង្វង់៤,៩% នៅត្រីមាសទី៣ បានវ៉ាដាច់ការព្យាករណ៍ សម្រាប់កំណើន៤,៣% របស់ក្រុមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters។អត្រាកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ការព្រមានរបស់ក្រុមអ្នកវិភាគ អំពីហានិភ័យធ្ងន់ធ្ងរ នៃវិបត្តិសេដ្ឋកិច្ចអាមេរិក ចាប់តាំងពីឆ្នាំ២០២២មកនោះ មិនទាន់ក្លាយជាការពិតនៅឡើយ។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលគ្របដណ្តប់ជាងពីរភាគបីនៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិកនៅពេលនេះ។

លើសពីនេះ ទីផ្សារការងារដ៏រឹងមាំ កំពុងផ្តល់ការគាំទ្រជាមូលដ្ឋានដល់ការចំណាយរបស់ពលរដ្ឋអាមេរិក។  ទោះបីជាកំណើនប្រាក់ឈ្នួលបានដើរយឺតយ៉ាងណាក្តី ក៏វាកំពុងកើនឡើងលឿនជាងអតិផរណាបន្តិច ដែលការណ៍នេះ បានជួយបង្កើនអំណាចនៃការទិញក្នុងគ្រួសារអាមេរិក។

ជាមួយគ្នានេះ កាលពីត្រីមាសទី២កន្លងទៅ សេដ្ឋកិច្ចអាមេរិកក៏បានកើនឡើង លឿនជាងការរំពឹងទុកផងដែរ ដែលជំរុញដោយការវិនិយោគរបស់ក្រុមហ៊ុនអាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពធន់។

GDP របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី១ នៅលើពិភពលោកមួយនេះ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ២,១ភាគរយ កាលពីត្រីមាសទី២ បើទោះជានៅពេលនោះ អ្នកវិភាគរំពឹងថា នឹងមានអត្រាយឺតជាងនេះយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here