ការវិនិយោគរបស់បរទេសនៅវៀតណាម កើនឡើងខ្លាំង ខណៈក្រុមហ៊ុននានាមានផែនការបើករោងចក្រថ្មីៗជាច្រើន

0

តែម សុខុម

ហាណូយៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ថា ការវិនិយោគរបស់បរទេសនៅប្រទេសវៀតណាម មានសន្ទុះកើនឡើងខ្លាំងក្នុងខែតុលា កន្លងទៅ។

សន្ទុះកើនឡើងយ៉ាងគំហុកនេះកើតមានឡើង ខណៈប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មទាក់ទាញការសន្យាបោះទុនវិនិយោគបានជាងទ្វេដងបើធៀបនឹងអត្រាប្រចាំខែដែលខ្លួនទទួលបានក្នុងឆ្នាំនេះ ស្របពេលក្រុមហ៊ុនធំៗមានផែនការបើករោងចក្រថ្មីៗជាច្រើន។

នៅក្នុងខែតុលា ប្រទេសវៀតណាម ទទួលបានការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេសក្នុងទំហំ៥,៣ពាន់លានដុល្លារ បើធៀបនឹងអត្រាជាមធ្យមប្រចាំខែ២,២ពាន់លានដុល្លារ ដែលខ្លួនទទួលបាននៅក្នុងឆ្នាំ២០២៣។យោងតាមទិន្នន័យពីក្រសួងវិនិយោគនៃប្រទេសវៀតណាម បង្ហាញថា ប្រមាណ៩០%នៃរំហូរវិនិយោគក្នុងខែតុលា គឺជំរុញដោយផែនការសាងសង់រោងចក្រថ្មីៗ។

ចាប់តាំងពីដើមឆ្នាំ២០២៣ មក ប្រទេសវៀតណាម ទទួលបានការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេសក្នុងទំហំ២៥,៧៦ពាន់លានដុល្លារ ដោយកើនឡើង១៤,៧%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។៣ភាគ៤នៃការប្ដេជ្ញាបោះទុនវិនិយោគរបស់បរទេសទាំងនោះនឹងបានទៅលើឧស្សាហកម្មផលិតកម្ម និងកែច្នៃ។

ការសន្យាបោះទុនវិនិយោគពីប្រទេសចិន និងក្រុងហុងកុង រួមបញ្ចូលគ្នាគឺមានចំនួនច្រើនបំផុតគិតរហូតមកទល់ពេលនេះ បន្ទាប់មកគឺប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។ការវិនិយោគជាក់ស្ដែងនៅក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ បានកើនឡើង២,៤%ពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ឈានដល់១៨ពាន់លានដុល្លារ៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here