Hattha top Banner

សេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានកំណើនក្នុងរង្វង់៦.៦ភាគរយ នៅឆ្នាំ២០២៤

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថាសម្រេចបានកំណើនក្នុងរង្វង់៦.៦% ដែលធ្វើឲ្យផលិតក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់១៤២,៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ៣៥,១៦៨ លានដុល្លារ។

នេះបើយោងតាម​ខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន។ឯកសារខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ទៀតថា ប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់២,០៧១ ដុល្លារបើធៀបនឹងប្រមាណ១៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។

ការរំពឹងទុកនូវកំណើន៦.៦%នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា ទី១ វិស័យឧស្សាហកម្មត្រូវបាន ព្យាករថានឹងបន្តនិន្នាការ កើនឡើងក្នុងរង្វង់៨.៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥.០% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ទី២ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន៦.៩% ក្នុងឆ្នាំ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់៨.១% ក្នុងឆ្នាំ២០២៣ ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមាន ដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។

ទី៣ វិស័យកសិកម្មរំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២៤ ធៀបនឹង០,៩% ក្នុងឆ្នាំ២០២៣ ដោយសា​រការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វ នៅបន្តមានស្ថិរភាព។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន៦.៦% យ៉ាងណាក្តី កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងក្រៅ ដែលអាចធ្វើឲ្យកំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខ ដែលក្នុងនោះរួមមាន ១ ការកើនឡើងនូវភាពតានតឹង ភូមិសាស្រ្តនយោបាយតំបន់ និងសកល ២ ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មកម្ពុជា

៣ ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុក នៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម ៤ ការបន្តឡើងថ្លៃ ឬកម្រិតខ្ពស់នៃថ្លៃថាមពល និងទំនិញជារួមលើទីផ្សារអន្តរជាតិ ៥ ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចកំពុងកាត់បន្ថយនូវការចូលរួម ក្នុងចរន្តសកលភាវូបនីយកម្ម ស្របជាមួយនឹងការកើនឡើងនៃនិន្នាការពហុប៉ូល និងការបែងចែកប្លុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង៦ ការកើនឡើងនូវផលប៉ះពាល់ជាអវិជ្ជមាន កាន់តែធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ចំណែកកត្តាខាងក្នុង កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដូចជា ភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនទាបនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្តពឹងផ្អែកខ្លាំង លើតម្រូវការខាងក្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here