ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយរបស់វៀតណាមគ្រោងបើកហោះហើរពីទីក្រុងហាណូយ និងទីក្រុងហូជីមិញមកកាន់កម្ពុជា ឥណ្ឌូនេស៊ី និងចិន ចាប់ពីខែធ្នូ ឆ្នាំ២០២៣នេះតទៅ។
តួយ៉ាង ផ្លូវហោះហើរហាណូយ-សៀមរាប គ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន១ដងក្នុងមួយថ្ងៃ។
ចំណែក ផ្លូវហោះហើរ ដែលតភ្ជាប់ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងសៀងហៃ នឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន៧ដងក្នុងមួយសប្តាហ៍។
ជើងហោះហើរពីទីក្រុងហាណូយទៅទីក្រុងហ្សាកាតា នឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន៤ដងរៀងរាល់សប្តាហ៍ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។
-->
ក្នុងខែធ្នូខាងមុខ ក្រុមហ៊ុនអាកាសចរណ៍នេះក៏គ្រោងចាប់ផ្តើមបើកជើងហោះហើរ ពីកោះភូកុក ទៅកាន់ទីក្រុង ប៊ូសាន ប្រទេសកូរ៉េខាងត្បូង និងពីទីក្រុងហាណូយ ទៅកាន់ទីក្រុងហុងកុងផងដែរ ខណៈនៅខែមករាឆ្នាំ២០២៤ ក្រុមហ៊ុននឹងចាប់ផ្តើម បើកជើងហោះហើរពីកោះភូកុក ទៅកាន់ទីក្រុងតៃប៉ិ ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនសំបុត្រប្រម៉ូសិនពិសេសចំនួន១លានសំបុត្រ នៅទូទាំងបណ្តាញក្នុងស្រុក និងបណ្តាញអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ជាងនេះទៅទៀត អ្នកដំណើរដែលកក់ជើងហោះហើរអន្តរជាតិក៏នឹងទទួលបានប័ណ្ណ e-voucher ដែលមានតម្លៃ២០មុឺនដុង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ e-voucher ហើយការផ្តល់ជូនពិសេសនេះនឹងមាននៅលើគេហទំព័រ៖ www.vietjetair.com និងកម្មវិធីmobile app៕