ដោយៈ តែម សុខុម
ម៉ាកាវៈ រដ្ឋបាលក្រុងម៉ាកាវ ប៉ាន់ប្រមាណថា ក្រុងម៉ាកាវ នឹងទទួលបានប្រាក់ចំណូលសរុប ពីបនល្បែងកាស៊ីណូ២៦,៨០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន GGRAsia ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា។
តាមរយៈសំណើថវិកាសម្រាប់ឆ្នាំ សារពើពន្ធ២០២៤ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា រដ្ឋបាលក្រុងម៉ាកាវ លើកឡើងថា “ដោយសារក្រុងម៉ាកាវ បានដាក់ចេញវិធានការថ្មីៗបន្ថែមទៀតដើម្បីជំរុញវិស័យទេសចរណ៍ និងកំពុងស្វែងរកទីផ្សារទេសចរណ៍បន្ថែមទៀត នៅចិនដីគោក និងនៅបរទេស មានការរំពឹងទុកថា ចំនួនភ្ញៀវទេសចរមកកាន់ក្រុងម៉ាកាវ នឹងបន្តកើនឡើង”។
 
-->
 
 
រដ្ឋបាលក្រុងម៉ាកាវ បន្ថែមថា “ដោយផ្អែកលើវិធានការទាំងនោះ ប្រាក់ចំណូលសរុប បានពីបនល្បែងកាស៊ីណូ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់២៦,៩៦ពាន់លានដុល្លារអាមេរិក”។
រដ្ឋបាលក្រុងម៉ាកាវបានព្យាករណ៍ថា ប្រាក់ចំណូលពីពន្ធល្បែងស៊ីសងសម្រាប់ឆ្នាំ២០២៤ ទាំងមូលនឹងឈានដល់ជាង៩,៤៣ពាន់លានដុល្លារអាមេរិក។
រដ្ឋបាលក្រុងនេះ ក៏ប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ២០២៤ ខ្លួននឹងប្រមូលពន្ធលើកម្រៃជើងសារ បង់ដោយកាស៊ីណូបានចំនួន៣,៧៤លានដុល្លារអាមេរិកផងដែរ។
នៅក្នុងកញ្ចប់ថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ រដ្ឋបាលក្រុងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលសរុប ពីបនល្បែងកាស៊ីណូជាង១៦,២២ពាន់លានដុល្លារអាមេរិក ហើយបានប៉ាន់ប្រមាណថា ប្រាក់ចំណូលបានពីពន្ធល្បែងស៊ីសង នឹងឈានដល់ជាង៦,៣៤ពាន់លានដុល្លារអាមេរិក៕ GGRAsia៕