Hattha top Banner

កម្ពុជាត្រៀមនិងរៀបចំការចាកចេញពីចំណាត់ក្រុមប្រទេស អភិវឌ្ឍន៍តិចតួច

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ លោកទួន ថាវរៈ បានជួបពិភាក្សាជាមួយលោកJOSEPH SCHEUER ប្រធានអ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាពីការត្រៀមចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

កិច្ចប្រជុំពិភាក្សានេះ គឺដើម្បីសិក្សាស្វែងយល់ និងពិភាក្សាបន្ថែ​មលើប្រធានបទសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដែលក្នុងគោលបំណងដូចជា ទី១.ដំណើរការនៃការចាកចេញ ទី២.លទ្ធផលបឋមនៃការពិនិត្យវាយតម្លៃ៣ឆ្នាំម្តងជាលើកទី២ ទី៣ សកម្មភាព និងកាលបរិច្ឆេទ នៃដំណើរការពិនិត្យវាយតម្លៃលើកទី២ សម្រាប់កម្ពុជា ទី៤យុទ្ធសាស្ត្រអន្តរកាលដោយរលូន។

កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់របស់កម្ពុជា និងសម្រាប់សមាជិក សមាជិកា ដែលទើបតែត្រូវបានតែងតាំងក្នុងគណៈកម្មាធិការជាតិ សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិអាចទទួលបាន បន្ថែមនូវព័ត៌មានសំខាន់ៗថ្មីៗ ពាក់ព័ន្ធនឹងការត្រៀម និងការរៀបចំចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយផ្ទាល់ពីប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេ​សព័ត៌មានដែលពាក់ព័ន្ធ នឹងការងារអាទិភាព ដែលកម្ពុជាត្រូវចូលរួមក្នុងការពិនិត្យវាយតម្លៃ៣ឆ្នាំម្តងលើកទី២ នៅឆ្នាំ២០២៤ខាងមុខនេះ។

ក្រសួងផែនការ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ជាប្រធាន មានភារកិច្ចដឹកនាំ និងសម្របសម្រួលគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នជាតិ ទាំងស្ថាប័នអន្តរជាតិ លើការងារត្រៀមការចាកចេញ ការចាកចេញ និងក្រោយការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសគឺការតម្រង់ទិសការរៀបចំ គោលនយោបាយពាក់ព័ន្ធ និងផែនការសកម្មភាព ដែលក្នុងនោះជាចម្បង មានការរៀបចំយុទ្ធសាស្ត្រ នៃការចាកចេញដោយរលូន សម្រាប់អនុវត្តក្រោយការចាកចេញ និងការតាមដានការអនុវត្ត។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិ ដែលមានការិយាល័យអ្នកសម្របសម្រួលនៅក្នុងប្រទេសកម្ពុជា គឺជាអ្នកសម្របសម្របសម្រួលរវាងស្ថាប័ន សហប្រជាជាតិនៅក្នុងប្រទេស និងមានក្រុមការងារអន្តរភ្នាក់ងារ ជាអ្នកសម្របសម្រួល រវាងស្ថាប័នសហប្រជាជាតិនៅក្រៅប្រទេស រួមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីសហការនិងគាំទ្របច្ចេកទេសដល់ប្រទេសកម្ពុជា ក្នុងការត្រៀមនិងរៀបចំការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here