ដោយៈ តែម សុខុម
បាងកកៈ ក្រុមហ៊ុនចម្រុះថៃ JKN Global Group Plc (JKN) ដែលបានទិញយកក្រុមហ៊ុនរៀបចំ ការប្រឡងបវរកញ្ញាចក្រវាល Miss Universe Organisation (MUO) កាលពីឆ្នាំមុនបានប្រកាសក្ស័យធនកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា។
ដំណឹងនៃការដាក់ពាក្យប្រកាសក្ស័យធន ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងដោយសារម្ចាស់ថ្មីនេះ ជួបវិបត្តិសន្ទនិយភាព (ការគ្មានទ្រព្យសកម្មរាវ)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ខែវិច្ឆិកា។
ក្រុមហ៊ុន JKN បានជូនដំណឹងដល់ផ្សារហ៊ុនថៃ Stock Exchange of Thailand (SET) ថា ក្រមប្រឹក្សាភិបាលរបស់ខ្លួនបានរម្លាយចោលកាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ដើម្បីដាក់ពាក្យប្រកាសក្ស័យធនទៅតុលាការ ទទួលបន្ទុកដោះស្រាយការក្ស័យធន Central Bankruptcy Court ដើម្បីស្វះស្វែងសុំការការពារពីម្ចាស់បំណុល។ ក្រុមហ៊ុន JKN បានស្នើសុំឱ្យតុលាការជួយទទួលបន្ទុក និងអនុវត្តន៍ផែនការស្ដារក្រុមហ៊ុនរបស់ខ្លួនឡើងវិញ។