ដោយ រ៉ាវី
ខេត្តកែប៖ ស្របពេលដែលចរន្តនៃតម្លៃដីនៅក្នុងខេត្តកំពត កំពុងតែមានសន្ទុះកើនឡើងជាលំដាប់តាមពីក្រោយក្រុងព្រះសីហនុនោះ ពេលនេះសម្រាប់តម្លៃដីនៅក្នុងក្រុងកែបក៏កំពុងមានការកើនឡើង តាមពីក្រោយខេត្តកំពតផងផងដែរ ខណៈដែលរដ្ឋាភិបាលបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ខេត្ត ដែលស្ថិតនៅទិសនារតីនាតំបន់សមុទ្រមួយនេះឱ្យក្លាយជាទំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាពិសេសក្រសួងទេសចរណ៍ នឹងធ្វើការពង្រឹងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងការកែច្នែ និងបង្កើតតំបន់កម្សាន្តលក្ខណៈធម្មជាតិនានា ដែលមានស្រាប់នៅក្នុងខេត្តកែប ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ឱ្យស្របទៅនឹងកេរ្តិ៍ឈ្មោះដែលទទួលបាន «ទីក្រុងទេសចរណ៍ស្អាត អាស៊ាន»។
សម្តេចបន្តថា វិស័យអចលនទ្រព្យវិញខេត្តកែប ក៏ពុងតែមានប្រជាប្រិយភាពចំពោះបណ្តាអ្នកវិនិយោគផងដែរ ជាពិសេស អ្នកវិនិយោគជនជាតិចិន ដែលជំរុញឱ្យតម្លៃដី និងអចលនទ្រព្យមានការកើនឡើងផងដែរ។
លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន Easy Property Investment និងជាអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះតម្លៃដីនៅក្នុងខេត្តកែប ជាពិសេសដីដែលស្ថិតនៅជាប់តំបន់ឆ្នេរ បានហក់ឡើងខ្ពស់បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ។
លោកបានបញ្ជាក់ថា “កាលពីឆ្នាំមុន ដីដែលស្ថិតនៅជាប់តំបន់ឆ្នេរ ដូចជា នៅម្ដុំរូបសំណាក់ស្រីស (សិលាចាំប្ដី) ក៏ដូចជាតំបន់ដីជំរាលភ្នំនៅជាប់តំបន់ឆ្នេរសមុទ្រឆ្ពោះមកខាងផ្សារក្ដាម គឺអាចលក់បានត្រឹម២៣០ដុល្លារ ប៉ុន្តែនៅពេលបច្ចុប្បន្នបានឡើងរហូតដល់ប្រមាណ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា ដោយឡែកចំពោះដីដែលស្ថិតនៅតាមតំបន់ភ្នំ អាចមានចន្លោះពីខ្ទង់ ២០០ដុល្លារចុះក្រោម។ តម្លៃដីខ្ពស់ឬទាបអាស្រ័យទៅតាមស្ថានភាពដី និងទំហំដីផងដែរ ។ លោកថា សម្រាប់ថ្ងៃអនាគត ខេត្តកែបនៅតែបន្តឡើងថ្លៃ គ្រាន់តែថាមិនអាចឡើងស្មើនឹងតម្លៃដីនៅក្នុងខេត្តកំពត ឬខេត្តព្រះសីហនុនោះក៏ដោយ ហើយក៏អាចក្លាយទៅជាតំបន់កម្សាន្តឯកជនក៏ថាបាន ព្រោះកែប ជាខេត្តមួយដែលមានទំហំតូច និងមានតំបន់កម្សាន្តតិចជាងខេត្តកំពត។

លើកឡើងស្រដៀងគ្នានេះ លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service,Co, Ltd ក៏បានលើកឡើងឱ្យដឹងផងដែរថា កែប គឺជាខេត្តមួយដែលនឹងមានការអភិវឌ្ឍខ្លាំងនាពេលអនាគត ដែល ជាមុខព្រួញសញ្ញារបស់បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគជនជាតិចិនតែម្ដង ដ្បិតតែវាមានសក្ដានុពលខ្លាំង ក្នុងនាមជាខេត្តដែលស្ថិតនៅជាប់តំបន់ឆ្នេរ។
លោកស្រីបានបញ្ជាក់ថា “សព្វថ្ងៃនេះតម្លៃដីនៅខេត្តកែប កំពុងតែមានការកើនឡើងប្រមាណជាង៥០ភាគរយ ប្រើប្រៀបធៀបកាលពី២ឆ្នាំកន្លងទៅ ជាពិសេស ដីដែលស្ថិតនៅជាប់តំបន់ឆ្នេរ”។ លោកស្រីបន្តថា “អ្នកវិនិយោគភាគច្រើន គឺគេទិញទុកលក់យកចំណេញក្នុងរយៈពេលយូរ ដែលមិនមែនជាអ្នកអភិវឌ្ឍនោះទេ ប៉ុន្តែវានឹងក្លាយជាតំបន់ពាណិជ្ជកម្មបន្ទាប់ពីខេត្តកំពត”។
លោកស្រីតាំង ហួរបានបន្តទៀតថា ហេតុផលដែលធ្វើឱ្យដីនៅខេត្តកែបនៅតែបន្តឡើងថ្លៃតទៅថ្ងៃអនាគត ក៏ព្រោះតែកែប មានភាពអំណោយផលពីធម្មជាតិ មានតំបន់កម្សាន្តជាច្រើនកន្លែងទាំងតំបន់ឆ្នេរ ក៏ដូចជាតំបន់កោះតូចៗជាច្រើនទៀត។ ដោយឡែកចំពោះកត្តាភូមិសាស្ត្រ គឺមានភាពល្អប្រសើរ ដូចជា នៅជាប់នឹងខេត្តកំពត ដែលមានប្រវែងប្រមាណជាង៣០គីឡូម៉ែត្រ មានចម្ងាយជាង១៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាពិសេស បើនិយាយពីការតភ្ជាប់ជាមួយប្រទេសវៀតណាម គឺមានប្រវែងជិតជាងខេត្តកំពត ដែលវាផ្តល់ភាពងាយស្រួលក្នុងដឹកជញ្ជូន ក៏ដូចជាតភ្ជាប់បណ្តាញទេសចរណ៍ផងដែរ៕