សន្ទុះទីផ្សារលំនៅឋានកាណាដាជាប់គាំង ស្របពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: សន្ទុះនៃទីផ្សារលំនៅឋានរបស់ប្រទេសកាណាដាបានជាប់គាំងនៅក្នុងខែសីហា ខណៈកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានបរាជ័យ ហើយប្រទេសទាំងពីរបានដាក់ពន្ធថ្មីលើទំនិញរបស់គ្នាទៅវិញទៅមក។

យោងតាមទិន្នន័យពីសមាគមអចលនទ្រព្យកាណាដា (Canadian Real Estate Association) ការលក់ផ្ទះបានធ្លាក់ចុះ ០,៧% បើធៀបនឹងខែកក្កដា បន្ទាប់ពីមានការកើនឡើងរយៈពេល ៣ ខែជាប់ៗគ្នា។

តម្លៃគោលនៃលំនៅឋានមួយបានស្ថិតនៅទ្រឹងចំនួន៦៥៧.៤០០ ដុល្លារកាណាដា ដែលជាតួលេខទាបជាងកាលពី ១២ ខែមុនប្រមាណ៣% ខណៈចំនួនផ្ទះថ្មីដែលដាក់លក់បានកើនឡើង ៣,៣%។

សហរដ្ឋអាមេរិកបានដាក់ពន្ធថ្មីក្នុងអត្រា ៥០% លើផលិតផលរបស់កាណាដាដែលមានតម្លៃប្រហែល ២០ ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃទី ២២ ខែសីហា ហើយកាណាដាក៏បានដាក់ពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិកផងដែរនៅដើមខែកញ្ញានេះ។

ការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យអតិផរណាកើនឡើង ដែលនាំឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះកើនឡើង និងធ្វើឱ្យអ្នកដែលមានបំណងចង់ទិញផ្ទះ ប៉ុន្តែនៅស្ទាក់ស្ទើរស្រាប់ហើយនោះ កាន់តែពិបាកសម្រេចចិត្តក្នុងការទិញផ្ទះ។

លោក Shaun Cathcart សេដ្ឋវិទូជាន់ខ្ពស់ប្រចាំសមាគមអចលនទ្រព្យកាណាដា បានថ្លែងថា៖ «អ្វីដែលបានផ្លាស់ប្តូរនោះគឺបរិយាកាសសេដ្ឋកិច្ចទាំងមូល ដោយធនាគារកណ្តាលកាណាដាថ្មីៗនេះបានព្រមានអំពីការកើនឡើងហានិភ័យនៃអតិផរណា ព្រមទាំងដាក់ការសង្ស័យអំពីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះ»។

លោកបានបន្ថែមថា៖ «បញ្ហាប្រឈមថ្មីៗទាំងនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយសន្ទុះនៃទីផ្សារលំនៅឋានរហូតដល់ឆ្នាំ ២០២៧ខាងមុខ»៕


ចែករំលែក