Hattha top Banner

តើអ្នកជាប់ពន្ធត្រូវតវ៉ាយ៉ាងដូចម្តេច? និងមានរយៈពេលប៉ុន្មាន ថ្ងៃក្នុងការតវ៉ា?

0

        ដោយៈ គង់ ហ្វីអូណា

       ភ្នំពេញៈ តើអ្នកជាប់ពន្ឋត្រូវធ្វើយ៉ាងដូចម្តេច និងមានរយៈពេលប៉ុន្មានថ្ងៃក្នុងការតវ៉ា?។

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ផ្នែកទី៤ ដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធ ត្រូវបានកំណត់ដូចជា ទី១. អ្នកជាប់ពន្ធដែលមិនយល់ព្រម នឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ការតវ៉ាត្រូវមានកម្រិតព្រំដែន តែត្រឹមដើមហេតុឬព័ត៌មានផ្សេងទៀតដែលមាន នៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេចឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញតែប៉ុណ្ណោះ។

ទី២ ការតវ៉ាខាងរដ្ឋបាល ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធ បានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមាន សមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ និងត្រូវធ្វើជាលាយលក្ខណ៍អក្សរទៅតាមទម្រង់និងខ្លឹមសារដូចជា៖

លេខអត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធ ដែលធ្វើពាក្យតវ៉ាសេចក្តី យោងទៅរកការកំណត់សេចក្តីសម្រេច ឬលទ្ធផលដែលជាកម្មវត្ថុនៃពាក្យតវ៉ាដើមហេតុ ឬអំពើដែលជាកម្មវត្ថុ នៃពាក្យតវ៉ាហេតុផលនៃការតវ៉ាកាលបរិច្ឆេទ និងហត្ថលេខារបស់អ្នកជាប់ពន្ធ និងហត្ថលេខារបស់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ។

ទី៣ ការតវ៉ាខាងរដ្ឋបាល ពុំធ្វើឱ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ផ្សេងៗដែល បញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាព មានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធឡើយ។

បន្ទាប់ពីទទួលបានពាក្យតវ៉ា រដ្ឋបាលសារពើពន្ធនឹងចេញសេចក្តីសម្រេចជាថ្មី ក្នុងរយៈពេលយ៉ាងយឺតបំផុត៦០ថ្ងៃ ក្រោយពី ថ្ងៃដែលទទួលបានពាក្យតវ៉ា ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវទាំងស្រុង ឬចំណែកណាមួយនៃការកំណត់ពន្ធ សេចក្តីសម្រេចផ្សេងៗ ដែលអ្នកជាប់ពន្ធតវ៉ា។

ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រម លើសេចក្តីសម្រេចថ្មីនេះអ្នកជាប់ពន្ធ អាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធ ក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។

អ្នកជាប់ពន្ធមានសិទ្ធិ ប្តឹងទៅតុលាការមានសមត្ថកិច្ច ជំទាស់នឹងសេចក្តីសម្រេច របស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត៣០ (សាមសិប)ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ។

កាលពីឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយពាក្យតវ៉ាចំនួន៤៤២ករណី ដែលចំនួននេះកើនឡើងលើសឆ្នាំ២០២២ ចំនួន២៧៨ករណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here