Hattha top Banner

វិភាគៈតើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចជះផលប៉ះពាល់យ៉ាងដូចម្តេចមកលើសេដ្ឋកិច្ចរបស់កម្ពុជា?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សេដ្ឋកិច្ចរបស់ប្រទេសចិនបាន និងកំពុងកំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះ បានបង្កឱ្យមានក្តីព្រួយបារម្ភ ជាទូទៅសម្រាប់កម្ពុជា ដែលជាប្រទេសពឹងផ្អែកខ្លាំងទៅលើចិន មិនថាវិស័យពាណិជ្ជកម្ម ឬការវិនិ​យោគ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ពុំមែនជារឿងធម្មតាឡើយ ខណៈចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោក ដែលប្រ​ទេសជាច្រើននៅលើពិភពលោក មានទំនាក់ទំនងពាណិជ្ជកម្មជាមួយ។ ដូច្នេះការថយចុះកំណើនសេដ្ឋកិច្ចចិន ច្បាស់ជាមានផលប៉ះពាល់ទៅលើប្រទេសផ្សេងជាក់ជាមិនខាន។សេដ្ឋកិច្ចចិនបានរងគ្រោះខ្លាំង ដោយសារជំងឺកូវីដ-១៩ ជាពិសេស គោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល ភាពតានតឹងភូមិសាស្ត្រនយោបាយ ការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ បំណុ​លរបស់រដ្ឋបាលមូលដ្ឋាន ការនាំចេញ និងទំនុកចិត្តថយចុះ ភាពអត់ការងារធ្វើកើនឡើង និងកំណើនមនុស្សចាស់ជរាជាដើម។ល។

ជាមួយគ្នានេះ គេបានលើកឡើងជាសំណួរមួយថា  “តើការ​ធ្លាក់​ចុះ​នៃសេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ នឹង​អាចជះផល​ប៉ះពាល់​យ៉ាងដូចម្តេច និងកម្រិតណាមកលើ​សេដ្ឋកិច្ច​របស់​កម្ពុជា​”?។ឆ្លើយតបចំពោះសំណួរនេះ អ្នកជំនាញក្នុងស្រុក បានច្រានចោលការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចធំៗ និងអ្នកវិភាគមួយចំនួន ដោយបញ្ជាក់ថា ទីក្រុងប៉េកាំង កំពុងជួបប្រទះបញ្ហាប្រឈមបណ្តោះអាសន្នមួយចំនួន ដែលអាចយកឈ្នះបាន តាមរយៈការដាក់ចេញយន្តការគោលនយោបាយសមស្រប។

ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងស្រុក ក៏បានយល់ឃើញដែរថា សេដ្ឋ​កិច្ចកម្ពុជា នឹងជួបប្រទះបញ្ហាប្រឈមខ្លះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ។  ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកជំនាញមានជំនឿថា “ការធ្វើពិពិធកម្មលើសេដ្ឋកិច្ច ការនាំចេញ និងការវិនិយោគរបស់រដ្ឋាភិបាលថ្មីនឹងជួយជំរុញកំណើន និងការអភិវឌ្ឍន៍របស់កម្ពុជា”។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសចិននឹងបន្តជំរុញម៉ាស៊ីនកំណើ​នសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេស ដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតនាថ្ងៃខាងមុខ។លោកបានបន្តថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្កឱ្យមានការជជែកវែកញែក ក្នុងចំណោមអ្នកបង្កើតគោលនយោបា​យក្នុងតំបន់ អំពីរបៀបដោះស្រាយ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ មកលើទីផ្សារប្រទេសពួកគេ”។

លោក ឡោ វិចិត្រ គូសបញ្ជាក់ថា អ្នកបង្កើតគោលនយោបាយក្នុងតំបន់មិនអាចព្យាករ ឬដឹងជាមុនអំពីវិធានការជាក់ស្តែង ឬឧបករ​ណ៍ហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលនឹងត្រូវដាក់ឱ្យដំណើរការ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនោះទេ។

លោក​បាន​អះអាងថា “បញ្ហា​ប្រឈម​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ធានា​ឱ្យ​​សេដ្ឋកិច្ច ​អាចធ្លាក់​ចុះប្រកបដោយ​ភាពរលូន​ បន្ទាប់​ពី​សម្រេចបានកំណើន​យ៉ាង​ខ្លាំង”។ លោកបន្ថែមថា “មានវិធានការជាច្រើន ដែលអាចត្រូវបានដាក់ឱ្យអនុវត្តន៍ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្តល់នូវការលើកទឹកចិត្តពន្ធបន្ថែម និងការផ្អាកយកពន្ធ សម្រាប់ការវិនិយោគក្នុងប្រទេសចិន ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើការពង្រីកខ្លួន”។

លោកឡោ វិចិត្រ បានចង្អុលបង្ហាញថា រដ្ឋាភិបាលចិនអាចបោះជំហានឈានមុខគេ ឆ្ពោះទៅរកការបង្កើនការនាំចេញ  ដោយបញ្ជូនតំណាងពាណិជ្ជកម្មរបស់ខ្លួន ទៅចរចាជាមួយតួអង្គទីផ្សារក្នុងតំបន់ជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្របដណ្ត​ប់លើកូតានៃការផ្លាស់ប្តូរទំនិញ និងសេវាកម្មទៅវិញទៅមកជាមួយប្រទេសនីមួយៗក្នុងតំបន់។លោកបន្ថែមថា “របៀបដែលប្រទេសចិន នឹងដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន គឺជាអ្វីដែលយើងគួរព្រួយបារម្ភ ជាជាងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន”។

លោក ឡោ វិចិត្រ លើកឡើងថា យើងបានសង្កេតឃើញច្រើនដងហើយ ដែលប្រទេសចិនបានរះត្រដែតឡើង លើសពីការរំពឹងទុក ចាប់តាំងពីការបើកសេដ្ឋកិច្ច របស់ខ្លួននៅឆ្នាំ១៩៧៨ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនបន្ថែម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១។

លោក ឡោ វិចិត្រ បានសង្កត់ធ្ងន់ថា “ការដួលរលំនៃរឿងសេដ្ឋកិច្ចចិន គ្រាន់តែជាការប្រឌិតតែម្ខាងប៉ុណ្ណោះ ដែលបង្កើតឡើងដោយអ្នកដែលមិនមានការយល់ដឹង អំពីសមត្ថភាពបង្កើតគោលនយោបា​យរបស់ទីក្រុងប៉េកាំង”។លោក​បន្ត​ថា “ការ​ធ្លាក់​ចុះ​បណ្ដោះ​អាសន្ន​នេះ នឹង​ជះផល​ប៉ះ​ពាល់​តិចតួចប៉ុណ្ណោះ ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈគោលដៅនាំចេញលេខ១របស់កម្ពុជា គឺសហរដ្ឋអាមេរិក មិនមែនចិនទេ”។ កម្ពុជាកំពុងស្វែងរកទីផ្សារថ្មីៗ និងកំពុង​ចាប់​ផ្តើម​ងាកចេញពី​វិស័យឧស្សាហកម្ម​ ដែល​ប្រើ​កម្លាំង​ពលកម្ម ​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ខ្ពស់។

លោក ឡោ វិចិត្របាន​បញ្ជាក់បន្ថែមថា ទំនាក់ទំនង​ទ្វេរភាគី​រវាង​កម្ពុជា​ និង​ចិន​កំពុង​ឈានឡើងដល់កម្រិត​ខ្ពស់​ថ្មី ខណៈថ្នាក់ដឹកនាំនៃប្រទេសទាំង២ បាន​ប្តេជ្ញាអនុវត្ត​គំនិត​ផ្តួចផ្តើម​ថ្មី​ ដូចជាច្រករបៀង​អង្ករ​ត្រី​កម្ពុជា​-ចិន និង​ច្រករបៀង​ឧស្សាហកម្ម​កម្ពុជា​-ចិន ហើយប្រទេសចិន នឹងបន្តជំរុញការវិនិយោគផ្ទាល់ ពីបរទេសចូលមកកម្ពុជា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ”។

ជាមួយគ្នានេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បានលើកឡើងថា “វាច្បាស់ណាស់ថា កម្ពុជានឹងរងផលប៉ះពាល់  ប៉ុន្តែយើងត្រូវយល់ថា ប្រទេសចិនគឺជាប្រទេសពាណិជ្ជកម្មលេខ១ សម្រា​ប់ប្រទេសជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។លោកបន្តថា “កម្ពុជាមានទំនាក់ទំនងពហុ សមាសភាគជាមួយប្រទេសចិន។  ទោះជាយ៉ាងណាក្តី ផលប៉ះពាល់ពាណិជ្ជកម្ម ដែលបានឆ្លុះបញ្ចាំង នៅក្នុងផលទុនជាតិសរុបរបស់កម្ពុជា(GDP) គឺមានត្រឹមតែ៤ភាគរយប៉ុណ្ណោះ”។ លោកមានសុទិដ្ឋិនិយមថា អ្នកបង្កើតគោលនយោបាយចិន នឹងធ្វើការសម្រេចចិត្តសមស្រប ដែលនឹងជំរុញការចំណាយក្នុងស្រុក និងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងវិបត្តិអចលនទ្រព្យផងដែរ។

ក្រុមអ្នកជំនាញយល់ឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យឈានឡើងដល់កម្រិតមួយដ៏ធំ។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន នឹងកើនដល់ទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ នៅចុងឆ្នាំនេះ ហើយភាគីទាំងពីរកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំមួយនេះ។បើក្រឡេកមកមើលកត្តាទីតាំងយុទ្ធសាស្ត្រវិញ កម្ពុជាមានទីតាំ​ងអំណោយផល ស្ថិតនៅលើដងទន្លេមេគង្គ ភាគខាងត្បូងនៃប្រទេសឡាវ និងរវាងប្រទេសថៃ និងប្រទេសវៀតណាម នៅលើឈូងសមុទ្រថៃ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ការ​វិនិយោគ​របស់​ប្រទេសចិន​​ បាន​ជំរុញ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធនៅ​កម្ពុជា មាន​ការ​ផ្លាស់​ប្តូរ​ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរ​ឱ្យ​កត់​សម្គាល់​។

ជាក់ស្តែង ផ្លូវល្បឿនលឿនថ្មី ផ្លូវរថភ្លើង កំពង់ផែសមុទ្រ និងអាកាសយានដ្ឋាន ត្រូវបានសាងសង់ឡើង។ រីឯផ្លូវចាស់ៗត្រូវបានជួសជុលកែលម្អ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព។

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបានតភ្ជាប់ទៅកាន់តំបន់ពាណិជ្ជកម្មសេរី (FTZs) និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការតភ្ជាប់ក្នុងតំបន់ សម្រួលដល់ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ក៏បានជំរុញដល់វិស័យសំណង់ និងអចលនវត្ថុ ដែលនាំទៅដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យបែបទំនើបនៅទូទាំងប្រទេស។ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ៥,៤៣លាន​នាក់ ​ដែល​បាន​មក​កម្ពុជា​កាល​ពី​ឆ្នាំ​មុន មានជិត១០ភាគរយ​មក​ពី​ប្រទេស​ចិន។  ជនជាតិចិនគឺជាប្រភពភ្ញៀវទេសចរច្រើនជាងគេទី៣ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជនជាតិវៀតណាម និងថៃកាន់កាប់តំណែងទីមួយ និងទីពីរ។ ទន្ទឹមនឹងវិស័យអចលនទ្រព្យ វិស័យទេសចរណ៍គឺជាផ្នែកមួយទៀត ដែលអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសចិនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ឬការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះ MoU ជាប្រវត្តិសាស្ត្រ ដើម្បីត្រួសត្រាយឱ្យមានការបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសទាំង២។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អនុស្សរណៈយោគយល់ចំនួន២នោះរួមមាន ដូចជា ទី១កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និងទី២ ការបង្កើតកិច្ចសម្របសម្រួល ក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា។

គំនិតផ្តួចផ្តើមទាំងអស់នេះ មានគោលបំណងជំរុញឱ្យភ្ញៀវទេសចរចិនចូលមកទស្សនាកម្ពុជា ព្រមទាំងមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ផងដែរ ក្នុងការជំរុញការហោះហើរត្រង់ រវាងទីក្រុងរបស់ប្រទេសចិនបន្ថែមទៀត ជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។

​អ្នក​ជំនាញ​បានអះអាងថា វិស័យ​អចលន​ទ្រព្យ ​គឺ​ជា​ផ្នែក​មួយ​ដែល​ទាមទារ​ឲ្យការ​យក​ចិត្ត​ទុក​ដាក់ជា​ពិសេស ​ប្រសិន​បើ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចូល​ក្នុង​វិបត្តិ។

លោក Paul Adair មកពីក្រុមហ៊ុនហិរញ្ញវត្ថុ និងគ្រប់គ្រងឈានមុខគេមួយ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានលើកឡើងថា គ្មាននរណាម្នាក់ អាចបដិសេធការពិតដែលថា ការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជា ក្នុងយុគសម័យមុនជំងឺរាតត្បាត ត្រូវបានជំរុញដោយការវិនិយោគរបស់ចិន។

លោក​បន្ត​ថា​ “គិត​ត្រឹម​ពេល​នេះ ​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​អចលន​ទ្រព្យ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ប៉ុន្តែវាពុំមែនមានន័យថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងដួលរលំជាដាច់ខាត ប្រសិនបើមិនមានកំណើននៃការវិនិយោគរបស់ចិននោះទេ”។

លោកបន្ថែមថា កម្ពុជាអាចមានដំណោះស្រាយដ៏ឈ្លាសវៃ តែត្រូវចំណាយពេលខ្លះ ដើម្បីអនុវត្តន៍។  ឥឡូវនេះ យើងអាចឃើញរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយវិបត្តិ ដែលបណ្តាលមកពីគម្រោងជាប់គាំង ក្នុងខេត្តព្រះសីហនុ។លោកបន្តថា “ប្រសិនបើមាន​ការដាក់ចេញ យុទ្ធសាស្ត្រ​គ្រប់គ្រាន់​នោះ ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​អាច​ត្រូវ​បាន ​ដោះស្រាយ​ចេញជា​បណ្តើរៗ”។

ចំណែកលោក ប៊ួយ សុវណ្ណរ៉ា នាយករងនៃក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏លេចធ្លោមួយនៅក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា វិបត្តិអាចត្រូវបានយកឈ្នះ ដោយការនាំយកអ្នកវិនិយោគមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង វៀតណាម បណ្តាប្រទេសអាស៊ាន និងតំបន់អឺរ៉ុបផ្សេងទៀត។

រាប់ចាប់ពីវិស័យទេសចរណ៍ រហូតដល់ការនាំចេញកសិផល និងការវិនិយោគផ្ទាល់ពីបរទេស វាជាការពិតដែលបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកៀលើប្រទេសចិនយ៉ាងខ្លាំង។ប៉ុន្តែសេដ្ឋកិច្ច​របស់​កម្ពុជា ​មាន​ចំណុច​ពិសេសខ្លាំង​ផ្ទាល់ខ្លួន ​ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធកម្ម​ លើ​គ្រប់​ទិដ្ឋភាព​ដែល​អាច​ធ្វើ​ទៅ​បាន ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគេរំពឹងថានឹងផ្តល់លទ្ធផលវិជ្ជមាន។

មន្ត្រីមួយរូបមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ក៏អាចជាប្រយោជន៍ដល់កម្ពុជាផងដែរ។  មន្ត្រីរូបនោះបន្តថា “បច្ចុប្បន្នសេដ្ឋកិច្ចចិនកំពុងវិវឌ្ឍ និងឈានចូលដំណាក់កាលថ្មី ដោយផ្តោតលើបច្ចេកវិទ្យាAI ឧស្សាហកម្មកកើតឡើងវិញ និងផ្នែកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់”។

មន្ត្រីCDCបានបញ្ជាក់ថា “ដំណើរការវិវត្តន៍នេះ អាចជំរុញឱ្យក្រុមហ៊ុនឧស្សាហកម្ម មួយចំនួនចាកចេញពីប្រទេសចិន ហើយកម្ពុជាអាចជាអ្នកទទួលផលដ៏ធំមួយ ដោយពិចារណាលើទំនាក់ទំនងទ្វេរភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ”។ លោក​បានបញ្ជាក់ជាមួយសុទិដ្ឋិនិយមថា​ “សេដ្ឋកិច្ច​ចិន​នឹង​ស្ទុះ​ងើប​ឡើង​វិញ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ហើ​យ​វា​នឹង​មាន​ផលល្អ ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here