តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យសេដ្ឋកិច្ចអាមេរិក មានប្រៀបជាង តំបន់អឺរ៉ុប?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោកបានជួបការលំបាក ក្នុងការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតនោះ ស្រាប់តែសហរដ្ឋអាមេរិកបានលេចត្រដែតឡើងជាពិសេស។
ដោយសារសម្រេចបាននូវ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទីផ្សារការងារដ៏រឹងមាំ និងការធ្លាក់ចុះនៃអតិផរណា សហរដ្ឋអាមេរិកបានវ៉ាដាច់សមភាគីរបស់ខ្លួន នៅតំបន់ប៉ែកខាងអឺរ៉ុប និងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។

ជាក់ស្តែង សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សម្រេចបានកំណើនក្នុងរង្វង់៣,៣% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលលើសពីការរំពឹងទុករបស់សេដ្ឋវិទូក្នុងរង្វង់២% ។
កំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅត្រីមាសទី៤ បានជំរុញឱ្យសេដ្ឋកិច្ចអាមេរិក នៅក្នុងឆ្នាំ២០២៣ទាំងមូលកើនឡើង ក្នុងអត្រាប្រចាំឆ្នាំចំនួន២,៥% ដោយវ៉ាដាច់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតទាំងអស់ ហើយនឹងបន្តនិន្នាការនេះ នៅឆ្នាំ២០២៤ថែមទៀត។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលជំរុញឱ្យសេដ្ឋកិច្ចអាមេរិក មានប្រៀបជាងបណ្តាប្រទេសនៅតំបន់អឺរ៉ុប។

ទី១: ការចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ចូលទៅក្នុងចរន្តសេដ្ឋកិច្ច
នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារមកលើទីផ្សារការងារ និងជីវិតសង្គម បណ្តាប្រទេសនានា បានដាក់ចេញវិធីជួយដល់ពលរដ្ឋ ដែលជាប់គាំងនៅផ្ទះ រួមទាំងមនុស្សជាច្រើនដែលបាត់បង់ការងារ ឬមិនអាចធ្វើការបាន។
នៅខែមីនា ឆ្នាំ២០២០ សភាអាមេរិកបានប្រញាប់ប្រញាល់អនុម័តកញ្ចប់ថវិកា ជំរុញសេដ្ឋកិច្ចចំនួន២,២ទ្រីលានដុល្លារ ដែលបានផ្តល់លំហូរសាច់ប្រាក់ ចូលទៅក្នុងចរន្តសេដ្ឋកិច្ច របស់កម្មករអាមេរិក គ្រួសារ និងអាជីវកម្ម។ នេះគឺជាការចាក់បញ្ចូលសាច់ប្រាក់ ដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ទី២: ភាពរឹងមាំក្នុងទីផ្សារការងារ
ការហក់ឡើងនៃអត្រាអតិផរណា គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយ សម្រាប់ជនជាតិអាមេរិកជាច្រើន។ ប៉ុន្តែភាពរឹងមាំនៃទីផ្សារការងារ បានជួយដល់ការរកប្រាក់ចំណូល ដែលជាម៉ាស៊ីនជំរុញការចំណាយរបស់អ្នកប្រើប្រាស់។
អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោម៤% ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលប្រាក់ឈ្នួលពិតប្រាកដ ក៏បានកើនឡើងផងដែរ។
ទី៣: ឯករាជ្យភាពលើវិស័យថាមពល
សហរដ្ឋអាមេរិក គឺជាប្រភពនាំចេញថាមពលដ៏ធំបំផុតមួយនៅលើពិភពលោក ដែលអ្នកជំនាញបានអះអាងថា ការនាំចេញនេះបានជួយដល់ភាពរឹងមាំរបស់សេដ្ឋកិច្ចអាមេរិក។
អ្នកវិភាគលើកឡើងថា នៅពេលដែលប្រទេសរុស្ស៊ី បានបើកការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ តម្លៃថាមពលបានកើនឡើងយ៉ាងគំហុក ហើយតំបន់អឺរ៉ុបបានរងឥទ្ធិពលពីការហក់ឡើងថ្លៃ ថាមពលខ្លាំងជាងអាមេរិកឆ្ងាយណាស់។
តួយ៉ាង ប្រទេសអាល្លឺម៉ង់ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់អឺរ៉ុប បានជួបប្រទះវិបត្តិអតិផរណា លើតម្លៃថាមពលដោយសារប្រទេសនេះ ធ្លាប់ពឹងផ្អែកខ្លាំងលើឧស្ម័នធម្មជាតិ ដែលនាំចូលពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរ Nord Stream 2៕ប្រភព៖BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here