ប្រទេសចំនួន៣ក្នុងតំបន់អាស៊ានកំពុងប្រជែងគ្នាទាញយកសក្តានុពលសេដ្ឋកិច្ចពីគម្រោងដឹកជញ្ជូនធំៗតាមផ្លូវសមុទ្រ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Westports ដែលជាប្រតិបត្តិករកំពង់ផែខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ី គ្រោងរៃអង្គាសប្រាក់ចំនួន៣៩,៦ពាន់លានរីងហ្គីត (ប្រហែល៨,៣ពាន់លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងពង្រីកកំពង់ផែរបស់ខ្លួន។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Westports គឺជាប្រតិបត្តិកររបស់កំពង់ផែ Port Klang ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់ របស់ប្រទេសម៉ាឡេស៊ី។

យោងតាមរបាយការណ៍ពីសារពត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាព ចំណតផែកុងតឺន័ររបស់កំពង់ផែ Port Klang ពី១៤លាន TEUទៅដល់២៧លាន TEU។

ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីកំពុងសាងសង់កំពង់ផែ Tuas ដែលមានតម្លៃ១៩,៩ពាន់លានដុល្លារ។  កំពង់​ផែ​នេះ ​កំពុង​ត្រូវ​បាន​សាងសង់ឡើង​ជា​៤ដំណាក់​កាល ខណៈការ​សាង​សង់​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ២០២០។ ដំណាក់​កាលទាំង​៤នេះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​រួចរាល់នៅ​ត្រឹមឆ្នាំ២០៤០។

ដំណាក់កាលទី១ នៃកំពង់ផែTuas របស់ប្រទេសសិង្ហបុរី គ្រោងនឹងសាងសង់បញ្ចប់រួចរាល់ និងបើកដាក់ឱ្យដំណើរការយ៉ាងពេញលេញ នៅឆ្នាំ២០២៧ខាងមុខ ដែលនឹងមានសមត្ថភាពចំណតផែកុងតឺន័រចំនួន២០លាន TEUs។

បើក្រឡេកមកមើលប្រទេសថៃវិញ គេសង្កេតឃើញថា ចាប់តាំងពីឡើងកាន់អំណាចមក លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិងកំពុងទាក់ទាញ ការវិនិយោគពីវិស័យឯកជនសម្រាប់គម្រោង Landbridge  ដែលនឹងតភ្ជាប់កំពង់ផែទឹកជ្រៅ នៅខេត្តចំនួនពីរគឺ ខេត្ត Ranong នៅម្ខាង និងខេត្តChumphon នៅម្ខាងទៀត។

គម្រោង Land Bridge នេះនឹងអនុញ្ញាតឱ្យកប៉ាល់អាចបើកជៀសពីច្រកសមុទ្រម៉ាឡាកា បានទាំងស្រុង ខណៈថវិកាដែលត្រូវចំណាយដើម្បីសាងសង់គម្រោង មានទំហំទឹកប្រាក់ប្រហែល២៨ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here