ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយគោលដៅផ្សព្វផ្សាយពី”គោលដៅទេសចរណ៍របស់ប្រទេសទាំង២” កម្ពុជា និងឥណ្ឌូនេស៊ី បានយល់ព្រមក្នុងការធ្វើពិពិធកម្មការតភ្ជាប់ជើងហោះហើរ ដោយតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូនេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
គោលដៅទាំងនោះរួមមាន ដូចជា ខេត្តសៀមរាប និងតំបន់ឆ្នេរ ស្របពេលដែលការមកដល់ នៃភ្ញៀវទេសចរឥណ្ឌូនេស៊ី កំពុងកើនឡើង។
ការប្តេជ្ញាចិត្តលើការលើកកម្ពស់ “ប្រទេស២ គោលដៅតែ១” បានធ្វើឡើងក្នុងជំនួប រវាងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ នៅទីស្តីការក្រសួងទេសចរណ៍។
នៅក្នុងជំនួបនោះភាគីទាំង ២ បានពិភាក្សាពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ និងស្តង់ដាទេសចរណ៍ ដើម្បីជំរុញទេសចរទៅវិញទៅមក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបានដកស្រង់សម្ដីដោយលើកឡើងថា លោករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ការយល់ដឹង ពីគោលដៅទេសចរណ៍នៃប្រទេសទាំង២ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូនេស៊ី មកគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជាខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម។
កិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនផ្លូវអាកាសទ្វេរភាគីកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៦៩ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ ២០០៦។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គឺជាទីផ្សារដ៏ធំបំផុតមួយនៅក្នុងទ្វីបអាស៊ី សម្រាប់ទាំងផ្នែកសេដ្ឋកិច្ច និងប្រជាជន ដែលកម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ជុំវិញការពង្រីកជើងហោះហើរត្រង់នេះ។
លោកស្រីថ្លែងថា “ការហោះហើរត្រង់កាន់តែច្រើន រវាងប្រទេសទាំង២ នឹងផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសយើងក្នុងការទាក់ទាញភ្ញៀវឥណ្ឌូនេស៊ី ក៏ដូចជាធុរជនកាន់តែច្រើន”។ លោកស្រីបន្តថា “ដូចយើងអាចមើលឃើញថា ប្រទេសឥណ្ឌូនេស៊ីអាចជាទីផ្សារទេសចរណ៍ឈានមុខគេនៅអាស៊ី បើនិយាយពីចំនួនប្រជាជន”។
លោកស្រីបានផ្តល់អនុសាសន៍ថា កម្ពុជាបានរៀបចំកញ្ចប់ទេសចរណ៍ណាមួយឱ្យបានល្អ ទាក់ទងនឹងការស្នាក់នៅ ហើយជាពិសេសអាហារដូចជាអាហារហាឡាល ដើម្បីបម្រើដល់ពួកគេ។លោកស្រីឆាយ ស៊ីវលីនបានបន្តថា យើងយល់ថា កន្លងមកដោយសារយើងខ្វះអាហារហាឡាល។ ភ្ញៀវទេសចរភាគច្រើនមានតែនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាកន្លែងបម្រើអាហារហាឡាល។ ដូច្នេះហើយ នៅពេលនេះ គោលដៅជាច្រើនផ្សេងទៀត ត្រូវរៀបចំឱ្យបានល្អ ដើម្បីបម្រើពួកគេ។
កាលពីខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Air Asia បានចាប់ផ្តើមការហោះហើរត្រង់ រវាងទីក្រុងហ្សាការតា និងរាជធានីភ្នំពេញ ជាវិធានការមួយដែលត្រូវបានគេរំពឹងថា នឹងពង្រឹងឧស្សាហកម្មទេសចរណ៍ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។
ការបង្កើតឱ្យមានជើងហោះហើរត្រង់នេះ ធ្វើឡើងតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខានៅស្ថានទូតឥណ្ឌូនេស៊ី ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១០ មេសា។
យោងតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២៣ ប្រទេសកម្ពុជាបានស្វាគមន៍ការមកដល់ របស់ភ្ញៀវបរទេសចំនួនជាង៥,៤៥ លាននាក់ កើនឡើង១៣៩,៥ ភាគរយបើធៀបឆ្នាំ ២០២២ ក្នុងនោះភ្ញៀវជនជាតិឥណ្ឌូនេស៊ី មានចំនួន១២៧,១៧៨ នាក់ កើនឡើងជាង៦៨ ភាគរយ៕