ដោយ: គង់ លាងហួរ
ភ្នំពេញ: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានចូលរួម ក្នុងកិច្ចពិភាក្សាតុមូលមួយស្តីពី“ការតស៊ូ ដើម្បីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥”។
កិច្ចពិភាក្សានេះបានរៀបចំឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការសិក្សាកិច្ចការ ក្នុងតំបន់(CCRS) ក្នុងគោលបំណងពិភាក្សា អំពីផ្លូវឆ្ពោះទៅមុខសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។
ក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ បានធ្វើបទបង្ហាញ អំពីអាទិភាពរបស់ប្រទេសរៀងៗខ្លួន សម្រាប់តំបន់អាស៊ាន និងមាគ៌ានាពេលអនាគត។
តួយ៉ាង លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ក្នុងឱកាសប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី វាក៏មានសារៈសំខាន់ផងដែរ ក្នុងការសម្លឹងមើលឱ្យលើស អំពីកិច្ចសហប្រតិបត្តិការទ្វេរភាគីរបស់យើង”។លោកបន្តថា “ឥណ្ឌូនេស៊ីមានឆន្ទៈ ក្នុងការធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីជំរុញឱ្យមានអង្គការតំបន់និយមកាន់តែខ្លាំង ជាពិសេសនៅក្នុងបរិបទនៃការកសាងសហគមន៍អាស៊ាន”។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានមានប្រសាសន៍ឱ្យដឹងថា “វាជាព័ត៌មាន និងដំណឹងល្អ ដែលឯកអគ្គរដ្ឋទូតទាំង២ បានចែករំលែកបទពិសោធន៍ការទូត និងចំនេះដឹងស្តីពីតំបន់អាស៊ីអាគ្នេយ៍ និងទស្សនៈ ដើម្បីលើកកម្ពស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥”។
ឥណ្ឌូនេស៊ីគឺជាឈ្នាន់ដ៏សំខាន់ សម្រាប់ដំណើររបស់កម្ពុជាឆ្ពោះទៅក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០ខាងមុខ។
កម្ពុជា និងឥណ្ឌូនេស៊ី មានប្រវត្តិទំនាក់ទំនងទ្វេរភាគី តាំងពីយូរយារណាស់មកហើយ គិតចាប់តាំងពីសម័យ ព្រះបាទជ័យវរ្ម័នទី២ នៃអាណាចក្រខ្មែរ ដែលគង់នៅកោះជ្វា ក្នុងសតវត្សទី៨។
កម្ពុជា និងឥណ្ឌូនេស៊ីបានពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច កម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងគម្រោងបង្កើតគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី នៅកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស សម្រាប់ឆ្នាំនេះ។
ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ នៅតំបន់អាស៊ាន ហើយត្រូវបានចាត់ទុកថាជាទីផ្សារ ដែលកំពុងរីកចម្រើនមួយនៅទូទាំងពិភពលោក ដោយសារតែកំណើនសេដ្ឋកិច្ច និងនយោបាយការទូត មានភាពលេចធ្លោទាំងនៅលើឆាកតំបន់ និងពិភពលោក។
ឥណ្ឌូនេស៊ី បានបង្ហាញឆន្ទៈចង់ពង្រីក សក្តានុពលអាជីវកម្មបច្ចុប្បន្ននៅកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២កាន់តែរីកធំ និងកាន់តែមានតុល្យភាព។
លើសពីនេះ ឥណ្ឌូនេស៊ីក៏មានបំណងប្រែក្លាយប្រទេសរបស់ខ្លួនទៅជាគោលដៅថ្មីសម្រាប់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅបរទេសផងដែរ។ ការណ៍នេះនឹងជួយផ្សារភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការយុវជនរវាងប្រទេសទាំងពីរ។
ចំណែក លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសាទរចំពោះការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានប្តូរវេន របស់កម្ពុជានៅឆ្នាំ២០២២។ លោកបានថ្លែងថា សហរដ្ឋអាមេរិក បានផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះតំបន់អាស៊ាន ដែលមានប្រជាជនចំនួន៦០០លាននាក់។
ជាមួយគ្នានេះ កម្ពុជាអាចនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី ជាមួយឥណ្ឌូនេស៊ី ខណៈដែលឥណ្ឌូនេស៊ី ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោក នៅត្រឹមឆ្នាំ២០៤៥ខាងមុខ៕