ដោយ: គង់ លាងហួរ
អន្តរជាតិ: ទស្សនវិស័យទីផ្សារលំនៅដ្ឋានក្នុងប្រទេសថៃ នៅតែមានភាពមិនច្បាស់លាស់ សម្រាប់ដើមត្រីមាសទី១ ឆ្នាំ២០២៤នេះ ដោយសារអ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះខ្វះទំនុកចិត្ត ស្របពេលដែលអត្រាការប្រាក់កើនឡើង។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានអះអាងថា “ការផ្គត់ផ្គង់ និងតម្រូវការបានរងផលប៉ះពាល់ខ្លាំង ដោយសារអត្រាការប្រាក់ ដែលត្រូវបានដំឡើងជាច្រើនដងកាលពីឆ្នាំមុន ដល់អត្រាគោលនយោបាយ២,៥ភាគរយ”។
-->
លោកបានបញ្ជាក់ថា “អ្នកអភិវឌ្ឍន៍ប្រឈមមុខ នឹងការចំណាយហិរញ្ញវត្ថុកាន់តែខ្ពស់ ខណៈពេលដែលអំណាចទិញ របស់អ្នកទិញផ្ទះបានធ្លាក់ចុះ។ ដូច្នេះវាជះប៉ះពាល់ដល់ប្រាក់ចំណូល របស់អ្នកអភិវឌ្ឍន៍”។

សន្ទស្សន៍ទំនុកចិត្តរបស់អ្នកទិញផ្ទះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានស្ថិតក្នុងរង្វង់៤៤,៥ពិន្ទុ ដែលកើនឡើងពី៤១,២ពិន្ទុ ក្នុងរយៈពេល៩ខែដំបូង ប៉ុន្តែនៅតែទាបជាងកម្រិតមធ្យមភាគ ចំនួន៥០ពិន្ទុដដែល ដែលបង្ហាញថាទំនុកចិត្តអ្នកទិញ នៅតែមានកម្រិតទាប។
លោក Vichai បានលើកឡើងថា “ការថយចុះនៃទំនុកចិត្តអ្នកទិញផ្ទះ ទំនងជាបណ្តាលមកពីកត្តាសេដ្ឋកិច្ចធ្លាក់ចុះ ដែលរងផលប៉ះពាល់ ដោយសារកត្តាអវិជ្ជមានជាច្រើន ជាពិសេសការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ(BOT)”។
លើសពីនេះ ធនាគារកណ្តាលថៃ មិនមានបំណងបន្ធូរបន្ថយការទប់ស្កាត់ការផ្តល់ប្រាក់កម្ចីនោះទេ ដោយសារកម្រិតបំណុលក្នុងគ្រួសារបានកើនឡើងយ៉ាងគំហុក។ មជ្ឈមណ្ឌល REIC បញ្ជាក់ថា “កត្តាទាំងនេះ បានធ្វើឱ្យអំណាចនៃការទិញផ្ទះ និងទំនុកចិត្តរបស់អ្នកទិញមានការធ្លាក់ចុះ ខណៈអ្នកទិញមានការព្រួយបារម្ភ អំពីការបដិសេធរបស់ធនាគារ ដែលមិនឱ្យពួកគេខ្ចីប្រាក់បន្ត”។
ទន្ទឹមគ្នានេះ មជ្ឈមណ្ឌល REIC ក៏បានរាយការណ៍ផងដែរថា សន្ទស្សន៍ទំនុកចិត្តអ្នកអភិវឌ្ឍន៍ លំនៅដ្ឋាននៅតំបន់ទីក្រុងបាងកក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានស្ថិតក្នុងរង្វង់៤៧,៦ពិន្ទុ ដែលធ្លាក់ចុះពី៤៩,៧ពិន្ទុ ក្នុងត្រីមាសទី៣ និង៥១,៥ពិន្ទុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២៕