Hattha top Banner

និន្នាការចំនួន៤ នឹងជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ បន្តមានសន្ទុះខ្លាំង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) ព្យាករថា វិស័យអចលនទ្រព្យពាណិជ្ជកម្ម របស់ប្រទេសថៃនឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤ ដោយសារនិន្នាការចំនួន៤ នៅក្នុងប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍។

លោក Michael Glancy នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានលើកឡើងថា “និន្នាការទី១ គឺគម្រោងធំៗជាច្រើន ដែលកំពុងរីកចម្រើន ដែលនឹងទាក់ទាញវិនិយោគិន ក្រុមហ៊ុនចម្រុះជាតិសាសន៍ និងបុគ្គលិកជំនាញបរទេសឱ្យផ្លាស់ប្តូរ ទីតាំងទៅកាន់ប្រទេសថៃ”។

លោក​បាន​បន្ត​ថា​ “និន្នាការ​នេះ ​បាន​ជំរុញ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​ទីក្រុង​បាងកក ​ឲ្យ​បង្កើតគម្រោង​ប្រើប្រាស់​ចម្រុះ​ជាង​១០គម្រោង​ ដែលមានស្តង់ដារ​លំដាប់​ពិភពលោក​”។

លោកអះអាងថា  “គម្រោងទាំងនេះ នឹងបន្ថែមទំហំការិយាល័យកម្រិត A ជាង៩០ម៉ឺនម៉ែត្រការ៉េ ផ្សារទំនើប៣០ម៉ឺនម៉ែត្រការ៉េ ខុនដូប្រណីតចំនួន៥.៤០០យូនីត និងសណ្ឋាគារជិត៦ពាន់បន្ទប់ នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅត្រឹមឆ្នាំ២០២៨”។

លោក Glancy បានបន្តទៀតថា និន្នាការទី២ គឺការកែលម្អជួសជុលអគារចាស់ៗ នៅក្នុងទីក្រុងបាងកក ទៅជាអចលនទ្រព្យពាណិជ្ជកម្មលំដាប់ខ្ពស់។  ការស្ទង់មតិរបស់ក្រុមហ៊ុន JLL បានរកឃើញថា “ចំនួនជាង៦០% នៃអគារការិយាល័យទាំងអស់ នៅក្នុងតំបន់ទីក្រុងបាងកក មានអាយុកាលលើសពី២០ឆ្នាំ ដែលនឹងត្រូវជួសជុលឡើងវិញដើម្បីបំពេញតម្រូវការទីផ្សារ”។

រីឯ និន្នាការទី៣ គឺគោលគំនិត ESG ដែលអ្នកអភិវឌ្ឍន៍ថៃ កំពុងអនុវត្តស្របតាមស្តង់ដារអន្តរជាតិ ក្នុងការគ្រប់គ្រងបរិស្ថាន សង្គម និងសាជីវកម្ម។  ESG គឺជាពាក្យកាត់មកពី “Environmental” “Social” និង“Corporate”។

លោកបានលើកឡើងថា “ស្តង់ដារទាំងនេះ ដូចជា LEED (Leadership in Energy and Environmental Design ឬភាពជាអ្នកដឹកនាំក្នុងការរចនាថាមពល និងបរិស្ថាន) និងស្តង់ដារអគារ WELL គឺជាកត្តាជំរុញឱ្យក្រុមហ៊ុនសាជីវកម្ម ពហុជាតិជ្រើសរើសការិយាល័យ និងកន្លែងដឹកជញ្ជូន ដើម្បីបំពេញតម្រូវការ ESG របស់ពួកគេ”។

ចំណែកនិន្នាការទី៤ ចុងក្រោយដែលក្រុមហ៊ុន JLL ជឿជាក់ថា នឹងជួយជំរុញវិស័យអចលនទ្រព្យ ពាណិជ្ជកម្មនៅប្រទេសថៃ គឺលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលប្រទេសថៃ ដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសនេះ។

លោក Glancy បានកត់សម្គាល់ថា នៅឆ្នាំ២០២៣ ចំនួនជាង៦៥% នៃការិយាល័យសម្រាប់ជួល នៅក្នុងប្រទេសថៃត្រូវបានជួលទៅឱ្យក្រុមហ៊ុនបរទេស ខណៈដែលចំនួនជាង១០% នៃការផ្ទេរខុនដូសរុប នៅក្នុងតំបន់ទីក្រុងបាងកក គឺផ្ទេរទៅឱ្យអតិថិជនបរទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here