រដ្ឋបាលខេត្ត និងJICAផ្តោតលើបញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់កសាងក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ

0

        ដោយៈ គង់ សូរិយា

        សៀមរាបៈ គណៈកម្មាធិការទីក្រុងឆ្លាតវៃ និងគណៈកម្មាធិការសម្របសម្រួលរួមបើកកិច្ចប្រជុំលើកទី៥​ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប។

កិច្ចប្រជុំគណៈកម្មាធិការទីក្រុងឆ្លាតវៃ(SCC)​ និងគណៈកម្មាធិការសម្របសម្រួលរួម(JCC) កាលពីដើមសប្តាហ៍នេះ បានបើកកិច្ចប្រជុំលើកទី៥ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)​។

ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សកម្មភាពនាពេលអនាគតនៃគម្រោង ដោ​យក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្ត​ និង លោកTanaka Yukinari ប្រធានក្រុមទី២​ នៃក្រុមការងារអភិវឌ្ឍទីក្រុង និងតំបន់ នៃនាយកដ្ឋានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

លោក​យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រ​សាសន៍ថា រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិ​បត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អស់រយៈពេលជាង៤ឆ្នាំមកហើយលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ទីក្រុងសៀមរាប នៃខេត្តសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាស្វែងរកបញ្ហាប្រឈម និងបានរៀបចំជាផែនទីបង្ហាញផ្លូវ “សៀមរាបឆ្លាតវៃ”។

លោកបានបន្តថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេ​សជប៉ុន ក៏បានសហការ និងគាំទ្រយ៉ាងពេញទំហឹង ដល់រដ្ឋបាលខេត្ត ក្នុងការដាក់ឲ្យអនុវត្តន៍ គម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៦ ក្នុងក្រុងសៀមរាប ដែលក្នុងនោះគម្រោងមួយចំនួនបានបញ្ចប់ ហើយគម្រោងមួយចំនួនទៀត បាននិងកំពុងអនុវត្ត និងដំណើរការស្របតាមផែនការរបស់គម្រោង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននឹងកំពុងសិក្សាលើគម្រោងសាកល្បងសម្រាប់វគ្គទី២ បន្ថែមថ្មីចំនួន២ទៀត ដូចជាទី១ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ និងទី២ ការអភិវឌ្ឍប្រព័ន្ធថ្នាលទិន្ន​ន័យ(Data platform) ដើម្បីអនុវត្តនាពេលខាងមុខផងដែរ។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ គឺទាមទារនូវការកសាងសមត្ថភាព ដល់មន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ក្នុងរយៈពេលយូរបន្ថែមទៀត ពីព្រោះទីក្រុងឆ្លាតវៃនេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ការរៀបចំប្រព័ន្ធ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប សម្រាប់ការកសាងទំនាក់ទំនងរវាងរដ្ឋបាលខេត្តជាមួយឯកជន និងបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ ក៏ជាចំណុចដ៏សំខាន់ ក៏ប៉ុន្តែចំណុចនេះយើងនៅខ្វះខាតនៅឡើយ។

ម្យ៉ាងវិញទៀត គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ក៏គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះដែរ ដែលបញ្ហានេះគឺជាការព្រួយបារម្ភមួយយ៉ាងខ្លាំងសម្រាប់រដ្ឋបាលខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះដែរលោក អភិបាលរងខេត្ត​ ក៏បានមានប្រសាសន៍សំណូមពរដល់ ក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន សូមពិនិត្យលទ្ធភាពក្នុងការបន្តការអនុវត្តគម្រោង នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការជួយរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ នៅក្នុងដំណាក់កាលទី២ បន្តទៀត បន្ទាប់ពីជំហានទី១ ដែលនឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ខាងមុខ ដោយលោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន( JICA )នឹងពិនិត្យទៅលើសំណើនេះដោយក្តីអនុគ្រោះជាទីបំផុតផងដែរ។

នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញ ពីក្រុមការងារជំនាញនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងក្រុមការងា​ររដ្ឋបាលខេត្តសៀមរាប ដោយបានធ្វើបទបង្ហាញនូវចំណុចលំអិតជាច្រើនទាក់ទងនឹងការអ​នុវត្តនិតិវិធីនានា ដើម្បីធ្វើឲ្យទីក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here