ដោយ: គង់ លាងហួរ
បាងកក: ក្រសួងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃថៃ បានប្តេជ្ញាធ្វើឲ្យប្រសើរឡើងនូវពន្ធដី និងអគារ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន ដល់សាធារណជនស្របពេល ដែលប្រទេសថៃកំពុងជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចមួយចំនួន។
ថ្លែងនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសមាគមអចលនវត្ថុធំៗ ក្នុងប្រទេសថៃ លោក Paopoom Rojanasakul រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានលើកឡើងថា ការស្នើសុំកែលម្អពន្ធលើដីធ្លី និងអគារមានគោលបំណងលើកកម្ពស់ទាំងប្រសិទ្ធភាពនៃការប្រមូលពន្ធ និងការកំណត់ពន្ធក្នុងអត្រាសមស្រប។
លោក Paopoom បានមានប្រសាសន៍បន្តថា “អត្រាពន្ធមិនគួរបង្កើនការលំបាកសម្រាប់ប្រជាជននោះទេ ស្របពេលដែលសេដ្ឋកិច្ចថៃនៅតែមានស្ថានភាពមិនសូវអំណោយផលនៅឡើយ”។ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យធនាគារកណ្តាលថៃបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីដែនកំណត់ប្រាក់កម្ចីធៀបទៅនឹងតម្លៃ (LTV) ដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលនឹងជួយជំរុញសេដ្ឋកិច្ច។
លោក Paopoom បានអះអាងថា “ធនាគារកណ្តាលថៃមិនគួរចាត់ទុកការបន្ធូរបន្ថយវិធានការ LTV ដ៏តឹងរ៉ឹងថា ជាការលើកទឹកចិត្តសាធារណៈជនឱ្យខ្ចីប្រាក់កម្ចីបន្ថែមទៀតនោះទេ។ ផ្ទុយទៅវិញ ការបន្ធូរបន្ថយគឺជាសញ្ញាវិជ្ជមាន ព្រោះវាអាចជួយជំរុញកំណើនសេដ្ឋកិច្ច” ។
លើសពីនេះ លោកបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុនានា បន្ធូរបន្ថយលក្ខខណ្ឌឥណទានរបស់ពួកគេរៀងៗខ្លួន ដោយអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពទទួលបានឥណទានកាន់តែច្រើនជាងពេលនេះ។លោកបានបញ្ជាក់ទៀតថា ក្រសួងហិរញ្ញវត្ថុទទួលស្គាល់សារៈសំខាន់នៃទីផ្សារអចលនទ្រព្យ ដោយយើងនឹងអនុវត្តវិធានការជំរុញវិស័យនេះក្នុងឆ្នាំ២០២៤នេះ តាមរយៈការកែលម្អគោលនយោបាយពន្ធ និងហិរញ្ញវត្ថុផងដែរ។
វិធានការពន្ធរួមមាន ការកាត់បន្ថយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ចំពោះប្រាក់ចំណូល ដែលបានបង់លើការប្រាក់សម្រាប់ប្រាក់កម្ចី ដែលខ្ចីមកទិញ ជួល ឬសាងសង់លំនៅដ្ឋាន ដោយកាត់បន្ថយជាអតិបរមាចំនួន១០មុឺនបាត(ជាង២.៨០០ដុល្លារ)។
លើសពីនេះ ការកាត់បន្ថយបន្ទុកពន្ធលើដី និងអគារចំនួន៩០% ត្រូវបានផ្តល់ជូនម្ចាស់ដី ឬអគារ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ចំនួន៣ឆ្នាំ ក្នុងគោលបំណងបន្ធូរបន្ថយបន្ទុកពន្ធក្នុងអំឡុងពេលសាងសង់៕