ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Economist Intelligence Unit (EIU)បានឱ្យដឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់សមុទ្រក្រហម អាចនឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីទាំងមូល និងជំរុញឱ្យអត្រាអតិផរណាកើនឡើង ហើយបណ្តាប្រទេស ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត រួមមាន ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។
ជាមួយគ្នានេះ យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា ក្នុងរយៈពេល២ខែដំបូង ដើមឆ្នាំ២០២៤នេះ សកម្មភាពពាណិជ្ជកម្ម នៅព្រែកជីកស៊ុយអេ(Suze) បានដាំក្បាលចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ព្រែកជីកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏ខ្លីបំផុត រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលគ្របដណ្តប់ប្រមាណ១៥ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោកតាមផ្លូវសមុទ្រ។
ប៉ុន្តែក្រោយពីក្រុមឧទ្ទាម ហ៊ូទី បានបើកការវាយប្រហារទៅលើតំបន់សមុទ្រក្រហម នាវាដឹកទំនិញជាច្រើន បានផ្លាស់ប្តូរទិសដៅធ្វើដំណើរទៅតាមផ្លូវវាងជុំវិញទ្វីបអាហ្វ្រិក ដែលត្រូវចំណាយពេលជាមធ្យមចំនួន១០ថ្ងៃ។
ក្រុមហ៊ុនEIU បានព្រមានថា ភាពតានតឹងនេះ អាចអូសទាញកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីឱ្យថយចុះ និងជំរុញអត្រាអតិផរណាឱ្យកើនឡើង។ ទោះជាយ៉ាងនេះក្តី ការនាំចេញរបស់បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី បានរងផលប៉ះពាល់រួចទៅហើយ គិតចាប់តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ដោយសារតែការបញ្ជាទិញពីប្រទេសលោកខាងលិចមានការថមថយចុះ។
ដូច្នេះហើយ ការវាយប្រហារដោយក្រុមឧទ្ទាម ហ៊ូទី ទៅលើនាវាដឹកទំនិញនាពេលថ្មីៗនេះ នឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែលំបាក ជាពិសេសគឺ ប្រទេសដែលពឹងផ្អែកខ្លាំង លើការនាំចេញ ហើយប្រទេស ដែលងាយរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។
យោងតាមការគណនារបស់ក្រុមហ៊ុនស្រាវជ្រាវ EIU រកឃើញថា ដើមឡើយ ការដឹកជញ្ជូនទំនិញពីទ្វីបអឺរ៉ុប ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ត្រូវចំណាយពេលប្រហែល៣២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពេលនេះ ការដឹកជញ្ជូនទំនិញរវាងទ្វីបទាំង២ ត្រូវចំណាយពេលចំនួន៥៦ថ្ងៃ។ ចំណែកឯការដឹកជញ្ជូនពីអឺរ៉ុប ទៅកាន់ប្រទេសចិន ត្រូវចំណាយពេលចំនួន៥៥ថ្ងៃ បើធៀបនឹងចំនួន៤២ថ្ងៃកាលពីមុន។
កាលពីខែមករាកន្លងទៅ ក្រុមហ៊ុនវិភាគសេដ្ឋកិច្ច Oxford Economics បានព្រមានថា បច្ចុប្បន្ននេះ ថ្លៃដឹកជញ្ជូនកុងតឺន័របានកើនឡើងទ្វេរដង បើធៀបនឹងដើមខែធ្នូ ឆ្នាំ២០២៣ ហើយកំណើនថ្លៃដឹកជញ្ជូន នឹងបង្កផលប៉ះពាល់ដល់ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេស ដែលពឹងផ្អែកលើការនាំចូលអាហារ ដូចជា ប្រទេសឥណ្ឌា និងប៉ាគីស្ថានជាដើម។
ក្រុមហ៊ុន EIU បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អាចបន្ទាបកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីចំនួន០,៥ភាគរយ នៅឆ្នាំ២០២៤នេះ និងបង្កើនអត្រាអតិផរណាចំនួន០,៤ភាគរយបន្ថែមទៀត៕