រដ្ឋាភិបាលអនុម័តគំរោងវិនិយោគតម្លៃជិត១២០០លានដុល្លារ ក្នុងខែកុម្ភៈ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត គម្រោង​វិនិយោគ​ចំនួន៣៧ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត១,២០០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ កាលពី​ខែកុម្ភៈ​កន្លងទៅនេះ។

ទិន្នន័យបានបន្តថា ​ក្នុង​រយៈពេល៦ខែ (​ពី​ខែ​ ៨ ឆ្នាំ​ ២០២៣ ដល់​ខែ​១ ឆ្នាំ​២០២៤) រដ្ឋាភិបាល​អាណត្តិ​ទី​៧ មានការ​អនុម័ត​គម្រោ​ង​វិនិយោគ​ថ្មីៗ ក្នុង​ទឹក​ជិត​៤​ពាន់​លាន​ដុល្លារ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១២ ខែមីនា ឆ្នាំ​ ២០២៤ បាន​បង្ហាញថា កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៤ CDC​ បានអនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្មចំនួន៣៧គម្រោង (​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២៤ ក្នុងនោះ​មាន​គម្រោង​ពង្រីក​ផលិត​កម្ម​ចំនួ១​ និង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១៣គម្រោង ក្នុងនោះ​មាន​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន១​។

CDCបានបន្តថា គម្រោង​វិនិយោគ ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ប្រចាំខែ​ នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ​រួមមាន​៖ គម្រោង​វិនិយោគ​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក អានុភាព១៥០ MW តាម​រូបភាពBOT ដែលមានទីតាំង​ស្ថិតនៅ​ខេត្តកោះកុង ក្នុង​ទុនវិនិយោគ​ប្រមាណ៤៤០លាន​ដុល្លារ​, គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់ឆ្នាំង ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ទុនវិនិយោគ​ប្រមាណ១០៨​លាន​ដុល្លារ​។

គម្រោង និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ក្នុង​ទុនវិនិយោគ​ប្រមាណ​ជាង១០៧លាន​ដុល្លារ​ គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ក្នុង​ទុនវិនិយោគ​ប្រមាណ៣០លាន​ដុល្លារ ដែល​គម្រោង​ទាំង​២​នេះ ​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។​

 គម្រោង​វិនិយោគ ដែល​លេចធ្លោ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ CDCបានបញ្ជាក់ថា ​ជា​គម្រោង​ពង្រីក​ផលិតកម្ម ​របស់​គម្រោង​វិនិយោគ​ផលិត​សំបក​កង់​រថយន្ត ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ ជាន ពុ ចាយ នៅ​ខេត្តស្វាយរៀង ក្នុង​ទុនវិនិយោគ​បន្ថែម​ប្រមាណ២១២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បន្ថែម​បាន​ចំនួន៦៥៥កន្លែង​។​

CDCបានបង្ហាញ​សុទិដ្ឋិនិយម​ថា​ “កម្ពុជា​នឹង​ក្លាយទៅជា​ទីតាំង​ដែលមាន​ភាព​អំណោយផល ​សម្រាប់​គាំទ្រ​ដល់​ការរីកលូតលាស់​នៃ​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ”​។

នៅក្នុង​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច​កម្ពុជា​-​ឥណ្ឌា ដែល​សហការ​រៀបចំឡើង​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​, សមាគម​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​, និង Basic Chemicals, Cosmetics & Dyes Export Promotion Council នា​ថ្ងៃទី ​១៣ ខែមីនា​ លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា បាន​លើកឡើងថា កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង ​ក្នុង​គោលបំណង​ធ្វើ​សន្ធានកម្ម​រវាង​ធុរជន និង​វិនិយោគិន​ក្នុងស្រុក​ជាមួយ​សហគ្រាស​ ដែល​មកពី​ប្រទេស​ឥណ្ឌា សំដៅ​ពង្រឹង និង​ពង្រីក​ការផ្សារភ្ជាប់​បណ្តាញ​លើ​ប្រតិបត្តិការ​ធុរកិច្ច​។​

លោក​បាន​បញ្ជាក់ថា “​កម្មវិធី​មាន​សារៈសំខាន់​ណាស់ ជាពិសេ​ស​ការជ្រើសរើស​កម្ពុជា​ ជា​គោលដៅ​នៃ​ទស្សនកិច្ច​ការងារ​ រប​ស់​គណៈប្រតិភូ ​ដែល​ប្រកប​របរ​លើ​សារធាតុ​គីមី​ ដែល​បម្រើ​ដល់​ខ្សែ​ច្រ​វាក់​ផលិតកម្ម​នៃ​រោងចក្រ និង​កម្មន្តសាល”។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជាបានថថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីកាលពីពេលថ្មីៗនេះថា ក្នុង​រយៈពេល៦​ខែ នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគិន​បរទេស ​នៅ​រាល់ពេល​ធ្វើដំណើរ​ទស្សន​កិច្ច​ ទៅ​ក្រៅប្រទេស គឺ​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​ក្នុង​រយៈពេល​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​គម្រោង​ថ្មីៗ​ ១៧២​ គម្រោង ដែលមាន​ទុនវិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ ដោយ​នៅពេល​គម្រោង​ទាំងនេះ​បញ្ចប់ គឺអាច​បង្កើត​ការងារ​បាន​១៩ម៉ឺន​កន្លែង ​ជូន​ប្រជាពលរដ្ឋ​។​

លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិ​ត្យសភាកម្ពុជា យល់ឃើញថា ការបំពេញ​កិច្ចការងារ​ របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ទទួលបាន​លទ្ធផល​ គួរ​ជាទី​គាប់ប្រសើរ​មិន​ចាញ់​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ​នោះទេ ខណៈដែល​លោក​មើលឃើញថា ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ចំពោះ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​។​

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងផងដែរថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៤ វិនិយោគិន​ក្នុងស្រុក ​បាន​គ្របដណ្ដប់​ទុនវិនិយោគ​សរុប ចំនួន៥៨,៤១% ខណៈពេល​ទុនវិនិយោគ​ មាន​ប្រភព​មកពី​ប្រទេស​ចិន​ មាន​ចំនួន៣៣,១៩​ ភាគរយ​, ប្រទេស​សិង្ហ​បុរី មាន​ចំនួន៤,៣១​ ភាគរយ​, និង​ប្រទេស​វៀតណាម​មាន​ចំនួន៤,០៩ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here