ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចុះផ្សាយអត្ថបទលើកតម្កើងលោក ស៊ី ជីនពីង ជាអ្នកកែទម្រង់ទីផ្សារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានលើកសរសើរលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថា ជាអ្នកធ្វើកែទម្រង់ទីផ្សារ ក្នុងយុគសម័យថ្មី ប្រៀបស្មើរនឹងអតីតមេដឹកនាំកំពូលចិន គឺលោកតេងស៊ាវពីង (Deng Xiaoping)។

អត្ថបទ ដែលមានជិត៦.០០០ពាក្យ ត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែមីនា ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ជាភាសាអង់គ្លេស បានលើកតម្កើង លោកស៊ី ជីនពីង ថា ជា “អ្នកកែទម្រង់ដ៏ឆ្នើមម្នាក់ទៀត ”បន្ទាប់ពីលោក Deng ដែលបានដឹកនាំការបើកចំហរបស់ប្រទេសចិន នៅចុងសតវត្សទី២០ ហើយបានប្រែក្លាយចិនទៅជាមហាអំណាចសេដ្ឋកិច្ច។

អត្ថបទដ៏វែងអន្លាយនោះ បានរៀបរាប់លម្អិតអំពីសមិទ្ធិផលរបស់លោក ស៊ី ក្នុងការធ្វើកំណែទម្រង់ទីផ្សារ និងសេដ្ឋកិច្ចក្នុងរយៈពេល២ទសវត្សរ៍កន្លងមក រួមទាំងការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋ ជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា និងការទាក់ទាញការវិនិយោគបរទេ​ស ដូចជា ក្រុ​មហ៊ុនសំណង់ Tesla Gigafactoryជាដើម។

ការ​លើកតម្កើងលោក ស៊ី ជីនពីង ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​ ហាក់​មាន​ចេតនា​ ដើម្បីស្តារទំនុក​ចិត្ត​លើ​សេដ្ឋកិច្ច​ចិនឡើងវិញ។

អត្ថបទដែលមានជិត៦.០០០ពាក្យនេះ ត្រូវបានចុះផ្សាយមួយថ្ងៃ បន្ទាប់ពីការបិទកិច្ចប្រជុំសភាជាតិ ប្រចាំឆ្នាំរបស់ប្រទេសចិននៅទីក្រុងប៉េកាំង។

នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានបង្ហាញនូវគោលដៅកំណើនសេដ្ឋកិច្ច ប្រកបដោយមហិច្ឆិតាសម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ប្រមាណ៥% ប៉ុន្តែគោលដៅកំណើននេះ បានជំរុញឱ្យមានការជជែកវែកញែក ក្នុងចំណោមក្រុមសេដ្ឋវិទូមួយចំនួន។

ជាមួយគ្នានេះ ក្រុមមន្ត្រីបក្សបានសង្កត់ធ្ងន់ លើតួនាទីស្នូលរបស់លោក ស៊ី ជីនពីង ក្នុងការដឹកនាំសេដ្ឋកិច្ចចេញពីជំងឺរាតត្បាត ទោះបីជាការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចចិន មិនមានសន្ទុះខ្លាំងដូចការរំពឹងទុកយ៉ាងណាក្តី។

អត្ថបទរបស់សារពត៌មាន Xinhua បានសរសេរថា ការថ្លែងរបស់លោក ស៊ី ជីនពីង ក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំ បានលុបបំបាត់ការព្រួយបារម្ភ អំពីសេដ្ឋកិច្ចចិន ដែលកំពុងបាត់បង់សន្ទុះ។

អត្ថបទនោះក៏បានគូសរំលេចផងដែរ នូវសន្និបាតបក្សមួយ ដែលបានកោះប្រជុំក្នុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោក ស៊ី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប្រៀបដូចជាកិច្ចប្រជុំ ដែលដឹកនាំដោយលោក Deng ក្នុងឆ្នាំ១៩៧៨ នៅពេលដែលលោកបានដឹកនាំប្រទេសចិន ឈានជើងចូលយុគសម័យកំណែទម្រង់។

ទីភ្នាកងារសារពត៌មាន Xinhua បានបន្ថែមថា “ព្រឹត្តិការណ៍ឆ្នាំ២០១៣ បានកត់សម្គាល់ពីការចាប់ផ្តើមនៃយុគសម័យថ្មី នៃកំណែទម្រង់របស់លោក ស៊ី ជីនពីង បន្ទាប់ពីលោកតេង ស៊ីវពីង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here