អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមពីការហោះហើរត្រលប់មកវិញរបស់ ក្រុមហ៊ុនអាកាសចរណ៍ឡាវនៅសប្តាហ៍ក្រោយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នក​នៅក្នុង​ឧស្សា​​ហ​កម្មអាកាសចរណ៍ ​បាន​ស្វាគមន៍​ការចាប់ផ្ដើម​ការហោះហើរ​ត្រង់​ឡើងវិញ ​ជាមួយ​ប្រទេស​ឡាវ​ បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​​១៩ ក៏ដូចជា​ វិបត្តិ​សេដ្ឋកិច្ច​ដែល​ប៉ះពាល់ ​ដល់​លំហូរ​ទេសចរណ៍​រវាង​ប្រទេសទាំងពីរនេះ​។​

អ្នក​នាំពាក្យ​ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ថា ជាមួយ​ការ​ប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ប្រទេស​ទាំង២ ​នៅក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី៣ នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែតុលា ឆ្នាំមុន ក៏ដូចជា​ការ​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​ នៃ​វិស័យ​ទេសចរណ៍ ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ឡាវ នឹង​ចាប់ផ្ដើម​ការហោះហើរ​ត្រង់​ជាថ្មី​ពី​ទីក្រុង​វៀងចន្ទន៍ មក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​ថ្ងៃទី​១៩ ខែមីនា​សប្តាហ៍​ក្រោយនេះ​។​

លោក​ពន្យល់ថា​ កន្លងមក​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ​ក៏បាន​ដំណើរការ​ជើងហោះហើរ​ត្រង់ ​លើផ្លូវ​ហោះហើរ​ រវាង​ទីក្រុង​វៀងចន្ទន៍​-​ភ្នំពេញ​-​វៀងចន្ទន៍ ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដល់​ពាក់​កណ្តាល​ទស​​វត្សរ៍​ឆ្នាំ​ ២០០០ ប៉ុន្តែ​ដោយសារ​កត្តា​ទីផ្សារ ​ជើងហោះហើរ​លើផ្លូវ​នេះ​ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ​បាន​អនុវត្ត​សិទ្ធិ​របស់ខ្លួន ​ក្នុងការ​ហោះហើរ​លើផ្លូវ​នេះ ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (​កិច្ចព្រមព្រៀង​សហការ​ជើងហោះហើរ​)​។

លោកបន្តថា “ឥឡូវនេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​នៅតែ​បន្ត​ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់ ​រវាង​ហ្លួងព្រះបាង​-​ប៉ាក់​សេ​-​សៀមរាប​-​ប៉ាក់​សេ​-​លួង​ព្រះ​បាង​ ចំនួន៣​ដង ​ក្នុង​១​សប្តាហ៍​”។​

លោក​ សរ សារិន អនុប្រធាន​សមាគមភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) និង​ជា​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Tovtrip​ ដែលជា​គេហទំព័រ និង​កម្មវិធី​រៀបចំ​ដំណើរ​កម្សាន្ត ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យដឹងផងដែរថា ការចាប់ផ្ដើម​ជាថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ កំពុង​ឆ្លុះបញ្ចាំង​ពី​ភាពប្រសើរឡើង​ នៃ​វិស័យ​ទេសចរណ៍​នៅពេល​បច្ចុប្បន្ន ​បន្ទាប់ពី​វិស័យ​មួយ​នេះ បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​សុខភាព​សកល​។​

លោក​បញ្ជាក់ថា “​យើង​សង្កេតឃើញថា ចាប់តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ត្រូវបាន​ទប់ស្កាត់ ចំនួន​ភ្ញៀវ​​ទេសចរ​មកពី​តំបន់ ជាពិសេស​មកពី​ប្រទេសជិតខាង​របស់​យើង ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​តំបន់​ផ្សេងទៀត​”។

លោក​បញ្ជាក់ថា​ ការ​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​មួយ​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​បម្រើ​លំហូរ​ភ្ញៀវទេសចរ និង​ពាណិជ្ជករ ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង​ ២ ​របស់​យើង​​។​

ចំណែកលោក​ ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) បាន​លើកឡើងថា ការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​រប​ស់​ហ៊ុន​អាកាសចរណ៍​នេះ ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ ​ដែល​កំពុង​ស្ទុះ​ងើបឡើង​​វិញ​បន្តិច​ម្តងៗ ​បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

លោកបញ្ជាក់ថា “យើង​មើលឃើញថា កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាច្រើន​មកពី​តំបន់​កាលពី ពេលកន្លងមក ដូច្នេះ​ការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ឡាវ​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​ នៃ​តម្រូវការ​ជើងហោះហើរ​ រវាង​ប្រទេស​ទាំង​២​ផងដែរ”​។

​លោកស៊ីន ចាន់​សេរី​វុត្ថាបានឲ្យដឹងទៀតថា SSCA បានចេញ​លិខិតអនុញ្ញាត​ហោះហើរ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​មួយ​នេះ​កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ​២០២៤ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេស​ចរ និង​វិនិយោគិន​បរទេស​។

លោក​បាន​បន្តថា​ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ​ក៏បាន​ប្រកាស​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ថ្មី ​ក្នុង​តំបន់​ដោយ​ហោះហើរ​រវាង​សុវណ្ណ​កេ​ត ​បាងកក ​វៀងចន្ទន៍ ​-​ភ្នំពេញ និង​វៀងចន្ទន៍​-​ដា​ណា​ង​ប្រទេស​វៀតណាម​។

លោកបញ្ជាក់ថា “ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ សង្ឃឹម និង​ជឿ​ជាក់​ថា ភ្ញៀវទេសចរ​កម្ពុជា និង​បរទេស​នឹង​គាំទ្រ​ជើងហោះហើរ​ត្រង់នេះ​។ ក្នុង​រយៈពេល​វែង​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ ក៏មាន​គម្រោង​ត​ភ្ជាប់​ផ្លូវ​ហោះហើរ​នេះ ​ទៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​”។​

កម្ពុជា​ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង​៥,៤​លាន​នាក់ ​កាលពី​ឆ្នាំ ​២០២៣​ កើនឡើង​ជិត​១៤០​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ២០២២ ក្នុងនោះ​ភ្ញៀវទេសចរ​ មកពី​ប្រទេស​អាស៊ី​ចំនួន​៤​ មាន​ចំនួន​ជិត​៧០ភាគរយ​នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here