សារពត៌មានAFP បានចាត់ទុកទីក្រុងកោះពេជ្រ ជាទីក្រុងប៉ារីសថ្មីសម្រាប់អភិជន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មានបារាំង AFP បានចុះផ្សាយអត្ថបទមួយស្តីអំពីទីក្រុងរណបកោះពេជ្រ ដោយដាក់ចំណងជើងថា “ការបង្កើតទីក្រុងប៉ារីសថ្មីនៅទីក្រុងភ្នំពេញ សម្រាប់អ្នកមាន”ឬហៅជាភាសាអង់​គ្លេសថា “Recreating Paris in Phnom Penh — for the rich”។

ទីក្រុងរណបកោះពេជ្រ គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ប្រណីតដ៏ធំមួយ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលសាងសង់តាមលំនាំអគារ និងមហាវិថីនានានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោកហេង សុខារិទ្ធ មានវ័យ ៤៩ ឆ្នាំ ដែល​បាន​ទិញ​យូនីតផ្ទះបែបអាជីវកម្ម​ក្នុង​គម្រោងElysee ដែល​ដាក់​ឈ្មោះ​តាម​វិថី Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស បាន​ថ្លែងប្រាប់សារពត៌មានបារាំង AFP ថា​ “អគារ​នេះពិត​ជា​ស្អាតណាស់ ហើយវាជាប្រភពនៃមោទនភាព នៅពេល​ដែល​យើង​មាន​អគារ​បែប​នេះ​នៅ​កម្ពុជា”។

ក្រុមហ៊ុន OCIC ដែលជាអ្នកអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះពេជ្រ បានប្រែក្លាយតំបន់ ដែលធ្លាប់ជាវាលភក់នៅលើកោះមួយ ទៅជាតំបន់ដែលមានអគារខ្ពស់ៗ មានសាលារៀនលំដាប់អន្តរជាតិ និងមានមន្ទីរពេទ្យល្អៗ។

ក្រុមហ៊ុនOCICបានបណ្តាក់ទុនចំនួន៤០០លានដុល្លារ នៅក្នុងគម្រោង Elysee ដែលបានចាប់ផ្តើមដំណើរការដំបូង ក្នុងឆ្នាំ២០១៥ ដោយគម្រោងនេះ ត្រូវបានសាងសង់ជិតរួចរាល់ហើយ។

កោះពេជ្រ បានក្លាយជានិមិត្តរូប នៃការចាប់កំណើតឡើងវិញរបស់រាជធានីភ្នំពេញ បន្ទាប់ពីហែលឆ្លងកាត់ជម្លោះ អស់ជាច្រើនទស​វត្សរ៍ មុននឹងបានបញ្ចប់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយបច្ចុប្បន្ន កម្ពុជា​ គឺជាប្រទេសដែលមាន​សេដ្ឋកិច្ច ​លូតលាស់​លឿន​បំផុត​មួយ​នៅ​តំបន់អាស៊ី​ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ។

តម្លៃយូនីតក្នុងអគារ Elysee ខ្នាតធំអាចហក់ឡើងដល់១.៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ  ខណៈដែលផលទុនជាតិសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ មានត្រឹមតែជាង១.៦០០ដុល្លារប៉ុណ្ណោះ។ រីឯ ប្រាក់ឈ្នួលអប្បបរមា នៅក្នុងវិស័យកាត់ដេរ មានចំនួនជាង២០០ដុល្លារក្នុងមួយខែ។

ប៉ុន្តែទោះបីជាមានលក្ខខណ្ឌ មិនអំណោយផលទាំងនេះយ៉ាងណាក្តី ក៏ចំនួនជាង៨០ភាគរយ នៃអគារចំនួន២២៩យូនីត ត្រូវបានលក់ចេញរួចមកហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC។

លោក Thierry Tea បាន​ប្រាប់សារពត៌មាន AFP ថា​ “យើងស្វាគមន៍យ៉ាងកក់ក្តៅ ប្រសិនបើ​អតិថិជន​ចង់​ទិញឬជួល ដើម្បី​ទទួលបានផលចំណេញត្រឡប់​​មកវិញពីការវិនិយោគ”។ លោកបន្តថា “កម្ពុជាមានសក្តានុពលច្រើនណាស់ ដែលអាចផ្តល់ជូនពួកគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស”។ នៅមិនឆ្ងាយប៉ុន្មានពីកោះពេជ្រ គេសង្កេតឃើញ ផ្សារទំនើបមួយ ដែលមានហាងប្រណីតតូចៗចំនួន៧៥ហាង ដែលគ្រោងនឹងបើកដាក់ឱ្យដំណើរការ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក Pierre Balsan នាយកគ្រប់គ្រងក្រុមហ៊ុន Bluebell ប្រចាំនៅប្រទេសកម្ពុជា ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ផ្សារទំនើបបានមានប្រសាសន៍ឱ្យដឹងថា “ប្រទេសកម្ពុជា គឺជាទីតាំងព្រំដែនថ្មីសម្រាប់ម៉ាកយីហោប្រណីតៗ”។

ទោះជាយ៉ាងនេះក្តី លោកបានប្រាប់សារពត៌មានAFP ថា “បញ្ហា​ប្រឈមចម្បង ដែលត្រូវដំណោះស្រាយ គឺព្យាយាមផ្លាស់ប្តូរការយល់ឃើញរបស់អ្នកគ្រប់គ្រង ម៉ាកយីហោអំពីប្រទេសកម្ពុជា និងរូបភាពនៃប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here