ធនាគារកាន់តែច្រើនទទួលយកការទូទាត់សម្រាប់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រពាណិជ្ជកម្ម

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ដោយ​ផ្តោត​លើ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ ​និង​ការ​លើក​ក​ម្ពស់​ភាព​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ ​និង​វិញ្ញា​បន​ប​ត្រ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​កំពុង​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ធនាគារ​សាធារណៈ​កម្ពុជា​ ​និង​ធនាគារ​ព្រី​ន​ស៍ និងធនាគារជាច្រើនទៀត។

ជាមួយគ្នានេះ ក្រសួង​បាន​នឹង​កំពុង​ធ្វើការ​ចរចា​បន្ថែម​ទៀត​ជាមួយ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ ​និង​ធនាគារ​ហ្វី​លី​ព​។

លោក​​ប៉ែន​ សុ​វិជាតិ​ ​អ្នកនាំពាក្យ​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា​“​នាយកដ្ឋាន​នាំចេញ​-​នាំចូល​ ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ (​Cam​bo​d​i​a​ ​National​ ​Single​ ​Window​-CNS​W​) ​តាមរយៈ​សេចក្តីប្រកាស​ស្តីពី ​ការ​ដាក់ពាក្យ​ស្នើសុំ​សាកល្បង​នូវ​អាជ្ញាប័ណ្ណ​នាំចេញ​-​នាំចូល​ ​ព្រមទាំង​វិញ្ញា​បន​ប​ត្រ​ត្បូងពេជ្រ​មិនទាន់​កែច្នៃ​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​។​លោក​បន្ត​ថា​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់ ​តាម​អេ​ឡិច​ត្រូនិ​ក​សម្រាប់​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​នាយកដ្ឋាន​នាំចេញ​-​នាំចូល​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ​ជាច្រើន​ជាមួយ​ធនាគារ​ដៃគូ​ ​និង​ទទួលយក​ការ​ទូទាត់​ជា​ផ្លូវការ ​តាមរយៈ​ធនាគារ​វី​ង​ ​ធនាគារ​កាណាដា​ ​និង​ធនាគារ​វ​ឌ្ឍនៈ​។​

លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​បន្ត​ទៀត​ថា​ ​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ ​និង​វិញ្ញា​បន​ប​ត្រ​នេះ​ វិ​ស័យ​ឯកជន ​ត្រូវ​បង់ថ្លៃ​សេវា​ជូន​រដ្ឋាភិបាល​ ​ដែល​ជាទូទៅ​ទទួលយក​សាច់ប្រាក់​នា​ពេល​កន្លងមក​ ​ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ពេលវេលា​ ​ការធ្វើដំណើរ​ ​និង​ថ្លៃ​ឯកសារ​ ​ក្រសួង ​ក៏បាន​ព្យាយាម​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​។​

លោកបន្តថា​ “​ថ្មីៗ​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​និង​កំពុង​ភ្ជាប់​ជាមួយ​ធនាគារ​សាធារណៈ​កម្ពុជា​ ​និង​ធនាគារ​ព្រី​ន​ស៍ ​ហើយនឹង​ទទួលយក​ការ​ទូទាត់ ​តាមរយៈ​ធនាគារ​ទាំងពីរ​នេះ ​ក្នុងពេលឆាប់ៗ​នេះ​”។​ លោកបន្ថែមថា “​ដើម្បី​ជំរុញ​ភាព​ងាយស្រួល​បន្ថែម​ទៀត​ ​យើង​កំពុង​ធ្វើ​ការសិក្សា​លទ្ធភាព​ ​និង​ចរចា​ជាមួយ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ ​និង​ធនាគារ​ហ្វី​លី​ព​ ​ផង​ដែរ”។​

លោក​បាន​បន្ត​ថា​ ​សម្រាប់​បេសកកម្ម​បន្ទាប់​ ​ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ ​ការបញ្ជូន​ទិន្នន័យ​វិញ្ញា​បន​ប​ត្រ​ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អា​ស៊ាន​ ​ទម្រង់​អេ​ឡិច​ត្រូនិ​ច​ ​e​-​Form​ ​D​ (​AT​I​G​A​ ​e​-​Form​ ​D​) ​ដែល​ជា​គម្រោង​ពន្លឿន​ការ​បញ្ចេញ​ទំនិញ​ពី​គយ​ ​និង​ឯកសារ​ប្រកាស​គយ​អា​ស៊ាន​ (​A​SEA​N ​Customs Declaration​ ​Document​ -​A​C​D​D​) ​ដែល​ជា​ប្រព័ន្ធ​មួយ​ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ព័ត៌មាន​ នៃ​ការប្រកាស​ការនាំចេញ​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ ​នៅ​ក្នុង​ខែ​មករា​ឆ្នាំមុន​។​

តាមរយៈ​ការណែនាំ​នៃ​ដំណោះស្រាយ ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ ​ដំណោះស្រាយ​អន​ឡា​ញ​នឹង​បង្កើន​ល្បឿន​ ​និង​តម្លា​ភាព​នៃ​នីតិវិធី​ពាណិជ្ជកម្ម​អន្តរជាតិ​ ​កាត់បន្ថយ​ការ​ចំណាយ​ ​និង​ផ្តល់​នូវ​ភាព​ស៊ី​សង្វាក់​គ្នា​ ​និង​ភាព​ប្រាកដប្រជា​ដល់​ដំណើរការ​ទាំងមូល​ ​ចាប់ពី​ការ​ចាប់ផ្តើម​នៃ​តម្រូវ​ការ​បទ​ប្បញ្ញត្តិ ​រហូតដល់​ការ​បញ្ចេញ​ទំនិញ​ទំនិញ​។​

កិច្ចប្រជុំ​លើក​ទី​២​ ​របស់​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​ដែល​ធ្វើឡើង​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​មានតែ​ក្រសួង​ចំនួន​៦​​ប៉ុណ្ណោះ​ ដែល​មានការ​ពាក់ព័ន្ធ​ ​ដូចជា​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក្រសួងសុខាភិបាល​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​និង​នេសាទ​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​ក្រសួង​ពាណិជ្ជកម្ម​។​

ក្រសួង​ទាំង​៦​ ​ត្រូវ​បាន​តភ្ជាប់​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ (​AS​Y​CUD​A​) ដោយ​ចុះឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​ក្នុង​គោលបំណង​ចូលរួម​ នៅ​ក្នុង​ច្រកចេញ​ចូល​តែមួយ​របស់​អា​ស៊ាន​ (​Asian​ ​Single​ ​Window​-​AS​W​)​៕

LEAVE A REPLY

Please enter your comment!
Please enter your name here