មន្ត្រីជាន់ខ្ពស់: យន្តការឡានឆាង-មេគង្គ ក្លាយជាគំរូដ៏មានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួ ងការបរទេស បានលើកឡើងថា ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ យន្តការនៃកិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ (LMC) បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ដែលបានក្លាយជាគំរូដ៏មានប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

បណ្តាប្រទេសសមាជិក ក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) រួមមាន ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ការប្រកាសបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC)នៅទីក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ក្នុងឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួម របស់ថ្នាក់ដឹកនាំនៃប្រទេសទាំង៦ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកសាងសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងអនុតំបន់ និងក្រៅតំបន់។

លោកបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក៏បានលើកកម្ពស់កំណើនរយៈពេលវែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់តំបន់ ជាពិសេសតាមរយៈផែនការសកម្ម ភាពរយៈពេល៥ឆ្នាំ សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែលបានផ្តល់ផលផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង”។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងថា ទោះបីជាមានភាពមិនប្រាកដប្រជា ផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួល និងភាពស្មុគស្មាញយ៉ាងណាក្តី ក៏ក្របខណ្ឌ LMC នៅតែបន្តស្ថិតនៅលើផ្លូវជាក់ស្តែង។

លោកបានអះអាងថា មូលនិធិពិសេសLMC នៅតែជាឧបករណ៍ហិរញ្ញប្បទានដ៏សំខាន់ សម្រាប់សាងសង់គម្រោងថ្មីៗ ក្នុងវិស័យអ​ភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូនតាមផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ វប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ដោយស្មោះចំពោះ   រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌ LMC។

លោកបានបញ្ជាក់ថា “ក្របខណ្ឌនេះបានជួយបំពេញបន្ថែមពីលើភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល”។

លោកបានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញកំណើន ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ដែលវានឹងជួយជំរុញសមាហរណកម្មក្នុងអនុតំបន់ និងការកសាងសហគមន៍ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here