រដ្ឋាភិបាលឡាវប្រកាសដំឡើងពន្ធ ស្របពេលដែលប្រជាជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលឡាវបានប្រកាសផែនការ ដំឡើងអត្រាពន្ធលើតម្លៃបន្ថែម(VAT) ពី៧ភាគរយ ទៅ១០ភាគរយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនចំណូលថវិការដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស។

ទោះបីជាយ៉ាងនេះក្តី យោងតាមក្រឹត្យ ដែលបានប្រកាសចេញ កាលពីថ្ងៃទី១៩ ខែមីនា មិនបានបញ្ជាក់ព័ត៌មានលម្អិត ជាក់លាក់ទាក់ទងនឹងកាលបរិច្ឆេទ នៃការអនុវត្តការដំឡើងពន្ធនៅឡើយនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Laotian Times។រដ្ឋាភិបាលឡាវបានទម្លាយឱ្យដឹងថា “ផែនការនេះកំពុងរង់ចាំការអនុម័យពីរដ្ឋសភាឡាវជាមុនសិន បន្ទាប់មក នាយកដ្ឋាន​ពន្ធដារ​ក៏នឹង​ស្វែងរក​លិខិត​បញ្ជាក់ ​ពី​ក្រសួង​យុត្តិធម៌​ផង​ដែរ”។ ប្រភពដដែលបន្តថា “ក្រឹត្យនេះនឹងចូលជាធរមានក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីទទួលបានការអនុម័ត”។

នៅក្រោមផែនការថ្មីនេះ អត្រាពន្ធលើតម្លៃបន្ថែមចំនួន១០ភាគរយនឹងអាចអនុវត្តន៍បាន ចំពោះប្រតិបត្តិការជាច្រើន រួមទាំងការនាំចូល ទំនិញ សេវាកម្មទូទៅ ការនាំចូលរ៉ែ និងការផ្គត់ផ្គង់ ក៏ដូចជាការប្រើប្រាស់អគ្គិសនីផងដែរ។

ការកែសម្រួលនេះ នឹងដំឡើងអត្រាពន្ធលើតម្លៃបន្ថែម ទៅដល់កម្រិតដើមរបស់ខ្លួនវិញ ដែលបានដាក់ឱ្យអនុវត្តន៍ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២១។ ការកាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម ដែលបានផ្តួចផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

ជាមួយគ្នានេះ ប្រជាជនឡាវបានសម្តែង ការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ ពីការកើនឡើងនៃតម្លៃទំនិញ និងតម្លៃសេវាកម្ម នៅពេលដែលសំណើដំឡើងពន្ធ លើតម្លៃបន្ថែមនេះចូលជាធរមាន។

ជាក់ស្តែង អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ម្នាក់បានសរសេររៀបរាប់ ដោយសម្តែងការត្អូញត្អែរថា “អ្វីៗសព្វគ្រប់បែបយ៉ាងកំពុងហក់ឡើងថ្លៃ រួមទាំងទំនិញសំខាន់ៗ ទឹក និងពន្ធ  ខណៈដែលប្រាក់ខែស្ថិតនៅទ្រឹងដដែល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here