NBCបានតភ្ជាប់ការទូទាត់ជាមួយប្រទេសចំនួន៥ក្នុងនិងក្រៅតំបន់

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន ​ជាមួយនឹង​ផែន​ការតភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ដូចជា ចិន និង​ឥណ្ឌា ជាដើម​។

       លោកស្រីបានថ្លែងបែបនេះ ​ក្នុង​សិក្ខាសាលា​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ ​ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង នា​ថ្ងៃទី ​២០ ខែមីនា ឆ្នាំ​ ២០២៤ នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ រាជធានី​ភ្នំពេញ​។

ក្នុងកម្មវិធីនោះលោកស្រីបានលើកឡើងនូវការហក់ឡើង នូវការទូទាត់ប្រាក់រៀលតាមប្រព័ន្ឋQR Code ខ្ពស់ ដោយលោកស្រីបញ្ជាក់ទៀតថា ការបញ្ចេញ​សន្ទនីយ​ភាពជា​ប្រាក់​​រៀល ​តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) និង​ការសម្រួល​ដល់​ការគ្រប់គ្រង​សន្ទនីយ​ភាពជា​ប្រាក់រៀល ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ដែល​ទាំងអស់នេះ ​បាន​ជួយ​កាត់​​បន្ថយ​ថ្លៃដើម និង​សម្រួល​ដល់​ប្រតិបត្តិការ​ជា​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។កាលពីពេលថ្មីៗ​នេះ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP Cambodia) ធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ការ​លើកកម្ពស់​ ការប្រើប្រាស់​ប្រាក់​រៀល ​ក្នុង​ការទូទាត់​ប្រាក់​ឈ្នួល​ នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។​

​លោកស្រី​ ជា សិរី​ បាន​និយាយថា ការស្រាវជ្រាវ​បាន​រកឃើញថា កម្មករ​មាន​ចំណូល​ជា​ប្រាក់​​ដុល្លារ​អាមេរិក ប៉ុន្តែ​ការចំណាយ​ប្រចាំថ្ងៃ និង​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួ​សារ​ភាគច្រើន ​ជា​ប្រាក់រៀល​​ប្រមាណ​ជាង​ ៨០ភាគរយ ដែល​បញ្ហា​នេះ នាំឱ្យ​កម្មករ​មានការ​ខាតបង់​ពេលវេលា និង​ប្រាក់កាស​ដោយសារ​ការប្តូ​រ​ប្រាក់​។ផ្អែក​តាម​ការអង្កេត​នេះ មាន​កម្មករ​ជាច្រើន​ក៏បាន​សម្តែង​ការយល់ស្រប ​លើ​ការបើកប្រាក់​ឈ្នួល​ទាំងស្រុង ឬមួយ​ផ្នែក​ជា​ប្រាក់រៀល​ផងដែរ​។​

លោកស្រីជា សិរី​បញ្ជាក់ថា “​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន -សហគ្រាស​គួរ​បង្កើន​ការបើក​ប្រាក់ខែ ជា​ប្រាក់រៀល”។​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ ការសង​ប្រាក់​ទាំងអស់​ផ្ដល់​ជម្រើស​ឱ្យ​អតិថិជន ទាំងអស់​មានលទ្ធភាព ​ក្នុងការ​​ប្រើប្រាស់​ឃ្យូ​អរ​កូដ (QR code) ជា​ប្រាក់រៀល​ដើម្បី​សម្រួល ដល់​ការទូទាត់​ជា​ប្រាក់រៀល​ជាប្រចាំ​”។​

យោងតាម​ការធ្វើ​បទ​បង្ហាញ​របស់លោក​ ខូ​យ រ៉ា​ដា សេដ្ឋវិទូ​​ជាតិ​ផ្នែក​គោលនយោបាយ និង​នវានុវត្តន៍​ នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​​ប្រជាជាតិ បាន​បង្ហាញថា នៅក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ មានការ​ប្រើប្រាស់​ប្រាក់រៀល​ជា​​ទូទៅ ប៉ុន្តែ​ចំពោះ​វិស័យ​ឯកជន រូបិយប័ណ្ណ​បរទេ​ស (​ជាពិសេស ប្រាក់​ដុល្លារ​អាមេរិក​)​ នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​

លោក​បន្ថែមថា ការសិក្សា​ពី​ដុ​​ល្លា​រូ​នីយកម្ម​នៅ​កម្ពុជា ​ដោយ​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ JICA (JICA Ogata Research Institute) ​ដោយ​ប្រើ​ប្រាស់​ទិន្នន័យ និង​ព័ត៌មាន​ទូទាំងប្រទេស​កន្លងមក បានផ្តល់​នូវ​ការ​​យល់ដឹង​ល្អ ​អំពី​ដុល្លា​រូ​នីយកម្ម​នៅ​កម្ពុជា​នៅ​កម្រិត​អង្គភាព គ្រួសារ​អាជីវកម្ម​សហ​គ្រាស និង​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា​ “​នៅក្នុង​ប្រទេស​កម្ពុជា គេ​​អាច​សង្កេតឃើញថា ក្នុងករណី​យើង ​ប្រើប្រាស់​រូបិយប័ណ្ណ​ខុសគ្នា​ សម្រាប់​ការទូទាត់​ទំនិញ និង​សេវា អត្រា​ប្តូរប្រាក់​ក្រៅផ្លូវការ​ សម្រាប់​ការទូទាត់​ទាំងនោះ​មាន​ភាពលម្អៀង​ទៅ​អ្នកលក់​ឬ​អ្នក​ផ្គត់ផ្គង់​”។​

លោកបន្តថា ការចូល​រួម​យ៉ាងសកម្ម​ របស់​វិស័យ​ឯកជន​មាន​សារៈសំខាន់ ​ក្នុងការ​ពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល​ តាមរយៈ​កិច្ចសន្ទនា​គោលនយោបាយ​, ការស្ម័គ្រចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​ដើម្បី​ទូទាត់ បៀវត្សរ៍​, និង​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រតិបត្តិការ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្គត់ផ្គង់​របស់​វិស័យ​ឯកជន​។ ការទូទាត់​បៀវត្សរ៍​ជា​ប្រាក់រៀល ​មាន​អត្ថប្រយោជន៍​ជាពិសេស​សម្រា​ប់​អង្គភាព​គ្រួ​សារ​ដែលមាន​ចំណូល​ទាប​។

ទន្ទឹមនឹងនេះ ការលើកកម្ពស់​ការទូទាត់ ​តាម​ប្រព័ន្ធ​ឌីជីថល​ (digital payments) អាច​កាត់បន្ថយ​ការខាតបង់​ ដោយ​សារ​អត្រា​ប្ដូរប្រាក់​លម្អៀង នៅពេល​ប្រើប្រាស់​រូបិយប័ណ្ណ​ខុសគ្នា (currency mismatch) ក្នុង​ប្រតិបត្តិ​ការទូទាត់​ទំនិញ និង​សេវា​ផ្សេងៗ​។

ដោយឡែក​ដើម្បី​ចូលរួមចំណែក ​អបអរសាទរ​ខួប​លើក​ទី៤៤ នៃ​ការបោះ​ផ្សាយ​ក្រដាស​ប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជា​គាំទ្រ​គោលនយោបាយ ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់​​រៀល ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ តាម​ខេត្ត​-​ក្រុង នឹង​រៀបចំ​យុទ្ធ​​នា​ការ”​ស្រឡាញ់​ប្រាក់រៀល​” ដោយ​ទទួល​ប្តូរ​ក្រដាស់​ប្រាក់រៀល​ចាស់ ទក់ រហែក និង​ជំនួស​វិញ​នូវ​ក្រដាសប្រាក់​ថ្មី​ គ្រប់​ប្រភេទ​ជូន​សាធារណជន​ចាប់ពី​ថ្ងៃទី​ ២០-២៩ ខែមីនា ឆ្នាំ​ ២០២៤ វេលា​ម៉ោង៧:៣០​ នាទី​ព្រឹក ដល់​ម៉ោង៣:០០​ នាទី​រសៀល​។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង កាលពី​ថ្ងៃទី ​១៩ ខែមីនា​ថា សា​ធារ​ណ​ជន​អាច​អញ្ជើញ​ មក​ប្ដូរ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក ដោយ​មិន​គិត​កម្រៃ​សេវា​ នៅតាម​គ្រប់​សាខា​គ្រឹះស្ថាន​ធនា​​គារ​ជាតិ និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត ទូទាំងប្រទេស នៅក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here