មន្រ្តីជាន់ខ្ពស់ និងសេដ្ឋវិទូៈ កម្ពុជាត្រូវតែពិនិត្យមើលលើលំហូរFDI ឱ្យបានដិតដល់ មុននឹងសម្រេចអនុម័ត

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមសេដ្ឋវិទូ និងក្រុមអ្នកជំនាញ លើកិច្ចការសេដ្ឋកិច្ចកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលពិនិត្យមើល គម្រោងលំហូរវិនិយោគផ្ទាល់ពីបរទេស (FDIs) ឱ្យបានដិតដល់ជាមុនសិន មុនពេលសម្រេចចិត្តអនុម័តឱ្យអនុវត្តន៍។

លោកបណ្ឌិត Jayant Menon សាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថាន Yusof Ishak និងជាអតីតសេដ្ឋវិទូ នៅធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានលើកឡើងថា “អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ត្រូវតែវាយតម្លៃជាផ្លូវការលើការចំណាយ និងអត្ថប្រយោជន៍ នៃសំណើគម្រោងវិនិយោគទាំងអស់ មុននឹងអនុម័ត”។

លោកបានផ្តល់អនុសាសន៍ថា “កម្ពុជាគួរតែបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យគម្រោងថ្មីមួយ ដែលអាចដំណើរការជាស្ថាប័ន មិនមានលក្ខន្ដិកៈ ដែលមានតំណាងអន្តរក្រសួង និងភាគីអ្នកពាក់ព័ន្ធជាច្រើន ដូចជា ថ្នាក់ដឹកនាំសហគមន៍ ក្រុមអ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីវាយតម្លៃសំណើគម្រោងវិនិយោគ”។

លោកបណ្ឌិត Jayant បានបង្ហាញមតិនៅលើគេហទំព័ររបស់វិទ្យាស្ថាន Yusof Ishak យ៉ាងដូច្នេះថា “ស្ថាប័ននេះគួរតែជ្រើសរើសបុគ្គលិក ដែលមានសមត្ថភាពបច្ចេកទេស និងមានសមត្ថភាពធ្វើការវិភាគរវាងការចំណាយ និងអត្ថប្រយោជន៍បានគ្រប់ជ្រុងជ្រោយ ដើម្បីជាធាតុចូលក្នុងការវាយតម្លៃ”។

សេដ្ឋវិទូដ៏ល្បីឈ្មោះរូបនេះបន្ថែមទៀតថា “កម្ពុជាគួរតែសម្រិតសម្រាំង និងមានយុទ្ធសាស្ត្រ ក្នុងការជ្រើសរើសគម្រោងវិនិយោគ ទោះបីជាគម្រោងនោះ ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយដើមវិនិយោគពីបរទេស ឬជាការផ្តល់ប្រាក់កម្ចីយ៉ាងណាក្តី”។

ការអំពាវនាវឱ្យមានការប្រុងប្រយ័ត្ននេះ បានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយ៉ាងខ្លាំង ដើម្បីទាក់ទាញលំហូរ FDI មកពីទូទាំងពិភពលោក ហើយក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏កំពុងប្រឈម នឹងការប្រកួតប្រជែងពីសំណាក់ បណ្តាប្រទេសជិតខាងផ្សេងទៀតនៅក្នុងតំបន់ ដូចជា ប្រទេសថៃ វៀតណាម និងម៉ាឡេស៊ីជាដើម។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ  អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “រាជរដ្ឋាភិបាលកម្ពុជាបានបោះទុនវិនិយោគយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែទឹកជ្រៅ និងគម្រោងធារាសាស្ត្រ ក្នុងចំណោមគម្រោងផ្សេងៗទៀត។

លោក​បាន​ចង្អុល​បង្ហាញ​ថា “ក្នុង​ន័យ​នេះ ការ​ពិនិត្យ​មើល​គម្រោ​ង​ ដែល​ស្ថិត​ក្រោម​វិស័យ​អាទិភាពឱ្យបានដិតដល់ គឺពិតជាមាន​សារៈ​សំខាន់​ណាស់​”។

លោក ឡោ វិចិត្រ បានបន្តថា រដ្ឋាភិបាលកំពុងចាប់ផ្តើមអនុវត្តន៍អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចកាបូបឌីជីថល ដែលសម្រេចបានវឌ្ឍនភាពយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានភាពល្អប្រសើរ ជាងបណ្តាប្រទេសជិតខាងទៅទៀត។

លោកបានផ្តល់ជាអនុសាសន៍ថា “កម្ពុជាត្រូវតែកំណត់ថា តើ FDI មួយណាជាផ្នែកសំខាន់ ដែលទាមទារការយកចិត្តទុកដាក់បន្ថែម ការលើកទឹកចិត្ត និងការសម្របសម្រួលពីរដ្ឋាភិបាល ដើម្បីបន្តសម្រេ​ចបាននូវភាពជោគជ័យ ហើយការរក្សានិរន្តរភាពនៃលំហូរ FDI ពិតជាមានសារៈសំខាន់បំផុត”។

លោកឡោ វិចិត្រ បានគូសបញ្ជាក់ថា “វិស័យកសិកម្ម កសិ-កែច្នៃ និងតំបន់សេដ្ឋកិច្ចពិសេស ត្រូវតែជាវិស័យសំខាន់ និងជាអាទិភាព ក្នុងការទាក់ទាញលំហូរ FDI”។

លោកបានលើកឡើងថា “រដ្ឋាភិបាលត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនការវិនិយោគ ទៅលើពាណិជ្ជកម្មអេឡិចត្រូនិក ឬហៅថាE-Commerce ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា កាន់តែច្រើនឱ្យចូលមកបណ្តាក់ទុន នៅកម្ពុជានាពេលអនាគត”។

លោក ឡោ វិចិត្រ អះអាងថា “ការវិនិយោគដ៏ត្រឹមត្រូវទៅលើធនធានមនុស្សពិតជា នឹងនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស ដូចជាក្រុមហ៊ុន Apple ឬក្រុមហ៊ុន Intel ឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ដោយពិចារណាទៅលើភាពជោគជ័យរបស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល”។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា​ត្រូវតែត្រៀមខ្លួន​​ប្រកួត​ប្រជែង​​ ដើម្បី​ទាក់ទាញលំហូរ FDI បើ​ទោះ​ជា​យើងបាន​ចុះ​ហត្ថលេខា ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរភាគី និង​កិច្ច​ព្រមព្រៀងពហុភាគី ជាច្រើនរួចមកហើយយ៉ាងណាក្តី។

លោកបន្តថា “បរិបទនៃលំហូរវិនិយោគផ្ទាល់ ពីបរទេសបានផ្លាស់ប្តូរ និងកាន់តែមានភាពស្មុគស្មាញ ដោយសារការប្រែប្រួលនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងស្ថានភាពភូមិសាស្ត្រសេដ្ឋកិច្ច”។

លោក វង្សី វិស្សុត បន្ថែមថា “កម្ពុជាត្រូវតែមានភាពសកម្ម នៅពេលនិយាយដល់ការកំណត់គោលដៅ និងផែនការសកម្មភាពជាក់លាក់ ដើម្បីបង្កើនការទាក់ទាញលំហូរ FDI ព្រោះការវិនិយោគមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងលើកកំពស់កម្រិតជីវភាពរបស់ប្រជាជន”។

ប្រទេសកម្ពុជាបានទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេសជិត៤៥ពាន់លានដុល្លារ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយតួលេខនេះ បានកើនឡើងជាងទ្វេរដង ចាប់តាំងពីឆ្នាំ២០១៤ ដែលមានទំហំទឹកប្រាក់ប្រមាណ២០ពាន់លានដុល្លារ។

កាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសកម្ពុជាបានទាក់ទាញលំហូរ FDI សរុបជាទឹកប្រាក់ចំនួន៤,៦៨ពាន់លានដុល្លារ ដោយកើនឡើង៧,៥ភាគរយពី៤,៣៥ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០២២។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់វិនិយោគថ្មី ត្រូវបានគេវាយតម្លៃថា ជាកត្តាជំរុញឱ្យកម្ពុជាសម្រេចបានភាពជោគជ័យ ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសនាពេលថ្មីៗនេះ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា បណ្តាវិនិយោគិនបរទេស ដែលបានចូលមកបណ្តាក់ទុននៅកម្ពុជា ក្នុងឆ្នាំ២០២២ភាគច្រើនបំផុត មានប្រភពមកពីប្រទេសចិន ប្រទេសជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងប្រទេសសិង្ហបុរី ហើយគម្រោងវិនិយោគភាគច្រើនតែងផ្តោតជាសំខាន់ ទៅលើវិស័យកសិកម្ម និងកសិឧស្សា ហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here