រដ្ឋាភិបាលធ្វើពិពិធកម្មទីផ្សារដើម្បីបង្កើនការនាំចេញអង្ករ ខណៈបច្ចុប្បន្នប្រទេសជាង៥០បានទិញអង្ករពីកម្ពុជា

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា ​បានប្រែក្លាយ​ទៅជា​ប្រទេស ដែល​ផលិត​អង្ករ​សម្រាប់​ការនាំចេញ ដែល​បានរួម​ចំណែក​ដល់​សន្តិ​សុខ​ស្បៀង​ពិភពលោក​។ តាម​របាយការណ៍ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជាង ៦៥​ ម៉ឺន​តោន​ ទៅកាន់​ប្រទេស​ជាង​ ៥០ និង​ស្រូវ​ចំនួន​ជាង ២,៧​ លាន​តោន​ ក្នុង​ឆ្នាំ​ ២០២៣​។

រដ្ឋាភិបាល​កម្ពុជា ​កំពុងដំណើរការ​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ​ពង្រីក និង​ពិពិធ​កម្ម​ទីផ្សារ​អង្ករ​កម្ពុជា ​រយៈពេល​៦​ឆ្នាំ ​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០៣០​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង ​និង​ទទួលបាន​អត្ថប្រយោ​ជន៍​កាន់តែ​ប្រសើរ ព្រមទាំង​ជួយ​បង្កើន​ការនាំចេញ​ ឱ្យ​កាន់តែច្រើន​ដោយ​អាស្រ័យទៅលើ​ប្រព័ន្ធ​ផលិតកម្ម ដែលមាន​ស្រាប់​និង​កាលានុវត្តភាព​ផ្សេងៗ​។​

កាលពី​ថ្ងៃទី​ ១២ មីនា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​និង​អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា (FAO) បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ដំនើរ​ការ​រៀបចំ​បង្កើត​យុទ្ធ​​សាស្ត្រ​នេះ ​ដែល​កំពុង​ស្ថិតក្នុង​សេចក្តីព្រាង​នៅឡើយ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​ផលិតផល ​ដែលមាន​តម្លៃ​ខ្ពស់​របស់​កម្ពុជា ​តាមរ​យៈ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​ត្រឹម​ត្រូវ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​របស់​ប្រទេស​នាំចូល​និង​និន្នាការ​អ្នកប្រើប្រាស់​។​សិក្ខាសាលា​នេះ​ មានការ​ចូល​​រួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អាជីវករ អ្នក​ផលិតករ ដៃគូ​អភិវឌ្ឍន៍ គ្រឹះ​ស្ថាន​សិក្សា និង​ស្រាវជ្រាវ​នានា សរុប​ចំនួន​ប្រមាណ​១២០​នាក់​។

ឯកសារ​ទស្សនៈទាន​សិក្ខា​សាលា​នេះ​លើកឡើងថា​ ​អង្ករ​ត្រូវបាន​ចាត់ទុកថា ​ជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​កម្ពុជា​។ ដូច្នេះ ការអភិវឌ្ឍប្រកបដោយ​និរន្តរភាព ​ក្នុង​វិស័យនេះ​ពិតជា​មាន​សារៈ​សំខាន់​ជាទីបំផុត​ សម្រាប់​សន្តិ​សុខ​ស្បៀង​របស់​ប្រជាជន​ ចំនួន​១៧លាន​នាក់ ​ព្រមទាំង​ធានាបាន​នូវ​ប្រាក់ចំណូល​ របស់​កសិក​រ​នៅតាម​ទីជនបទ​ផងដែរ​។

ឯកសារ​នេះ​បន្ថែមថា​ ផលចំណេញ​នៃ​ការផលិត​អង្ករ​អាចជួយ​រួមចំណែក​ ដល់​ការលើកកម្ពស់​របប​អាហារ​គ្រួសារ ការដោះស្រាយ​បំណុល ព្រមទាំង​ជួយ​ទប់ទល់​ការចំណាយ​ផ្សេងៗ ដោយសារតែ​ការបង្កើន​ការនាំចេញ​អង្ករ​ បាន​ជួយ​បង្កើន​ទីផ្សារការងា​រយ៉ា​ង​ច្រើន​ដល់​កម្មករ​នៅតាម​ទីជនបទ និង​បង្កើន​ប្រាក់ចំណូល​ជា​រូបិយ​បណ្ណ​នានា ព្រមទាំង​បង្កើតបានជា​អនុផល​ផ្សេងៗ​​។​

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា យុទ្ធសាស្ត្រ​នេះ​ នឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងពាណិជ្ជកម្ម ​ដែលជា​សេនាធិការ ដើម្បី​ធ្វើ​ពិ​ពិ​ធ​កម្ម​ទីផ្សារ និង​បង្កើន​ការនាំចេញ​អង្ករ តាមរយៈ​ផលិតកម្ម​ផ្អែកលើ​ទីផ្សារ និង​ប្រព័ន្ធ​ទីផ្សារ​ទូទាំង​ពិភពលោក​។

លោកស្រី​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​មាន​គោល​​បំណង​ជំរុញ​ការនាំចេញ​អង្ករ​ពី​កម្ពុជា ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង ព្រមទាំង​អាចឈាន​ដល់​កម្រិត​អតិបរមា ​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ផលិតកម្ម និង​កាលានុវត្តភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​។​

​លោកបណ្ឌិត​យ៉ង សាំង​កុមារ រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា កន្លងមក កម្ពុជា​ធ្វើការ​ផលិត​ស្រូវ​ចន្លោះ​ពី​១១​ហិកតា ​ទៅ១២លានហិកតា ​ក្នុង​១​ឆ្នាំ​ដោយឡែក​ក្នុង​ឆ្នាំ ​២០២៣ ផលិតកម្ម​ស្រូវ​ទាំងមូល​គឺ​សម្រេចបាន​ប្រហែល ​១២លាន​តោន ដែល​ក្នុងនោះ​ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ៧លាន​តោន និង​នាំចេញ​ចំនួន​ប្រមាណ​៥​លាន​តោន​។ ស្រូវ​ដែល​នាំចេញ​ ៥​ លាន​តោន​នេះ មាន​អង្ករ​ជា​មធ្យម​ប្រមាណ​៧សែន​តោន ​បើ​គិត​ជា​ស្រូវ​ប្រមាណ១,៧​លាន​តោន​។​

​ក្នុង​អង្ករ​ដែល​នាំចេញ​ប្រមាណ​ ៧ ​សែន​តោន​នេះ​គឺ​ជាង​ ៨០​ ភាគ​​រយ​គឺជា​អង្ករ​ប្រណីត​ដែល​ហៅថា អង្ករ​ផ្ការំដួល និង​អង្ករ​សែន​ក្រអូប​។

លោក​បន្ថែមថា​ ​អ៊ីចឹងត្រង់ចំណុច​នេះ​យើង​យល់ឃើញថា សក្តានុពល​សម្រាប់​កម្ពុ​ជា សម្រាប់​ពេលកន្លងមក ក៏ដូចជា​ពេលខាងមុខ គឺ​ការ​ផ្តោតទៅលើ​ការនាំចេញ​អង្ករ​ដែល​ប្រកបដោយ​គុណភាព អង្ករ​ប្រណីត​ដូចជា​ផ្ការំដួល និង​សែន​ក្រអូប​នៅតែ​ជា​អាទិភាព​។ ក៏ប៉ុន្តែ​ការនាំចេញ​អង្ករ​របស់​យើង ​នៅលើ​ទីផ្សារ​អន្តរជាតិ ទោះបី​យើង​មាន​ឧ​ត្ត​ម​ភាព​លើ​ពូជ​អង្ករ​ប្រណីត ដូចជា​សែន​ក្រអូប និង​ផ្ការំដួល​ក៏ដោយ ក៏​យើង​ជួប​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​។​

លោក យ៉ង់ សាំង​កុមារ បានលើកឡើង​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន៤រួមមាន ការខ្វះ​ពូជ​សុទ្ធ​, ហានិភ័យ​នៃ​កាកសំណល់​ថ្នាំពុល​កសិកម្ម​ បញ្ហា​គុណភាព​ស្រូវ​ពេល​ប្រមូល​ផល និង​ការលំបាក​ក្នុងការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​។

លោកបញ្ជាក់ថា “​និយាយ​ដោយ​ត្រង់​ឆ្នាំ​ ២០២៣ ​គឺ​កិច្ច​សន្យា​ភាគច្រើន​គឺ​មិនបាន​អនុវត្ត​ទេ ចុះហត្ថលេខា​ហើយ​នៅពេល​ប្រមូល​ផល​ស្រូវ លក់​ទៅណា​ផ្សេងៗ​អស់​ទៅ​”។​

បច្ចុប្បន្ន អង្គការ FAO កំពុង​ជួយ​ដល់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សម្គាល់​ភូមិ​សា​ស្ត្រ​ ម៉ាក​ទំនិញ​របស់​កម្ពុជា ប្រព័ន្ធគ្រប់​គ្រង​ស្បៀងអាហារ​ និង​ប្រព័ន្ធ​សុវត្ថិភាព ​ស្បៀងអាហារ​បន្ថែម​ពីលើ​ការបង្កើត​យុទ្ធសាស្ត្រ​អង្ករ​។​

ជាមួយគ្នានេះ លោកស្រី រេ​ប៊ែ​ក​កា ប៊ែ​ល (Rebekah Bell) តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ FAO ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ស្រូវ គឺជា​វិស័យ​អាទិភាព​មួយ ដើម្បី​ធានាបាន​នូវ​ជីវភាព​រស់​នៅ ​ប្រកបដោយ​និរន្តរភាព និង​អត្ថប្រយោជន៍ ​កាត់បន្ថយ​ភាព​ក្រីក្រ ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​កំណើនសេដ្ឋកិច្ច​មាន​បរិ​យាប​ន្ន ដូចដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​​កោណ​ដំណាក់កាល​ទី​១ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោកស្រី​ថ្លែងថា “​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់ ដែល​កម្ពុជា​គួរតែ​ឆ្លុះ​​បញ្ចាំង​ពីអ្វី ​ដែល​ខ្លួន​សម្រេចបាន និង​ទាញយក​អត្ថប្រយោជន៍​ពី​មូលដ្ឋាន​ចំណេះដឹង​ នៃ​ការ​អភិ​វឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​ស្រូវ ​រយៈ​​ពេល ១៤ឆ្នាំ”។ លោកស្រីបន្តថា “វា​អាចបង្កើត​ឱកាស​ ដើម្បី​រៀបចំ​ផែនការ​ទាញយក​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​ ដែល​កំពុងមាន​ដោយ​ដាក់បញ្ចូល​ឱកាស​នេះ​ទៅក្នុង​ប្រព័ន្ធ​សកល​ថ្មី និង​គ្រប់គ្រង​ភាពមិនប្រាកដ​​ប្រជា​ដែល​យើងទាំងអស់គ្នា​ជួប​ប្រទះ ​នៅក្នុង​ពាណិជ្ជកម្ម​ពិភព​​លោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here