ការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យកំពុងធ្វើឲ្យមានបញ្ហា ដល់ទីផ្សារកាន់តែខ្លាំង

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានថ្លែងថា អំពើ​ទុច្ចរិត​កេងប្រវ័ញ្ច​ បោកប្រាស់​ ​តាមរយៈ​វិស័យអចលនទ្រព្យ ក៏ដូចជាការដាក់ទុនវិនិយោគលើវិស័យនានា ដើម្បីបានការប្រាក់ខ្ពស់ ឬផលចំណេញច្រើន​ កំពុងធ្វើឱ្យសេដ្ឋកិច្ច​របស់ប្រជាពលរដ្ឋខ្មែរមួយចំនួនកាន់តែដុនដាប។

លោកបណ្ឌិតបានបញ្ជាក់ថា “ប្រជាពលរដ្ឋ ដែលរងគ្រោះពីការបោកប្រាស់ក្នុងប្រព័ន្ធនេះ ភាគច្រើនស្ថិតនៅក្នុងវិស័យលក់រាយ-ដុំ និងសេវាកម្ម​តូចៗ និងកសិករ​ ដែលជាអ្នកមានចំណូលទាប”។

រយៈពេលចុងក្រោយនេះ មានករណីបោកប្រាស់ដាក់ប្រាក់វិនិយោគ​ ដោយទទួលបានការប្រាក់ខ្ពស់ (ការប្រាក់បាន៣ភាគរយក្នុងមួយខែឬលើសពីនេះ) ឬផលចំណេញច្រើន កំពុងតែផ្ទះឡើងយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ​​។

ករណីចុងក្រោយ​នេះ គឺតុលាបានចាប់ខ្លួន​ ឧកញ៉ាឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋជាច្រើននាក់ បានអះអាងថា ពួកគេបានចាញ់បោកម្ចាស់ក្រុមហ៊ុនមួយនេះ ក្រោមរូបភាព​ដាក់ទុនវិនិយោគបានការប្រាក់ខ្ពស់។ សព្វថ្ងៃនេះ​ ក៏បានលេចឡើងនៃភាពអវិជ្ជមានរបស់ក្រុមហ៊ុនCIC PLc ជុំវិញការប្រមូលទុនវិនិយោគនេះដែរ។ លោកបណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍បានបន្តថា “ការវិនិយោគក្នុងរូបភាពបែបនេះ បានបង្កឱ្យមានភាពចលាចលនៅក្នុងសេដ្ឋកិច្ច”។ លោកបន្ថែមថា “ក្នុងបរិបទនេះ យើងមើលនៅក្នុងប្រទេសកម្ពុជា​ ការវិនិយោគក្នុងទ្រង់ទ្រាយបែបនេះ  បានជះឥទ្ធិពលដល់សង្គមយើ​ងកាន់តែដុនដាប ខណៈពេលដែលរដ្ឋាភិបាល កំពុងតែខិតខំជំរុញឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ”។

លោកបន្តថា ចាប់ផ្តើមងើបប្រសើរឡើង ស្រាប់តែផ្ទុះឡើងនូវវិបត្តិការបោកប្រាស់ ទុនវិនិយោគជាបន្តបន្ទាប់ ដែលនេះជាចលករមួយទាញឱ្យសេដ្ឋកិច្ចយើងហ្នឹងធ្លាក់ចុះ ជាពិសេស គឺវិស័យលក់រាយ ដែលពលរដ្ឋបច្ចុប្បន្ន កំពុងមានភាពភ័យខ្លាចបាត់បង់ នូវប្រាក់ចំណូ​លហើយអ្នកធ្វើអាជីវកម្មតូចតាច គឺពិបាកស្តារប្រាក់ចំណូលមកវិញ។

បញ្ហាដែលកើតចេញ ពីការបោកប្រាស់ក្រោមរូបភាពដាក់ទុនវិនិយោគនេះ មានផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ​​មិនខុសពីការដួលរលំនូវវិស័យអចលនទ្រព្យ ដែលកើតចេញពីការបោកប្រាស់ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នាឆ្នាំ២០២៣ឡើយ។ លោកគី សរីវឌ្ឍន៍បញ្ជាក់។

លោកបន្តថា ផលប៉ះពាល់នៃការដួលរលំ វិស័យអចលនទ្រព្យនោះ គឺមានពលរដ្ឋមួយចំនួនធំ ដែលទិញអចលនទ្រព្យអត់បានហើ​យត្រូវសង់បំណុលធនាគារ។ នេះការជាប់បំណុលមួយរបស់ពលរដ្ឋ, ហើយដល់ពេលវិបត្តិ នៃការវិនិយោគបែបនេះ កើតឡើងធ្វើពួកគាត់បាត់ដើមទុនមួយទៀត។

លោកបញ្ជាក់ថា “គាត់[ពលរដ្ឋ]ក្លាយទៅជនរងគ្រោះ ដោយអត់មានលុយសងធនាគារបន្តទៀត។ មានន័យថា សេដ្ឋកិច្ចពលរដ្ឋចាប់ផ្តើមងើបឡើងវិញបន្តិច តែបែរជាធ្លាក់ទៅវិញ ដោយសារតែវិបត្តិនេះកើតឡើង”។

ជាមួយគ្នានេះ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)លោកយិន លាងគង់បានមានប្រសាសន៍ថា​ ស្របពេលទីផ្សារអចលនទ្រព្យកំពុងមានបញ្ហា និងស្ថិតក្នុងសភាពមិនច្បា​ស់លាស់ បញ្ហាបោកប្រាស់បែបនេះ បាននិងកំពុងធ្វើឲ្យទីផ្សារជាប់គាំងបន្ថែមទៀត។

លោកបញ្ជាក់ថា “បញ្ហានេះ បាននិងកំពុងជះឥទ្ឋិពលអាក្រក់ដល់សេដ្ឋកិច្ចជាតិ និងប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ដោ​យសារព័ត៌មានធំៗជាច្រើន បានផ្សព្វផ្សាយពីរឿងនេះ”។ លោកបន្តថា “ស្ថាប័នមានសមត្ថកិ​ច្ច គួរធ្វើការដោះស្រាយបញ្ហានេះ ឲ្យបានសមស្រប ដើម្បីប្រជាពលរដ្ឋមានទំនុកចិត្តឡើងវិញ”។

លោកយិន លាងគង់បានបន្តថា បញ្ហាម្ចាស់ក្រុមហ៊ុនដីមាស ក្រុមហ៊ុនប្រីលាន ស៊ីធីរបស់ឧកញ៉ាឡេង ចាន់ណា និងក្រុមហ៊ុនCIC PLc ឧកញ៉ាជា សារ៉នជាដើម បាននិងកំពុងប៉ះពាល់ដល់មុខមាត់កម្ពុជាផង ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ហើយបើបញ្ហានេះ មិនអាចដោះស្រាយបានប្រកបដោយតម្លាភាព និងយុត្តិធ៌ម នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ពិសេសវិស័យអចលនទ្រ​ព្យកម្ពុជា នឹងបន្តជាប់គាំងរយៈពេលវែងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here