សេដ្ឋវិទូលើកឡើងពីបញ្ហាប្រឈមនិងឱកាសនៃចាកចេញពីប្រទេស អភិវឌ្ឍន៍តិចតួចរបស់កម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិ​ត្យសភាកម្ពុជាបានសម្តែងសុទិដ្ឋនិយមថា ការចាកចេញនេះ នឹងធ្វើឲ្យកម្ពុជារឹងមាំដោយខ្លួនឯង ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម និងធនធានមនុស្ស ដែលរួមចំណែកដល់ការលូតលាស់ សេដ្ឋកិច្ចកម្ពុជា។

កម្ពុជាត្រូវចាត់ទុកជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័ស ដោយសារកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ដោយមិនគិតពេលវេលា នៅក្នុងវិបត្តិសកល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២១ បានវាយតម្លៃថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៧។

ចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច ផ្អែកលើការវាស់វែងចំនួន៣ គឺ ចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ (GNI Per Capita), ការអភិវឌ្ឍន៍ធនធានមនុស្ស (HAI) និងភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន (EVI)។ ចំណាត់ថ្នាក់នេះធ្វើឡើងដោយអង្គការសប្រជាជាតិ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលជុំវិញ ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែមីនា  លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា ការចាកចេញពីឋានៈប្រទេសក្រីក្រ តែងតែមានផលប៉ះពាល់ ប៉ុន្តែការពឹងលើខ្លួនជាជម្រើសមួយល្អ ជាងការពឹងលើការជួយរបស់អ្នកដទៃ។ ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មច្រើន ។

លោកគី សេរីវឌ្ឍន៍បានបញ្ជាក់ថា “នៅពេលកម្ពុជាលែងជាប្រទេសអភិវឌ្ឍតិចតួច យើងទទួលបានGPS+ពីសហភាពអឺរ៉ុប យើងនឹងនាំចេញផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើមក្នុងស្រុកយ៉ាងហោចណាស់៥០ភាគរយ”។ទន្ទឹមនេះ ការអភិវឌ្ឍធនធានមនុស្ស ជារឿងចំាបាច់ ដែលរដ្ឋាភិបាលកំពុងគាំទ្រនៅក្នុងអណត្តិទី៧ ក្នុងការបណ្តុះបណ្តាលកម្មករជំនាញ១,៥លាននាក់ក្នុងរយៈពេល៥ឆ្នាំ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានមើលឃើញថា ទាំងនេះជាយុទ្ធសាស្រ្តសម្រាប់ឆ្លើយតប នឹងការគាំទ្រកម្ពុជាចាកចេញពីប្រទេសក្រីក្រ។ កន្លងមកក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប និងGSPពីអាមេរិក ដើម្បីប្រកួតប្រជែងទំនិញនាំចេញទៅក្រៅប្រទេស។យ៉ាងណាមិញ ការពឹងផ្អែកលើការអនុគ្រោះពន្ធទាំងនេះ បណ្តាលឲ្យផលិតកម្មរបស់កម្ពុជា នៅមានកម្រិត។

តាមការគណនារបស់លោក​ សេរីវឌ្ឍន៍ នៅពេលកម្ពុជាដាក់លុយ១ដុល្លារ ចូលក្នុងផលិតភាពសេដ្ឋកិច្ច និងទទួលបានមកវិញត្រឹមតែ៣ដុល្លារក្នុងមួយម៉ោង បើធៀបបណ្តាប្រទេសអាស៊ានផ្សេងទៀត គឺនៅមានកម្រិតទាបនៅឡើយ។

តើការចាកចេញរបស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួចនឹងអាចរងគ្រោះនៃការនាំចេញទេ? អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបកស្រាយថា ចាប់ពីឆ្នាំ២០១៩ ការនាំចេញទៅកាន់សហភាពអឺរ៉ុប មិនមានការប្រែប្រួលឡើយ លើកលែងតែឆ្នាំ២០២៣ ដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ឈានដល់ដំណាលកាលទន់ជោរ បណ្តាលឲ្យការនាំចេញទៅអឺរ៉ុប មានការថមថយក្នុងរង្វង់១២-១៣ភាគរយ ។

លោកបញ្ជាក់ថា “អីចឹង! ការដក EBA មានមែនមានន័យថាបានបិទរោងចក្រកម្ពុជាទេ។ ការដក EBA បានធ្វើឲ្យអ្នកជំនួញបង្កើតនវានុវត្តន៍កាន់ខ្ពស់នៅក្នុងការផលិត និងនាំចេញឲ្យបានច្រើនជាងមុន”។

ជារួម ផលចំណេញនៃការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍតិចតួច នឹងធ្វើឲ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិ, បរិយាកាសអំណោយផល​ដល់ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងលំហូរវិនយោគផ្ទាល់ពីបរទេសកើនឡើង។​

យ៉ាងណាមិញ វាក៏ផ្តល់ផលអវិជ្ជមានដូចជា បាត់បង់ការគាំទ្រអន្តរជាតិផ្នែកពាណិជ្ជកម្ម រួមមាន ការអនុគ្រោះពន្ធនាំចូល និងនាំចេញ, លទ្ធភាពកាត់បន្ថយបរិញ្ញប្បទានពីដៃគូ និងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូទ្វេភាគី និងពហុភាគី។ ទន្ទឹមនេះ បាត់បង់លទ្ធភាពទទួលបានជំនួយពីដៃគូអភិវឌ្ឍន៍នានា។ ដើម្បីឲ្យការចេញពីឋានៈ ប្រទេសមានការអភិវឌ្ឍន៍តិចតួចប្រក​បដោយរលូន និងរឹងមាំ កម្ពុជា​ត្រូវពង្រឹងលើវិស័យ ដែលបង្កើនតម្លៃខ្ពស់ ដូចជា ឧស្សាហកម្ម និងទេសចរណ៍។

លោក សេរីវឌ្ឍន៍ ការធ្វើបរិវត្តកម្មបានជំរុញការបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់ ដោយសារក្រុមហ៊ុនជាច្រើន បានប្រើប្រាស់មូលធនមនុស្ស និងបច្ចេកវិទ្យា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមថា កម្ពុជាមានតំបន់ទេស​ចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តជាច្រើន មិនទាន់ត្រូវបានជំរុញ និងប្រើប្រាស់នៅឡើយ ខណៈវិស័យទេសចរណ៍ពិភពលោក កំពុងជាប់គាំង។ អ្នកជំនាញរូបនេះបានបន្ថែមថា កម្ពុជាមានពេលគ្រប់គ្រាន់ សម្រា​ប់រៀបចំ និងកែច្នៃវិស័យទេសចរណ៍។

លោកបញ្ជាក់ថា “មកទស្សនានៅកម្ពុជា ទទួលទានអាហារសរីរាង្គ ស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅពេលសេដ្ឋកិច្ចពិភពលោកមានៅភាពប្រសើរឡើងវិញ ។ វិស័យសេវាកម្មនេះ នឹងរួមចំណែកសេដ្ឋកិច្ចឲ្យរីកចម្រើន”។ បច្ចប្បន្នមានប្រទេសចំនួន៤៥ ដែលស្ថិតនៅចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច របស់អង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here