តើវិបត្តិអចលនទ្រព្យនៅប្រទេសកូរ៉េខាងត្បូងអាចផ្ទុះឡើងដែរឬទេ?

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ខណៈដែលការបោះឆ្នោតសកល នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១០ ខែមេសាខាងមុខ កាន់តែខិតជិតមកដល់ គេសង្កេតឃើញមានការជជែកដេញដោល កាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាល និងអ្នកសង្កេតការណ៍ទីផ្សារ អំពីវិបត្តិអចលនទ្រព្យ ដែលអាចកើតមាន។

ក្រុមអ្នកសង្កេតការណ៍មួយចំនួនលើកឡើងថា ក្រោយការបោះឆ្នោត ក្រុមហ៊ុនសំណង់ជាច្រើន អាចប្រឈមមុខនឹងរលក នៃការក្ស័យធន ហើយនេះជាស្ថានភាពមួយ ដែលរដ្ឋាភិបាលបច្ចុប្បន្នមានបំណងបញ្ចៀសឱ្យបាន ដើម្បីធានាជោគជ័យនៃការបោះឆ្នោត។

ប្រភពដដែលខាងលើក៏បានលើកឡើងផងដែរ អំពីក្តីព្រួយបារម្ភរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃការក្ស័យធន ដែលអាចបង្កការរីករាលដាលដល់វិស័យហិរញ្ញវត្ថុ។ក្រុមអ្នកវិភាគបានលើកឡើង ពីសេណារីយ៉ូមួយចំនួន ដែលអាចនាំទៅដល់វិបត្តិ ដូចជា កំណើននៃអចលនទ្រព្យ ដែលជាប់គាំងលក់មិនចេញ ខណៈតម្រូវការទីផ្សារដាំក្បាលចុះ រួមជាមួយនឹងបញ្ហានៃការកើនឡើងអត្រាការប្រាក់។ទោះ​ជា​យ៉ាង​ណាក្តី រដ្ឋាភិបាល​កូរ៉េខាងត្បូង បានចេញមកបដិ​សេធ​ចំពោះការ​ព្រួយ​បារម្ភ​ទាំង​នេះ។

ជាក់ស្តែង លោក Park Sang-woo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ទី២ ខែមេសា ថា “ការលើកឡើងអំពីស្ថានភាពទាំងនេះអាចត្រូវបានបំផ្លើស”។ លោកបន្ថែមថា “ក្នុងនាមខ្ញុំជាមន្ត្រីរដ្ឋាភិបាលមួយរូប ដែលមានទំនួលខុសត្រូវ យើងឯកភាពថា ទីផ្សារនឹងធ្លាក់ចុះក្នុងកម្រិតមួយសមរម្យ និងអាចគ្រប់គ្រងបាន(soft landing)”។

ប៉ុន្តែបើទោះបីជាមានការពន្យល់ ​បកស្រាយម្តងហើយម្តងទៀតពីសំណាក់រដ្ឋាភិបាលយ៉ាងណាក្តី ក៏ការព្រួយបារម្ភ និងមន្ទិលសង្ស័​យនៅតែបន្តកើតមានដដែល។

តួយ៉ាង លោក Kim Min-seok អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកនៅក្រុមហ៊ុន Cube Property ជឿជាក់ថាវិបត្តិបានចាប់ផ្តើមកើតឡើងរួចទៅហើយ នៅក្នុងទម្រង់មួយចំនួន។

លោក Kim បានគូសបញ្ជាក់ថា “សាធារណជនប្រហែលជាមិនដឹងថា ស្ថានការណ៍ធ្ងន់ធ្ងរប៉ុនណានោះទេ ព្រោះថារាល់ការក្ស័យធនទាំងអស់ មិនមែនសុទ្ធតែត្រូវបានគេរាយការណ៍ ព្រោងព្រាតពេញបណ្តាញផ្សព្វផ្សាយនោះទេ ខណៈដែលមានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានឆ្លងកាត់រួចមកហើយ”៕ប្រភព:Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here