តើអ្នកជំនាញអន្តរជាតិលើកឡើងអ្វីខ្លះពីស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ស្របពេលការព្យាករណ៍របស់រដ្ឋាភិបាល លើកំណើនសេដ្ឋកិច្ចប្រសើរជាងមុន សម្រាប់ឆ្នាំនេះ និងមានភាពមិនច្បាស់លា​ស់នៃវិស័យអចលនទ្រព្យកម្ពុជា ក្រុមអ្នកជំនាញបានបង្ហាញពីសុទិ​ដ្ឋិនិយមច្រើននៅក្នុងបរិបទនេះ។

ក្រុមអ្នកជំនាញ និងសមាជិកនៃសហគមន៍ធុរកិច្ចរបស់កម្ពុជា បានលើកឡើងអំពីទស្សនៈយល់ឃើញរបស់ខ្លួន សម្រាប់ការវិវត្តន៍នៃសេដ្ឋកិច្ច និងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ។

១ បញ្ហាប្រឈមនៅទូទាំងវិស័យស្នូល និងឧស្សាហកម្មរបស់កម្ពុជា
លោក Christophe Forsinetti ប្រធានក្រុមហ៊ុន OBOR Management បានកត់សម្គាល់ឃើញស្ថានភាពមិនអំណោយផល នៅគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមទាំងការនាំចេញ កសិកម្ម ទេសចរណ៍ និងអចលនទ្រព្យ។

ទោះជាយ៉ាងនេះក្តី លោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Capital បានអះអាងថា កម្ពុជាបានចាប់ផ្តើមបង្កើនវិធានការមួយចំនួន និងប្រទះឃើញលំហូរសាច់ប្រាក់ងាយស្រួលចូលទៅក្នុងទីផ្សារ។ ដូច្នេះហើយ លោកមើលឃើញនូវទស្សនវិស័យសុទិដ្ឋិនិយម បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក Forsinetti ក៏រំពឹងថា នៅគ្រប់វិស័យផ្សេងៗ នឹងមានស្ថានភាពប្រសើរឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាពិសេសក្នុងវិស័យទេសចរណ៍។

២ ការស្ទុះងើបឡើងវិញយឺតសន្សឹមៗពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩
ចំណែកលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅកម្ពុជា បានចាត់ទុកឆ្នាំ២០២៣ ថា ជាឆ្នាំដ៏លំបាកសម្រាប់កម្ពុជា ប៉ុន្តែវាក៏ជាឆ្នាំមួយដែលបង្ហាញថា ឧស្សាហកម្ម​មួយចំនួនមានការកម្រើកឡើងមកវិញផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត Ben Li ប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានលើកឡើងអំពីផលវិបាក ដែលពាណិជ្ជករចិនជួបប្រទះ ជាពិសេស ស្របពេលដែលសេដ្ឋកិច្ចក្នុងប្រទេសចិន មិនទាន់ងើបឡើងវិញទាំងស្រុងនៅឡើយ។ ដូច្នេះហើយ ទើបអ្នកវិនិយោគចិន ហាក់មិនទាន់ហូរចូលមកកម្ពុជាឡើងវិញ។

លោកបណ្ឌិត Stefan Hanselmann ប្រធានក្រុមហ៊ុន GIZ-ICONE ក៏បានកត់សម្គាល់ផងដែរថា “ការស្តារឡើងវិញរបស់កម្ពុជា ក្រោយជំងឺរាតត្បាត មិនចាំបាច់សម្រេចបាន ដូចដែលមនុស្សគ្រប់គ្នារំពឹងទុកនោះទេ”។

៣ ម្ចាស់ដី និងអ្នកលក់ គឺជាអ្នកជួបប្រទះបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៣
លោក Tom O’Sullivan នាយកប្រតិបត្តិ និងជានាយកនៃគេហទំព័រ Realestate.com.kh បានទទួលស្គាល់ថា ទីផ្សារអចលនទ្រព្យម្ពុជាក្នុងឆ្នាំ២០២៣ មានស្ថានភាពមិនល្អដូចអ្វី ដែលអ្នកវិភាគបានរំពឹងទុកពីមុននោះទេ។

ទោះជាយ៉ាងនេះក្តី លោក Tom O’Sullivan បានបញ្ជាក់ថា អ្នកទិញ និងអ្នកជួលនឹងទាញបានផលវិជ្ជមាន ស្របពេលដែលតម្លៃអចលនទ្រព្យនៅកម្ពុជា កាន់តែមានភាពសមរម្យ និងមាន​ភាព​ស៊ីសង្វាក់​គ្នា​ ជាមួយនឹង​ភាព​ជាក់ស្តែង​នៃ​ទីផ្សារ​ក្នុង​ស្រុក។

លោក Lawrence Lennon នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានគូសបញ្ជាក់បន្ថែមទៀតនូវការវិភាគនេះ ដោយពន្យល់ថា ការកើនឡើងនៃការផ្គត់ផ្គង់ និងការថយចុះនៃតម្រូវការ នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត បានបណ្តាលឱ្យមានស្ថានភាពលំបាក សម្រាប់ទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៣។

លោក Marc Townsend អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការិយាល័យ និងមជ្ឈមណ្ឌលលក់រាយថ្មីៗជាច្រើន បានបើកដំណើរការនៅឆ្នាំ២០២៣ ប៉ុន្តែតម្រូវការបានដាំក្បាលចុះខ្លាំង។

លោករំពឹងថា និន្នាការជាច្រើន ដែលយើងជួបប្រទះនៅឆ្នាំ២០២៣ នឹងបន្តកើតមាន ជាពិសេសដោយសារតែមិនសូវមានក្រុមហ៊ុនថ្មីៗ ចូលមកបណ្តាក់ទុននៅប្រទេសកម្ពុជា។ ដូច្នេះ អ្នកអភិវឌ្ឍន៍ការិយាល័យថ្មីៗ នឹងនៅតែពិបាកស្វែងរកអ្នកជួលដដែល។

៤សុទិដ្ឋិនិយមអំពីរដ្ឋាភិបាលថ្មី និងអនាគតរបស់កម្ពុជា
លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM Holding បានចាត់ទុកឆ្នាំ២០២៣ ថាជា “ឆ្នាំនៃការផ្លាស់ប្តូរ និងក្តីសង្ឃឹម”។

លោកក៏បានលើកឡើង ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មី ក្នុងការអភិវឌ្ឍកម្ពុជា ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្នុងតំបន់ ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់អនាគត។

លោក Hanselmann បានសម្ដែងការយល់ឃើញដូចគ្នាថា ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណថ្មី បានបង្ហាញថារដ្ឋាភិបាលកម្ពុជាកំពុងទទួលបន្ទុក ក្នុងការគ្រប់គ្រងនូវដំណើរការផ្លាស់ប្តូរ របស់ប្រទេសយ៉ាងសកម្ម។

លោក Thomas Schings អ្នកគ្រប់គ្រងជាន់ខ្ពស់នៅផ្សារហ៊ុន Royal Group Exchange (RGX) លើកឡើងថា “ក្នុងរយៈពេល៣ឬ៤ឆ្នាំចុងក្រោយនេះ  យើងជួបប្រទះស្ថានភាព ដ៏ច្របូកច្រប​ល់នៅគ្រប់ទិសទីលើពិភពលោក ពោលគឺមិនត្រឹមតែកើតឡើងនៅកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែកម្ពុជាក៏មិនបានជួបបញ្ហា និងភាពចលាចលជាច្រើន ដូចបណ្តាប្រទេសលោកខាងលិចដែរ។ ដូច្នេះខ្ញុំមានសុទិដ្ឋិ​និយមខ្លាំងចំពោះប្រទេសនេះ”។

៥ ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំនៃឱកាស និងការអភិវឌ្ឍន៍ដ៏ជោគជ័យនៅកម្ពុជា
លោក Babulal Parihar ប្រធានសភាធុរកិច្ចឥណ្ឌាប្រចាំនៅកម្ពុជា (IBCC) បានសម្តែងសុទិដ្ឋិនិយមអំពីអនាគត នៃសេដ្ឋកិច្ចរបស់កម្ពុជា ដោយលោកបានមើលឃើញ ពីការរីកចម្រើនឥតឈប់ឈរ បន្ទាប់ពីបានរស់នៅប្រទេសកម្ពុជា អស់រយៈពេលជាង៩ឆ្នាំកន្លងមកនេះ។

លោកបន្តថា “យើងមិនគួរមើលមកកម្ពុជា ត្រឹមតែជាប្រទេស ដែលមានប្រជាជន១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែយើងគួរតែសម្លឹងមើលមកកម្ពុជាថា ជាប្រទេស ដែលដើរតួនាទីយ៉ាងសំខាន់ជាច្រកចេញចូលទៅកាន់តំបន់អាស៊ានទាំងមូល ដែលមានប្រជាជនសរុបចំនួន៦០០លាននាក់”។

លោកបញ្ជាក់ទៀតថា “ខ្ញុំជឿថា មានចំណុចល្អ និងចំណុចខ្លាំងជាច្រើន ដែលយើងគួរតែផ្តោតទៅលើប្រទេសមួយនេះ។ ជាឧទា​ហរណ៍ កម្ពុជាគឺជាប្រទេសតែមួយគត់ ដែលអនុញ្ញាតឱ្យជនបរទេសអាចកាន់កាប់ភាគហ៊ុន១០០% ហើយកម្ពុជាមានទីតាំងភូមិសាស្រ្តល្អ កំពង់ផែសមុទ្រទឹកជ្រៅ និងគុណសម្បត្តិជាច្រើនផ្សេងទៀត”។

ចំណែក លោក Galliano បានសង្កត់ធ្ងន់ពីក្តីសង្ឃឹមរបស់លោកលើការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយលោកអះអាងថា   រដ្ឋាភិបាលថ្មីនេះបានដាក់ចេញនូវ “គោលនយោបាយដ៏អស្ចារ្យមួយចំនួន” ដើម្បីជំរុញឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ យ៉ាងពេញលេញនៅឆ្នាំ២០២៤នេះ។

ចំណែក លោកបណ្ឌិត Ben Li បានបន្ថែមថា  សសរស្តម្ភសំខាន់ៗទាំងអស់ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមមានអចលនទ្រព្យ ផលិតកម្ម និងកសិកម្ម នឹងងើបឡើងវិញម្តងទៀត ដោយលោកមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងជួបប្រទះ “រយៈពេល១០ឆ្នាំមាស” នាពេលអនាគតខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here