កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨ ០០០លានដុល្លារ ក្នុងត្រីមាសទី១

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្នុងរយៈពេល៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូចំនួន១៤​ នៃ​កិច្ចព្រមព្រៀង សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប/ RECP)បានប្រមាណ៨ ៣៦៤លានដុល្លារ។ ទំហំទឹកប្រាក់នេះ បានកើនឡើងក្នុងអត្រា១៤,៧២ភាគរយ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣។​

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជា មានប្រមាណ២​៦៩៥លានដុល្លារ កើនជាង ២៥,៧៦ភាគរយ។ រីឯការនាំចូលវិញពីប្រទេសដៃគូវិញមានចំនួនប្រមាណ៥ ៦៦៩លានដុល្លារ កើន១០,១៣ភាគរយ។

លោកបន្តថា ការនាំចេញរបស់កម្ពុជាភាគច្រើន ជាទំនិញចាំបា​ច់ និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប​ សម្ភារធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ។លោក​ប៉ែន សុវិជាតិ បានបញ្ជាក់ថា “នេះជាសញ្ញាវិជ្ជមានមួយគួរឱ្យមានមោទនភាព ក្នុងនាមយើងជាប្រទេសនាំចេញ នូវទំនិញចាំបា​ច់ ខណៈប្រទេសជាទីផ្សាររបស់មួយចំនួនបានរឹតត្បិត និងសន្សំសំចៃក្នុងការបញ្ជាទិញណាដែលមិនចាំបាច់”។​

កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូ ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកផងនោះ ត្រូវបានចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២ បន្ទាប់ពីចរចាអស់ជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦,២ទ្រីលានដុល្លារនេះ បានអនុញ្ញាតឲ្យកម្ពុជារួចពន្ធ លើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្ម ជាដើម។ប្រទេសដែលជាសមាជិក នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ ក្រៅពីប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន ក៏មានប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ផងដែរ។

ត្រីមាសទី១នេះកម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយប្រទេស-តំបន់ ក្នុងពិភពលោកបានជិត១២,៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន៦៣១៦,៨៤លានដុល្លារ កើន១៧,១៥ភាគរយ ខណៈការនាំចូលមានតម្លៃ៦​៣៨៩,៤០លានដុល្លា​រកើនជាង៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើរបាយការណ៍របស់អ្នកនាំពាក្យរក្រសួងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here