ដោយៈ គង់ សូរិយា
កោះកុងៈ អាជ្ញាធរខេត្តកោះកុង មន្ទីរជំនាញ និងអាជ្ញាធរស្រុកមណ្ឌលសីមា ស្រុកថ្មបាំង បានកំណត់យកភូមិចំនួន២ ដើម្បីជ្រើសរើសទៅចូលរួមកម្មវិធី ប្រកួតប្រជែងជាភូមិទេសចរណ៍ឆ្នើម របស់អង្គការទេសចរណ៍ពិភពលោក(UNWTO) ឆ្នាំ ២០២៤។
ភូមិដែលត្រូវបានជ្រើសរើសនោះ រួមមាន “ភូមិពាមក្រសោប” ស្ថិតនៅស្រុកមណ្ឌលសីមា និង “ភូមិជីផាត” ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានជ្រើសរើសយកជាភូមិបេក្ខភាព ទៅចូលរួមប្រកួតប្រជែងជាភូមិទេសចរណ៍ឆ្នើម ជាមួយនឹងភូមិទេសចរណ៍ឆ្នើមៗដទៃទៀត មកពីជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក(UNWTO)។
-->
លោកអន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅកាលពីចុងសប្តាហ៍មុនថា ការដែលសម្រេចយកភូមិចំនួន២ ខាងលើនេះ ទៅចូលរួមកម្មវិធីប្រកួតប្រជែង ជាភូមិទេសចរណ៍ឆ្នើម ដោយសារតែពិនិត្យមើលឃើញថា ភូមិពាមក្រសោប និងភូមិជីផាត ជាភូមិដ៏មានសក្ដានុពលខ្ពស់ ស្របទៅតាមលក្ខខណ្ឌចង់បាន របស់ក្រសួងទេសចរណ៍។
លោកបន្តថា “ឥឡូវនេះ អាជ្ញាធរខេត្ត មន្ទីរជំនាញ និងអាជ្ញាធរភូមិ-ឃុំ កំពុងរៀបចំផលិតជាវីដេអូស្ព៊ត តបអ្វីដែលជាគោលការណ៍លក្ខខណ្ឌតម្រូវដោយក្រសួងទេសចរណ៍ និងអង្គការទេសចរណ៍ពិភពលោក ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ហើយបញ្ជូនទៅក្រសួងទេសចរណ៍បន្តពិនិត្យសម្រេច”។
ភូមិទេសចរណ៍ឆ្នើម ដែលអាចចូលរួមជាបេក្ខភាព ក្នុងការប្រកួតប្រជែងនេះ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា -មានដង់ស៊ីតេប្រជាជនទាប និងមានប្រជាជនអតិបរមាចំនួន១៥,០០០នាក់។ -មានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានសកម្មភាពប្រពៃណីសំខាន់ៗ ដូចជា កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វ ឬ ការនេសាទជាដើម និងមានប្រពៃណី និងជីវភាពរស់នៅ ដែលកំពុងអនុវត្តដោយប្រជាជនក្នុងភូមិនោះផ្ទាល់។
ទន្ទឹមនឹងនេះ ក៏ត្រូវយោងតមសូចនាករ នៃការវាយតម្លៃក្នុងការប្រកួតប្រជែងផងដែរដូចជា ទី១ ធនធានវប្បធម៌ និងធម្មជាតិ ទី២ ការលើកកម្ពស់ និងការអភិរក្សធនធានវប្បធម៌ ៖ ភូមិប្ដេជ្ញាក្នុងការលើកកម្ពស់ និងការអភិរក្សសម្បត្តិវប្បធម៌របស់ខ្លួន ដែលមានលក្ខណៈពិតប្រាកដ និងប្លែកពីគេ។ ទី៣.ចីរភាពសេដ្ឋកិច្ច ៖ ភូមិប្ដេជ្ញាលើកកម្ពស់ចីរភាពសេដ្ឋកិច្ច ដែលគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាព សមាហរណកម្មខ្សែចង្វាក់តម្លៃ ការវិនិយោគ និងផលវិជ្ជមាន នៃវិស័យទេសចរណ៍ ទៅក្នុងសេដ្ឋកិច្ចក្នុងភូមិ។ ទី៤.ចីរភាពសង្គម ៖ តាមរយៈការជំរុញ។
ទី៥.ចីរភាពបរិស្ថាន ទី៦ ការអភិវឌ្ឍវិស័យទេសចរណ៍ ទី៧.អភិបាលកិច្ចល្អ និងអាទិភាព នៃវិស័យទេសចរណ៍ ទី៨ ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ទំនាក់ទំនង និងទី៩ សុខភាព សុវត្ថិភាព និងសន្តិសុខ ៖ ភូមិមាន ឬនៅជិតប្រព័ន្ធសុខភាព សុវត្ថិភាព និងសន្តិសុខ ដើម្បីការពារប្រជាជននៅក្នុងភូមិ ក៏ដូចជាភ្ញៀវទេសចរ៕
