ប្រទេសជប៉ុននាំមុខចិនក្លាយជាគោលដៅវិនិយោគអចលនទ្រព្យពាណិជ្ជកម្មដ៏ទាក់ទាញ សម្រាប់វិនិយោគិនបរទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីខែមីនាកន្លងទៅ ធនាគារកណ្តាលជប៉ុនបានសម្រេចដំឡើងអត្រាការប្រាក់ពី-០,១ភាគរយ ដល់០,១ភាគរយ បន្ទាប់ពីប្រទេសជប៉ុនបានអនុវត្តន៍គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន អស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់របស់ប្រជាជន។

ទោះជាយ៉ាងណាក្តី ការបញ្ចប់នូវគោលនយោបាយរូបិយវត្ថុអវិជ្ជមានរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅលើពិភពលោកមួយនេះ មិនអាចបញ្ឈប់អ្នកវិនិយោគបរទេសពីការសម្រុកទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសជប៉ុនបានឡើយ។

ក្រុមអ្នកវិភាគបានធ្វើការអះអាងបែបនេះ ដោយសំអាងថា ទីក្រុងតូក្យូ និងបណ្តាទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសជប៉ុន នៅតែជាគោលដៅទាក់ទាញសម្រាប់ក្រុមអ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសបណ្តាក់ទុននៅក្នុងផ្នែកអចលនទ្រព្យមួយចំនួន ដូចជា សណ្ឋាគារ អគារពហុគ្រួសារ និងមជ្ឈមណ្ឌលដឹកជញ្ជូនជាដើម។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានអះអាងថា ទស្សនៈនៃការយល់ឃើញរបស់វិនិយោគិន ចំពោះប្រទេសជប៉ុនគឺមានសភាពផ្ទុយដាច់ស្រឡះទៅនឹងទស្សនវិស័យសម្រាប់ប្រទេសចិន។ ទីក្រុងប៉េកាំងបានដាក់ចេញវិធានការគាំទ្រផ្សេងៗ និងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ប៉ុន្តែចិននៅតែបរាជ័យក្នុងការស្តារតម្រូវការវិនិយោគបរទេសសម្រាប់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ខ្លួន។

ចំណែក លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា “វិនិយោគិនបរទេសបន្តស្វែងរកឱកាសបណ្តាក់ទុនទៅលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសជប៉ុន ប៉ុន្តែពួកគេបែរជាប្រកាន់ជំហរប្រុងប្រយ័ត្ន នៅពេលនិយាយអំពីការវិនិយោគនៅប្រទេសចិន”។

លំហូរនៃមូលនិធិបរទេសចូលទៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានផ្លាស់ប្តូរពីប្រទេសចិនទៅកាន់ប្រទេសជប៉ុន។

ជាក់ស្តែង ក្នុងឆ្នាំ២០១៩ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលទៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងដល់ទំហំទឹកប្រាក់១២,៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងលំហូរ FDI ត្រឹមតែ៦,២ពាន់លានដុល្លារ ដែលបានហូរចូលទៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមក្រុមហ៊ុន CBRE។

ប៉ុន្តែ នៅឆ្នាំ២០២១ គម្លាតនេះបានរួមតូច ដោយប្រទេសចិនទទួលបានលំហូរ FDI ចូលទៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ខ្លួនក្នុងទំហំទឹកប្រាក់ចំនួន១០,១ពាន់លានដុល្លារ និងជប៉ុនទទួលបានក្នុងទំហំទឹកប្រាក់៦,៥ពាន់លានដុល្លារ។

នៅក្នុងឆ្នាំ២០២២ប្រទេសទាំង២ទទួលបានការវិនិយោគ ពីបរទេសស្ទើរតែស្មើគ្នា ដោយចិនទទួលបានក្នុងទំហំទឹកប្រាក់៨ពាន់លានដុល្លារ និងជប៉ុនទទួលបានក្នុងទំហំទឹកប្រាក់៧,៧ពាន់ លាន ដុល្លារ។ ចំណែក នៅឆ្នាំ ២០២៣ ជប៉ុន ទទួល បាន ក្នុងទំហំទឹកប្រាក់៥ ពាន់ លាន ដុល្លារ ហើយចិនទទួលបានក្នុងទំហំទឹកប្រាក់ត្រឹមតែ ៣,២ ពាន់លានដុល្លារប៉ុណ្ណោះ៕ប្រភព:SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here