កម្ពុជា ចិន ផ្សព្វផ្សាយជំរុញធុរកិច្ច និងវិនិយោគសម្រាប់គម្រោងសួនឧស្សាហកម្មកម្ពុជា-ចិន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម និង អនុប្រធានសភាពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានរួមគ្នាជម្រុញការផ្សព្វផ្សាយលើការធ្វើធុរកិច្ច និងការបង្កើតសួនឧស្សាហកម្មកម្ពុជា ចិន។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកស៊ាង ថៃ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ចំណែកភាគីចិនមានការចូលរួមពីលោក Liu Xiang អនុប្រធានមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូចិន ក្រោមអធិបតីភាព លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Liu Xiang អនុប្រធានមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន។

លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ពិធីនេះរៀបចំឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាន។

លោកបន្តថា ទន្ទឹមនឹងការប្រឈមមុខ នឹងបញ្ហាប្រឈមជាសាកលនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើកំណែ ទម្រង់យ៉ាងស៊ីជម្រៅ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីធានា និងរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយកម្ពុជា ទៅជាប្រទេសមួយដែលល្បីល្បាញ ដោយសារការរីកចម្រើនយ៉ាងស្វាហាប់ ការអភិវឌ្ឍសង្គម និងការគោរព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។ ជាលទ្ធផល កម្ពុជាទទួលបានសុខសន្តិភាព និងរក្សាបាននូវ ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដោយមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧% (១៩៩៨-២០១៩) និងក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាបក្នុងឆ្នាំ២០១៥។

អត្រានៃភាព ក្រីក្រត្រូវបានកាត់បន្ថយពី៤៧.៨% ក្នុងឆ្នាំ២០០៧ មកនៅក្រោម១០% ក្នុងឆ្នាំ២០១៩ ខណៈពេលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល១៧០០ដុល្លារក្នុងឆ្នាំដដែល ហើយសហគមន៍អន្តរជាតិបានដាក់ឈ្មោះប្រទេសកម្ពុជាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” ក្នុងឆ្នាំ២០១៦។

លោកស៊ាង ថៃបានបន្តថា បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។

លោកបញ្ជាក់ថា ស្របតាមចក្ខុវិស័យនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តដឹកនាំជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ “រក្សាចាស់ ពង្រីកថ្មី” ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដោយរួមបញ្ចូលនូវ “កម្មវិធីគោលនយោបាយ” និងវិធានការគន្លឹះសំខាន់ៗ ដែលបានកំណត់ទិសដៅ និងអាទិភាពនានា ក្នុងការដឹកនាំប្រទេសជាតិ ដោយឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មីក្នុងសកលលោក និងក្នុងតំបន់។

កាលពីចុងខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចធិបតី ក៏បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្នុងគោលបំណងចូលរួមចំណែកប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា តាមរយៈការដោះស្រាយបញ្ហា ដែលមានចំពោះមុខ ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផល ដែលមានស្រាប់ ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here