អ្នកជំនាញជំរុញឱ្យមានការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកសិកម្ម និងឧស្សាហកម្មក្នុងតំបន់

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងការពន្លឿនការបង្កើតផែនការមេ សម្រាប់ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា(ITC) និង ច្រករបៀងត្រី និងស្រូវ (FRC) ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារចិន។

ផែនការមេត្រូវបានបង្ហាញ បន្ទាប់ពីការបិទបញ្ចប់ដោយជោគ ជ័យនៃកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលរៀបចំឡើង ក្រោមអធិបតីភាពលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ក្នុងឱកាសជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២២ ខែមេសា នៅវិមានសន្តិភាព លោក Wang Yi បានលើកឡើងថា រដ្ឋាភិបាលចិន នឹងជំរុញឱ្យមានការបញ្ចប់ផែនការមេ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងទាំង២ ទទួលបានផ្លែផ្កាក្នុងពេលឆាប់ៗនេះ។ លើសពីនេះ លោក Wang បានមានប្រសាសន៍ឱ្យដឹងថា ប្រទេ សចិនបានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើតសហគមន៍កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី និងរួមគ្នាលើកកម្ពស់សកលភាវូបនីយកម្ម សេដ្ឋកិច្ចប្រកប ដោយសេរីភាព ការបើកចំហ ការប្រព្រឹត្តិដោយស្មើភាពគ្នា និងលើកកម្ពស់ពហុភាគីនិយម។

ជាមួយគ្នានេះ ភាគីទាំង២ ក៏បានប្តេជ្ញាធានាការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិនប្រកបដោយគុណភាពខ្ពស់ ជំរុញការនាំចេញផលិតផលកសិកម្ម របស់កម្ពុជាចូលទៅកាន់ទីផ្សារចិន និងលើកទឹកចិត្តឱ្យអ្នកធុរកិច្ចចិន កាន់តែច្រើនចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ម្យ៉ាងទៀតភាគីទាំង២ ក៏បានគូសបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវេទិកា ដូចជា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានលើកឡើងថា “ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកំពូលរបស់ប្រទេសចិនមកកាន់កម្ពុជា បានពង្រឹងការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ចំពោះការគាំទ្រមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេសកម្ពុជា”។

អ្នកជំនាញរូបនេះបន្តថា កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់បង្កើតផែនការមេ ដើម្បីអនុវត្តន៍ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងត្រី និងស្រូវ ដែលនឹងផ្លាស់ប្តូរទិដ្ឋភាពឧស្សាហកម្ម និងកសិកម្មរបស់កម្ពុជាយ៉ាងខ្លាំង តាមរយៈការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈ មណ្ឌលកសិកម្ម និងឧស្សាហកម្មក្នុងតំបន់។

លោក ឡោ វិចិត្រ បានបញ្ជាក់បន្ថែមថា “ក្រុមហ៊ុនផលិតកម្មចិន ត្រូវបានគេរំពឹងថា នឹងព្យាយាមបញ្ចៀសផលប៉ះពាល់ នៃហានិភ័យភូមិសាស្ត្រនយោបាយ មកលើអាជីវកម្មរបស់ខ្លួន នាពេលបច្ចុប្បន្ន តាមរយៈការធ្វើពិពិធកម្មចូលមកកាន់ទីផ្សារកម្ពុជា”៕ប្រភព: Khmer Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here