ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ក្រុមហ៊ុនហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណលស៊ីធីបានសម្រេចបោះទុន១០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីវិនិយោគគំរោងផ្ទះល្វែងប្រណីតថ្មីមួយ ស្ថិតក្នុងបរិវេណបុរីនេះ។
លោក Yeok Foo នាយកគម្រោងកាអភិវឌ្ឍទីក្រុងហ្គ្រេនភ្នំពេញអន្តរជាតិ បានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមានស្តីពីការចាប់ផ្តើមគំរោងនេះកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់គំរោងនេះ ជា២ដំណាក់កាល ដោយដំណាក់កាលទី១ ក្រុមហ៊ុនចំណាយទុន៥លានដុល្លារ និងដំណាក់កាលទី២នឹងវិនិយោគបន្ថែមទុន៥លានដុល្លារទៀត ហើយការបើកលក់គំរោងនេះបានបើកដាក់លក់ចាប់ពីថ្ងៃសម្ពោធតទៅ។
លោកបន្តថា “លក្ខណៈពិសេសនៃគម្រោងខាងលើត្រង់ថា នៅក្នុងបរិវេណក្រុមហ៊ុនគឺធម្មជាតិដោយ មានបឹងធម្មជាតិ មានសួនទឹក កន្លែងហាត់ប្រាណដែលមានលក្ខណៈស៊ីវិល័យ និងធំទូលាយ។
លោក Yeok Fooបានបន្តថា ស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន មិនរងផលប៉ះពាល់ដល់គំរិងអភិវឌ្ឍន៍នានាឡើយ ព្រោះអ្វីជាការព្រួយបារម្ភមានតិចតួចណាស់ ហើយបើទោះជាសេដ្ឋកិច្ចពិភពលោកមានភាពប្រែប្រួលច្រើនក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំនើនល្អប្រសើរ ដោយគ្មានបញ្ហាដូចប្រទេសដទៃ បើទោះបីជាមានគឺតិចបំផុត។
ហ្គ្រេនភ្នំពេញអន្តរជាតិបានបង្កើតឡើងនៅឆ្នាំ២០០៥ លើផ្ទៃដី២៦០ហិកតា ក្នុងនោះផ្ទៃដីចំនួន១៨៩ហិកតា សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន និង៧០ហិកតាផ្សេងទៀត ជាទីលានវាយកូនហ្គោល។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីម ដែលមានឯកទេសខាងទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបានលើកឡើងថា ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ជាមួយនឹងកំនើនតម្រូវការ និងតម្លៃកើនឡើងជាបន្តបន្ទាប់ផងដែរ ដោយសារប្រជាជនមានប្រាក់ចំណូលកើនឡើង ទន្ទឹមនឹងកំណើនប្រជាសាស្ត្រនៅក្នុងទីក្រុងជាបន្តបន្ទាប់។
លោកបន្តថា “ខ្ញុំមានភាពជឿជាក់ថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារលក្ខខ័ណ្ឌសេដ្ឋកិច្ច សង្គមមានស្ថិរភាព និងលក្ខខ័ណ្ឌនៃការផ្តល់ឥណទានពីធនាគារនានាកាន់តែមានភាពងាយស្រួល”៕