តើផែនការយុទ្ធសាស្ត្រ Made in China ឆ្នាំ២០២៥ របស់ប្រទេសចិនបានសម្រេចបានជោគជ័យដែរឬទេ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: កាលពីឆ្នាំ២០១៥ ប្រទេសចិនបានដាក់ចេញនូវផែន ការរយៈពេល១០ឆ្នាំ ប្រកបដោយមហិច្ឆតារបស់ខ្លួន ដែលមានឈ្មោះថា “Made in China ឆ្នាំ២០២៥” ដើម្បីសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯង ការច្នៃប្រឌិត និងភាពរឹងមាំ នៅក្នុងឧស្សាហកម្មផលិតកម្ម។

នៅពេលដែលផែនការនេះ ទើបតែត្រូវបានដាក់ចេញដំបូងៗ គេសង្កេតឃើញថា រថយន្តភាគច្រើន ដែលបើកបរនៅលើដងផ្លូវរបស់ប្រទេសចិន មានប្រភពមកពីក្រុមហ៊ុនផលិតរថយន្ត លោកខាងលិច ហើយលំហផ្ទៃអាកាសរបស់ចិន ត្រូវបានគ្របដណ្តប់ទាំងស្រុងដោយយន្តហោះ ដែលផលិតដោយក្រុមហ៊ុនអាមេរិក Boeing ឬក្រុមហ៊ុនអឺរ៉ុប Airbus ។

ម្យ៉ាងទៀត នៅពេលនោះ រោងចក្រជាច្រើននៅក្នុងប្រទេសចិន មិនអាចដំណើរការបានឡើយ ប្រសិនបើគ្មានការនាំចូលឧបករណ៍ម៉ាស៊ីនពីបរទេស។  បន្ទះឈីប ប្រព័ន្ធប្រតិបត្តិការ និងសូហ្វវែរនៅក្នុងកុំព្យូទ័រ និងទូរសព្ទចល័តភាគច្រើន មានប្រភពមកពីសហរដ្ឋអាមេរិក ហើយសូម្បីតែ មូលដ្ឋានទិន្នន័យ ដែលប្រើប្រាស់ដោយធនាគារ ក៏ចិនត្រូវពឹងផ្អែក លើក្រុមហ៊ុនសាជីវកម្មពហុជាតិ សម្រាប់ការសរសេរកូដ និងការជួសជុលថែទាំ។

កាលនោះ ប្រទេសចិនឈរនៅចំណាត់ថ្នាក់ទាបប៉ុណ្ណោះ បើគិតពីខ្សែសង្វាក់តម្លៃឧស្សាហកម្មសកល ដោយពេលនោះ ប្រទេសចិនត្រឹមតែអាចផលិតផលិតផល ដែលមានតម្លៃថោក និងបច្ចេកទេសដើរក្រោយគេ។

ហេតុនេះ នៅឆ្នាំ២០១៥ រដ្ឋាភិបាលចិន បានដាក់ចេញផែនការយុទ្ធសាស្ត្រ  “Made in China ឆ្នាំ២០២៥” ដើម្បីផ្លាស់ប្តូរស្ថានភាពបែបនេះ តាមរយៈការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផលិតផលិតផល ដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងមានតម្លៃខ្ពស់។

នៅក្នុង​ឆ្នាំ២០១៨ អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្យាយាម​រារាំង​ផែនការ​របស់​ចិន​ ដោយ​ការ​ចាប់ផ្តើម​សង្រ្គាម​ពាណិជ្ជកម្ម។ រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ព្រមទាំងដំឡើងពន្ធ និងធ្វើការស៊ើបអង្កេតទូទាំងប្រទេស ដើម្បីវែករកអ្នកវិទ្យាសាស្ត្រ ដែលសហការជាមួយប្រទេសចិន។

បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានឡើងកាន់តំណែងនៅឆ្នាំ២០២១ លោកបានឈានទៅមុខមួយជំហានទៀត ដោយដាក់វិធានការ ដូចជា ការហាមឃាត់មិនឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកលក់ ឬផលិតបន្ទះឈីបនៅប្រទេសចិន។

ជាក់ស្តែង ចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាមពាណិជ្ជកម្មមក រដ្ឋាភិបាលចិន បានបដិសេធសុំមិនពិភាក្សា ជាសាធារណៈអំពីផែន​ការ “Made in China ឆ្នាំ២០២៥”របស់ខ្លួនតទៅទៀតឡើយ។

ប៉ុន្តែបើផ្អែកលើសៀវភៅផ្លូវការ ដែលបានបោះពុម្ពផ្សាយ កាលពី១ទសវត្សរ៍មុន និងប្រភពផ្សេងទៀត កាសែត South China Morning Post បានដកស្រង់ចងក្រង បានជាង២៦០គោលដៅ ដែលបានស្នើឡើងពីមុននៅក្រោមផែនការនេះ។

ជាមួយគ្នានេះ យោងតាមការវិភាគបានបញ្ជាក់ឱ្យឃើញថា ចំនួនជាង៨៦ភាគរយ នៃគោលដៅទាំងនេះត្រូវបានសម្រេច ដោយខ្លះទៀត ទំនងជានឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ឬឆ្នាំក្រោយ។  ទន្ទឹមនឹងនោះ គោលដៅមួយចំនួនដូចជា រថយន្តអគ្គិសនី (EV) និង ការផលិតថាមពលកកើតឡើងវិញ ត្រូវបានសម្រេចដោយជោគជ័យ៕ប្រភព:SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here